ជាតិ
វិធានការកម្ចាត់ដង្កូវស៊ីញ៉េ និងដង្កូវស៊ីរូងសណ្ដែក លើដំណាំ
10, Apr 2021 , 10:29 pm        
រូបភាព
រូបភាព Capture ពីសៀវភៅបទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ របស់ក្រសួងកសិកម្ម
រូបភាព Capture ពីសៀវភៅបទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ របស់ក្រសួងកសិកម្ម
ដោយ៖ ស៊ុល រ៉វី
 
ការដាំដុះបន្លែតែងតែ ត្រូវបានយាយីបំផ្លាញ ដោយពពួកសត្វល្អិត បង្កផលប៉ះពាល់ដល់ការលូតលាស់ និងផលដំណាំរបស់ប្រជាកសិករ។ ថ្ងៃនេះសារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត នឹងលើកយកវិធានការការពារ និងកម្ចាត់សត្វល្អិតចំនួនពីរប្រភេទ គឺដង្កូវស៊ីញ៉េ  និងដង្កូវស៊ីរូងសណ្ដែក ដកស្រង់ចេញពីសៀវភៅ បទដ្ឋានអនុវត្តបច្ចេកវិទ្យា សួនបន្លែគ្រួសារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


 
ដង្កូវស៊ីញ៉េ ឬហៅម្យ៉ាងទៀតដង្កូវផែនទី (Leaf miner) ដង្កូវប្រភេទនេះមានមាឌតូច បង្កកំណើតពីរុយតូចៗ ដូចទៅនឹងមមង់ផ្ទះបាយ ដោយវាពងបញ្ចូលទៅក្នុងបន្ទះស្លឹកដំណាំដូចជា ប៉េងប៉ោះ តាសក់ចំណារ សណ្ដែកទ្រើង ត្រឡាច ននោងជ្រុង ននោងសាញ ឪឡឹក ជាពិសេសនៅរវាងខែមករា ដល់ខែមេសា រហូតដល់ពេលមានភ្លៀងធ្លាក់ជោកជាំ ទើបដង្កូវប្រភេទនេះឈប់ស៊ីបំផ្លាញ។ ការបំផ្លាញនៃប្រភេទដង្កូវនេះ គឺវាស៊ីពីផ្នែកស្លឹកខាងក្រោម ឡើងមកលើស្លឹក បង្កឲ្យដំណាំស្ងួតស្លឹក បង្អាក់ការលូតលាស់។
 
ចំពោះវិធានការការពារ និងកម្ចាត់ លើពពួកដង្កូវស៊ីញ៉េនេះ កសិករត្រូវព្យាយាមពិនិត្យរករុយដែលបង្កជាដង្កូវប្រភេទនេះ នៅលើផ្ទៃស្លឹក ពេលស្ងួត ចន្លោះពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ព្រោះជាពេលដែលរុយនេះវាចេញបន្តពូជ។ ក្នុងករណីបើមានរុយនេះច្រើនក្នុងរយៈពេល ២ទៅ ៣ថ្ងៃ ចេញមកបំផ្លាញ យើងត្រូវកាត់ស្លឹកក្រោម យកទៅដុតចោល និងព្យាយាមបាញ់ទឹកពេលថ្ងៃលើស្លឹកដំណាំ ឲ្យមានសំណើម។ ការធ្វើដូចនេះអាចកាត់បន្ថយការបំផ្លាញបានច្រើន។
 
ដោយឡែក ដង្កូវស៊ីរូងកួរសណ្ដែក (Bean pod borer) ជាប្រភេទដង្កូវដែលកសិករជាច្រើនក្នុងតំបន់អាស៊ីកំពុងប្រទះ ដោយវាបំផ្លាញសណ្ដែកក្នុងវគ្គចេញផ្កា នៅពេលមេអំបៅពងដាក់លើកញ្ចុំផ្កា។ ពេលដែលពងនោះញាស់ជាកូនដង្កូវ រួចចោះចូលទៅស៊ីក្នុងផ្កា បណ្ដាលឲ្យផ្កាជ្រុះ និងស៊ីក្នុងកួរសណ្ដែក ពេលសណ្ដែកចេញជាកួរ។ 
 
ចំណែកវិធានការការពារ និងកម្ចាត់វិញ កសិករត្រូវដំាសណ្ដែករង្វើល ឯចំនួនដាំក្នុងមួយគុម្ពទៀតសោត មិនត្រូវដំាលើសពី ២ឬ៣ដើមនោះឡើយ។ នៅពេលសណ្ដែកលូតលាស់មានស្លឹកទ្រុប ឬវាររុំផុតទ្រើង កសិករត្រូវកាត់ទងនោះចេញ និងកាត់រលេះស្លឹកក្រោមៗចោលមួយភាគ ការធ្វើបែបនេះធ្វើឲ្យសណ្ដែកអាចមានផ្កា និងកួរច្រើន។ ម្យ៉ាងទៀតយើងអាចលែងអង្រ្កង ទៅក្នុងគុម្ពសណ្ដែក ដើម្បីឲ្យវាចាប់ស៊ីដង្កូវ៕
 

Tag:
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  ដង្កូវស៊ីញ៉េ
  ដង្កូវស៊ីរូងសណ្ដែក
© រក្សាសិទ្ធិដោយ thmeythmey.com