COVID-19
ជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជា កើនដល់២៩នាក់
11, Apr 2021 , 10:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ យ៉ាងហោចមានអ្នកជំងឺ ៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃសៅរ៍ ទី១០ ខែមេសា ដែលធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺដ៏នេះ កើនដល់ ២៩នាក់ហើយ គិតត្រឹមថ្ងៃទី១១ មេសា។ ក្នុងនោះអ្នកជំងឺកូវីដ-១៩ ៤នាក់ទៀត បានស្លាប់ដោយសារជំងឺផ្សេង។ នេះបើតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១១ មេសា ។

 
បើតាមក្រសួងសុខាភិបាល ស្ថានភាពជំងឺអ្នកទាំង៣នាក់ មានភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមិនជួយសង្គ្រោះបាន បណ្ដាលឲ្យអ្នកជំងឺទាំង៣ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១០ មេសា ឆ្នាំ២០២១។ ក្នុងនោះមានស្រ្តីជនជាតិខ្មែរអាយុ ៧២ឆ្នាំម្នាក់ បុរសជនជាតិខ្មែរអាយុ ៣៦ឆ្នាំម្នាក់ និងបុរសជនជាតិខ្មែរអាយុ ៤៨ឆ្នាំម្នាក់។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល។  
 
ភ្នំពេញ គឺជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេបំផុត ជាពិសេស ប្រភពចេញពីផ្សារអូរឫស្សី និងរោងចក្រ ឌីនហា ដែលនាំឲ្យរដ្ឋបាលរាជធានី កាលពីថ្ងៃទី៩ មេសា បានសម្រេចបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ នៃខណ្ឌមានជ័យ។ បិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងភូមិចំនួន ៦ នៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែក កាលពីយប់ថ្ងៃទី១០ មេសា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិចំនួន ៣ទៀត នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ គឺភូមិទ្រា៤ , ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩។ 
 
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com