អន្តរជាតិ
ចិន ពិន័យក្រុមហ៊ុន Alibaba របស់ Jack Ma ជិតបីពាន់លានដុល្លារព្រោះរកស៊ីផ្ដាច់មុខ
× អាជ្ញាធរចិន នៅថ្ងៃទី១០ ខែមេសា បានពិន័យក្រុមហ៊ុនអនឡាញយក្ស Alibaba របស់មហាសេដ្ឋី Jack Ma ក្នុងទឹកប្រាក់ជិត៣ពាន់លានដុល្លារចំពោះការរកស៊ីផ្ដាច់មុខ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ។ ការពិន័យនេះ ធ្វើឡើងស្របពេលអាជ្ញាធរចិនបើកយុទ្ធនាការមិនធ្លាប់លើក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកធំៗដែលមានឥទ្ធិពលកាន់ខ្លាំងឡើងៗតាមរយៈការមុខជំនួញរបស់ពួកគេ ដែលត្រូវជឿថា អាចក្លាយជាការគំរាមស្រាប់បក្សកុម្មុយនីស្តចិន។
រដ្ឋបាលរដ្ឋនិយ័តករទីផ្សារ ដែលជាស្ថាប័នទទួលបន្ទុកការរកស៊ីនៅចិន បានដាក់ពិន័យរដ្ឋបាលលើក្រុមហ៊ុន Alibaba ចំនួន១៨,២ពាន់លានយ័ន (ស្មើនឹង២,៧៩ពាន់លានដុល្លារ) ចំពោះសកម្មភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្ដាច់មុខលើ Platform របស់ខ្លួន។ បើតាម Xinhua ទឹកប្រាក់ពិន័យនេះ ស្មើនឹងបួនភាគរយនៃចំណូលមកពីការលក់របស់ Alibaba ក្នុងឆ្នាំ២០១៩ ដែលមានជាង៤៥៥ពាន់លានដុល្លារ។
ការស៊ើបអង្កេត ចាប់ផ្ដើមតាំងពីខែធ្នូ ឆ្នាំ២០២០ មក ដោយដាក់គោលដៅលើការអនុវត្តកិច្ចព្រមព្រៀងរវាងក្រមហ៊ុន Alibaba ជាមួយដៃគូដែលចង់លក់ផលិតផលលើវេបសាយ។ អ្វីជាបញ្ហា គឺ Alibaba តម្រូវឱ្យលក់ផលិតផលលើវេបសាយរបស់ខ្លួនតែមួយប៉ុណ្ណោះ និងចៀសវាងការលក់លើវេបសាយរបស់គូប្រជែងរបស់ខ្លួន។
Alibaba របស់មហាសេដ្ឋី Jack Ma ជាមុខសញ្ញារបស់រដ្ឋាភិបាលប៉េកាំងក្នុងគ្រប់គ្រងវិស័យពាណិជ្ជកម្មអនឡាញដែលកំពុងរីកដុះដាលនៅចិន ពិសេសអំឡុងពេលជំងឺកូវីដ-១៩ ។ ការទំនិញតាមអនឡាញ ការកម្សាន្ត ការបង់ថ្លៃចំណាយនានា ការខ្ចីលុយ ការហៅតាក់ស៊ី និងការទាក់ទងគ្នាជាដើមសុទ្ធតែកំពុងពេញនិយមតាមអនឡាញ ដែលនាំចំណូលរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនរាប់ទាំង Alibaba ផង។
កាលពីខែតុលា ឆ្នាំ២០២០ លោក Ma បានបាត់ខ្លួនជាច្រើនសប្ដាហ៍ក្រោយលោកនិយាយរិះគន់អាជ្ញាធរចិនថា ដើរមិនទាន់សម័យកាល។ កាលនោះ អាជ្ញាធរចិនបង្ហាញក្ដីបារម្ភពាក់ព័ន្ធការជំរុញអាសេវាកម្មដោយក្រុមហ៊ុន Ant របស់ Alibaba លើការផ្ដល់កម្ចី ការគ្រប់គ្រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងជាដើម។ ចិនបារម្ភថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ធ្វើអ្វីហួសពីគោលការណ៍ដើមរបស់ខ្លួន។ ក្រោយមក Ant ក៏ត្រូវដកខ្លួនពីការចូលផ្សារហ៊ុន ហើយស្ថិតក្រោមឃ្លាំមើលថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com