COVID-19
ជាតិ
សេដ្ឋកិច្ច
ត្រី សាច់ ចាប់ផ្ដើមឡើងថ្លៃ!
10, Apr 2021 , 5:59 pm        
រូបភាព
ភ្នំពេញ៖ តម្លៃសាច់ជ្រូក សាច់គោ សាច់មាន់ និងត្រី នៅតាមបណ្ដាផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមឡើងថ្លៃ ខណៈតំបន់មួយចំនួន ត្រូវបានសាលារាជធានីភ្នំពេញបិទខ្ទប់។ សាច់ជ្រូកជាធម្មតា តម្លៃត្រឹម ២ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម ឡើងដល់៤ម៉ឺនរៀល, សាច់គោ តម្លៃត្រឹម ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឡើងដល់៤ម៉ឺន៥ពាន់ ឬ៥ម៉ឺនរៀលឯណោះ។ យ៉ាងណាក៏ដោយ អង្ករ គ្រឿងទេស មី ត្រីខ រួមទាំងបន្លែ នៅរក្សាតម្លៃដដែល ដោយមិនបានឡើងថ្លៃនោះទេ។ នេះបើតាមអាជីវករ។


 
ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបន្តឆ្លងរីករាលដាលយ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញ នឹងធ្វើឱ្យតំបន់មួយចំនួន ត្រូវបានបិទខ្ទប់។ ការណ៍នេះ ក៏ធ្វើឱ្យគ្រឿងឧបភោគបរិភោគមួយចំនួនឡើងថ្លៃ ពិសេសសាច់ជ្រូក សាច់គោ សាច់មាន់ និងត្រី ដែលជាអាហារចាំបាច់។
 
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ នីតា (Mak Nita)  ដែលបានទៅទិញទំនិញនៅផ្សារត្រពាំងថ្លឹង ក្នុងរាជធានីភ្នំពេញ បានបង្ហោះសារ ទាក់ទងនឹងតម្លៃត្រីសាច់ឡើងថ្លៃគុណនឹងពីរ អមដោយរូបភាពពលរដ្ឋប្រជ្រៀតគ្នា ទិញសាច់ជ្រូក។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ នីតា ប្រាប់សារព័ត៌មានថ្មីៗថា តម្លៃត្រីសាច់ ត្រូវបានឡើងថ្លៃគុណនឹងពីរ ដោយអ្នកលក់ប្រាប់ថា ពិបាកក្នុងការធ្វើដំណើរដោយសារការបិទផ្លូវ។ 
 
អ្នកស្រី រៀបរាប់យ៉ាងដូច្នេះ៖ «ព្រឹកមិញ ម៉ោង៩ជាងខ្ញុំបានទៅផ្សារ ពេលទៅដល់ ត្រីសាច់អស់សឹងគ្រប់តូប។ ហើយខ្ញុំឃើញតូបខ្លះ លើកសាច់សល់យកមកលក់ផងដែរ។ ខ្ញុំសួរគាត់ហេតុអ្វីលើកសាច់សល់មកលក់ គាត់ថាមកពីតម្រូវការរបស់អតិថិជន»។ 
 
សម្រាប់ថ្ងៃនេះ អ្នកស្រី ម៉ាក់ នីតា ទិញត្រីសាច់មិនបាននោះទេ ព្រោះអាជីវករលក់អស់ ដោយទិញបានតែបន្លែបន្តិចបន្តួច រួមនឹងបង្គាខ្លះ។ ជាមួយគ្នានេះ ទិដ្ឋភាពដណ្ដើមសាច់ជ្រូកគ្នា និងសកម្មភាពប្រជ្រៀតគ្នាទិញសាច់ជ្រូក បានដក់ជាប់កែវភ្នែកអ្នកស្រី។ «ខ្ញុំឃើញគេដណ្ដើមសាច់ជ្រូកគ្នា។ ទិដ្ឋភាពនេះ គួរឱ្យខ្លាច មិនគួរណាមានរូបភាពដល់ថ្នាក់ដណ្ដើមសាច់គ្នា ព្រោះអីផ្សារនៅភ្នំពេញមានច្រើន។ ហើយយើងមិនទាន់ដំណាក់កាលដល់ថ្នាក់ទិញបន្លែ និងត្រីសាច់ដណ្ដើមគ្នាទេ»។ នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ នីតា ដោយបន្តសំណូមពរ ដល់អាជីវករកុំឱ្យឡើងថ្លៃលើម្ហូបអាហារ និងរក្សាអនាម័យខ្លួនឯង ពាក់ម៉ាស់ និងបាញ់អាល់កុលជាប្រចាំ។ 


ពលរដ្ឋប្រជ្រៀតគ្នា ទិញត្រី និង សាច់ នៅក្នុងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមខៅ ខណ្ឌពោធិ៍សែនជ័យ  នៅព្រឹកថ្ងៃទី ១០ មេសា។ រូបភាពពីហ្វេសប៊ុក Mak Nita
 
ដោយឡែកអ្នកស្រី យឿន ណារិន ជាអាជីវករលក់ដូរនៅក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាងវិញ បានអះអាងថា តម្លៃសាច់ជ្រូក សាច់គោ និងសាច់មាន់ ពិតជាឡើងថ្លៃមែន។ អាជីវកររូបនេះ ប្រាប់ឱ្យដឹងថា៖ «ព្រឹកមិញ ខ្ញុំលក់សាច់ជ្រូក មួយគីឡូតែ២ម៉ឺន៥ពាន់រៀលទេ តែពេលខ្ញុំលក់អស់ ខ្ញុំទៅទិញនៅផ្សារ គេលក់ឡើងថ្លៃដល់៤ម៉ឺនរៀល។ សម្រាប់ខ្ញុំ ខ្ញុំលក់នៅផ្ទះតែ ៣ម៉ឺនរៀលទេ ព្រោះម៉ូយខ្ញុំលក់ឱ្យត្រឹម២ម៉ឺន៥ពាន់រៀល»។ 
 
អ្នកស្រី ណារិន មិនដឹងពីមូលហេតុនៃការឡើងថ្លៃនោះទេ ដោយអ្នកស្រីលក់តាមតែតម្លៃដែលទិញចូលប៉ុណ្ណោះ។ បើតាមអាជីវកររូបនេះ អង្ករ គ្រឿងទេស មី ត្រីខ រួមទាំងបន្លែ នៅរក្សាតម្លៃដដែល ដោយមិនបានឡើងថ្លៃនោះទេ។ 
 
គិតត្រឹមថ្ងៃទី១០ មេសានេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤០៨១ករណី ក្នុងនោះ ១៥៥៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២០៨០នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៦នាក់។
 
សូមបញ្ជាក់ថា ភ្នំពេញ គឺជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេបំផុតជាពិសេសប្រភពចេញពីផ្សារអូរឫស្សី និងរោងចក្រ ឌីន ហាន ដែលនាំឲ្យរដ្ឋបាលរាជធានីសម្រេចបិទខ្ទប់សង្កាត់២ នៅខណ្ឌមានជ័យ គឺសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៦ភូមិ (ភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រនៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹកទី១ នៃសង្កាត់កាកាបទី២) នៅខណ្ឌពោធិ៍សែនជ័យ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com