COVID-19
ជាតិ
ហាមលក់គ្រឿងស្រវឹងគ្រប់រូបភាព រយៈពេល១៤ថ្ងៃ នៅភ្នំពេញ
11, Apr 2021 , 2:57 pm        
រូបភាព
ភ្នំពេញ៖ រាជធានីភ្នំពេញ បានហាមប្រាម ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅគ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ។នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបន្តណែនាំឱ្យម្ចាស់អាជីវកម្មទាំងនេះ  ផ្អាកទទួលអតិថិជនឱ្យចូលទទួលទាន ក្នុងបរិវេណទីតាំងរបស់ខ្លួនផងដែរ។


រដ្ឋបាលរាជធានីភ្នំពេញ ហាមលក់តែគ្រឿងស្រវឹងប៉ុណ្ណោះ ដែលបន្តថា ប៉ុន្តែអាជីវកម្មដ្ឋាន នៅអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។ លោក មេត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗថា ការហាមប្រាមលក់គ្រឿងស្រវឹងនេះ គឺសំដៅគ្រប់រូបភាព ទោះជាមានការបញ្ជាទិញតាមអនឡាញ ពីអតិថិជនក៏ដោយ។ ចំណែកការលក់លក្ខណៈខ្ចប់ចំណីអាហារ និងសម្ភារផ្សេងៗ អាចធ្វើឡើងជាធម្មតា។ លោក មេត មាសភក្តី បញ្ជាក់ដូច្នេះ៖ «ករណីគ្រឿងស្រវឹង មួយ ហាមមិនឱ្យលក់ ក្នុងរយៈពេល១៤ថ្ងៃហ្នឹង គ្រប់រូបភាពទាំងអស់»។  
 
សេចក្ដីណែនាំនេះ ធ្វើឡើងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថា មានប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន នៅតែបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំ និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង។  
 
ករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋានណាមិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយបើសិននៅបន្តបំពាន ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ។ នេះបើតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប ៤ ២៣៨ករណី ក្នុងនោះ ៣ ៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ បច្ចុប្បន្នកម្ពុជា មានអ្នកជំងឺ ២ ០៥២នាក់ ក្នុងនោះអ្នកជំងឺចំនួន ១ ០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕ 
 

Tag:
 ស្រា
  គ្រឿងស្រវឹង
  ភ្នំពេញ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com