COVID-19
អន្តរជាតិ
WHO៖ វ៉ាក់សាំងរបស់ Sinopharm និង Sinovac ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ
10, Apr 2021 , 9:59 pm        
រូបភាព
លោក Rogerio Pinto de Sa Gaspar ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែមេសា។ រូបថតកាត់ចេញពីវីដេអូក្នុង Youtube របស់ WHO
លោក Rogerio Pinto de Sa Gaspar ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែមេសា។ រូបថតកាត់ចេញពីវីដេអូក្នុង Youtube របស់ WHO
វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm និង Sinovac ស្ថិតក្នុងដំណាក់កាលវាយតម្លៃចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) ។ មន្ត្រី WHO បញ្ជាក់បែបនេះនៅថ្ងៃទី៩ ខែមេសា ដោយបន្ថែមថា វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរ អាចត្រូវបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅចុងខែមេសា ឬដើមខែឧសភាខាងមុខក្រោយការវាយតម្លៃរួចរាល់។

 
មកទល់ពេលនេះ មានតែវ៉ាក់សាំងបីប៉ុណ្ណោះដែលត្រូវបានបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់អង្គការសុខភាពពិភពលោក។ វ៉ាក់សាំងទាំងបីមានមួយអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Pfizer និង BioNTech, វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅឥណ្ឌា និងកូរ៉េខាងត្បូង និងវ៉ាក់សាំងចាក់មួយដូសរបស់ Johnson & Johnson ។ 
 
បច្ចុប្បន្ន WHO កំពុងវាយតម្លៃវ៉ាក់សាំងមួយចំនួនទៀតរាប់បញ្ចូលវ៉ាក់សាំងពីររបស់ក្រុមហ៊ុនចិន Sinopharm និង Sinovac ផងដែរ។ លោក Sergorio Pinto de Sa Gaspar នាយកផ្នែកបទបញ្ញត្តិ និងបុរេគុណវុឌ្ឍិ (Prequalification) របស់ WHO និយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែមេសា ថា វ៉ាក់សាំងក្រុមហ៊ុន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការវាយតម្លៃ ហើយការសម្រេចចិត្តចុងក្រោយអាចធ្វើនៅថ្ងៃទី២៦ ខែមេសា ឬទី៣ ខែឧសភា។
 
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងការវិវត្តនៃការវាយតម្លៃលើវ៉ាក់សាំងរបស់ចិន លោក de Sa Gaspar លើកឡើងថា WHO បានកោះប្រជុំក្រុមប្រឹក្សាផ្ដល់យោបល់បច្ចេកទេសលើការវាយតម្លៃវ៉ាក់សាំងនៅថ្ងៃទី២៦ ខែមេសា ហើយយ៉ាងហោចណាស់វ៉ាក់សាំងមួយក្នុងចំណោមទាំងពីរ អាចត្រូវបានវាយតម្លៃនៅពេលនោះ។    
 
«ប្រសិនបើគ្មានវ៉ាក់សាំងណាមួយមិនអាចឆ្លងផុតនៅថ្ងៃទី២៦ ខែមេសា យើងមានផែនការប្រជុំក្រុមប្រឹក្សាម្ដងទៀតនៅសប្ដាហ៍ថ្ងៃទី៣ ខែឧសភា។» លោក de Sa Gaspar បន្តបែបនេះ ហើយបន្ថែមថា ចន្លោះពេលពីរសប្ដាហ៍ ការសម្រេចចិត្តណាមួយអាចនឹងកើតមានសម្រាប់វ៉ាក់សាំងទាំងពីរ។ ក្នុងករណីត្រូវបញ្ចូលក្នុងបញ្ជី EUL វ៉ាក់សាំងរបស់ Sinopharm និង Sinovac ក៏ត្រូវបញ្ចូលក្នុងការបញ្ជីរបស់យន្តការ COVAX ដើម្បីចែកចាយឱ្យប្រទេសក្រីក្រផងដែរ។
 
ដ្បិតមិនទាន់ទទួលការអនុញ្ញាតក្ដី វ៉ាក់សាំងរបស់ក្រុមហ៊ុន ត្រូវបានចែកចាយ និងប្រើប្រាស់នៅប្រទេសជាច្រើនរួចស្រេចទៅហើយ៕

Tag:
 WHO
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com