ជាតិ
ក្រសួងវប្បធម៌ព្រមានចាត់វិធានការលើសិល្បករ អៀរឡង់ម្នាក់ដែលកែរូបអ្នកទោសទួលស្លែងឱ្យញញឹម
11, Apr 2021 , 3:57 pm        
រូបភាព
រូបថតខ្លោងទ្វារសារមន្ទីរទួលស្លែង និងរូបថតតូចៗ២សន្លឹក ជារូបថតដែលសិល្បករជនជាតិអៀរឡង់បានកែទៅជាញញឹម
រូបថតខ្លោងទ្វារសារមន្ទីរទួលស្លែង និងរូបថតតូចៗ២សន្លឹក ជារូបថតដែលសិល្បករជនជាតិអៀរឡង់បានកែទៅជាញញឹម
រូបថតអ្នកទោសនៃមន្ទីរសន្តិសុខ ស-២១ ដែលញញឹម ហើយត្រូវបានបង្ហោះនៅលើបណ្ដាញព័ត៌មានឌីជីថលរបស់អាមេរិក និងកាណាដាមួយឈ្មោះ VICE កាលពីថ្ងៃទី៩ ខែមេសានេះ បានកំពុងធ្វើឱ្យពលរដ្ឋខ្មែរមិនសប្បាយចិត្តឡើយ។ ក្រសួងវប្បធម៌ព្រមានប្រើច្បាប់ជាតិ និងអន្តរជាតិប្រឆាំងនឹងសិល្បករអៀរឡង់។

 
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានព្រមានឱ្យសិល្បករជនជាតិអៀរឡង់ និងសារព័ត៌មាន VICE លុបរូបថតអ្នកទោសគុកទួលស្លែងកែច្នៃចេញពីប្រព័ន្ធផ្សព្វផ្សាយវិញ មុននឹងកម្ពុជាចាត់វិធានការផ្លូវច្បាប់លើពួកគេ។ សេចក្តីព្រមានត្រូវបានធ្វើឡើងជាសាធារណៈតាមរយៈសេចក្តីជូនដំណឹងមួយរបស់ក្រសួងវប្បធម៌ដែលត្រូវបានចេញផ្សាយនារសៀលថ្ងៃទី១១ខែមេសានេះ។
 
នៅក្នុងសេចក្តីជូនដំណឹងនោះ គេអាចអានបានថា៖«ក្រសួងមិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើ គឺធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ។»។ សេចក្តីជូនដំណឹងសរសេរបន្តយ៉ាងដូច្នេះ៖«ក្រសួងសូមអំពាវនាវឱ្យឈ្មោះ Matt Loughrey និងបណ្ដាញសារព័ត៌មាន VICE លុបរូបទាំងអស់នេះចេញពីបណ្ដាញព័ត៌មានរបស់ខ្លួន និងសំណូមពរដល់អ្នកស្រាវជ្រាវ វិចិត្រករ និងសាធារណជនកុំប្រើប្រាស់រូបថតក្នុងន័យខុសពីការពិតនៃបរិបទប្រវត្តិសាស្ត្រ ព្រមទាំងគោរពចំពោះជនរងគ្រោះ»។
 
លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា មន្ត្រីជំនាញនៃក្រសួងវប្បធម៌នឹងផ្ញើសេចក្តីជូនដំណឹងនេះទៅជនជាតិអៀរឡង់នោះផ្ទាល់តែម្តង។
 
ពលរដ្ឋខ្មែរបានដឹងព័ត៌មាននេះ ពីការចុះផ្សាយរបស់សារព័ត៌មានVICE ដែលបានសម្ភាសលោក Matt Loughrey អំពីការងារនេះ។ ប្រធានសារមន្ទីរគុកទួលស្លែង លោក ហង្ស និស្ស័យ ដែលបានធ្វើរបាយការណ៍ស្តីពីការចេញផ្សាយរូបថតអ្នកទោសញញឹមនេះ ទៅក្រសួងវប្បធម៌បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា លោកមិនដែលស្គាល់សិល្បករអៀរឡង់ ហើយមិនដែលបានទទួលការធ្វើទំនាក់ទំនងជាផ្លូវការណាមួយឡើយ ដូចសិល្បករអៀរឡង់បាននិយាយនៅក្នុងសារព័ត៌មាន VICE នោះទេ។ លោក ហង្ស និស្ស័យ បានប្រតិកម្មយ៉ាងដូច្នេះ៖«ក្នុងនាមជាប្រធានសារមន្ទីរទួលស្លែង យើងមិនអាចទទួលយកបានទេ ព្រោះការប្រើប្រាស់រូបភាពនេះ ផ្ទុយពីធាតុពិតនៃប្រវត្តិសាស្រ្ត។ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ។ រូបថតនៅទួលស្លែងត្រូវបានថតក្រោមការគំរាមកំហែង ការធ្វើទារុណកម្មពីសំណាក់ខ្មែរក្រហម អំឡុងពេលដែលថតរូប។»។
 
អ្នកនាំពាក្យនៃសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា វិញយល់ស្របជាមួយប្រតិកម្មរបស់ប្រធានសារមន្ទីរទួលស្លែងដែរ។ លោក បានអធិប្បាយប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១១មេសានេះថា សកម្មភាពរបស់សិល្បករអៀរឡង់ គឺជាទង្វើអសីលធម៌ និងជាការប្រមាថចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះផង និងកំពុងធ្វើឱ្យមានមន្ទិលផងទៅលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមនោះ។
 
លោក នេត្រ ភក្ត្រា បានពន្យល់យ៉ាងដូច្នេះ៖«ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងគុកទួលស្លែងគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម។ អ្នកទទួលខុសត្រូវខ្ពស់ និងមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ដែលជាអ្នកទទួលខុសត្រូវលើគុកសម្ងាត់នេះក៏ត្រូវបានតុលាការខ្មែរក្រហមរកឃើញថាមានពិរុទ្ធ និងត្រូវបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតផងដែរ។ តុលាការ បានហៅមន្ទីរសន្តិសុខស-២១ ថាជារោងចក្រ សម្លាប់មនុស្សរបស់ខ្មែរក្រហមថែមទៀតផង។ ដូច្នេះគេមិនអាចយករឿងរ៉ាងដ៏សោកសង្រេងរបស់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេមកលេងសើច និងកែប្រែរូបភាពខុសពីរឿងរ៉ាវពិតនេះឡើយ។»។
 
ការចេញផ្សាយអំពីការកែប្រែរូបថតកាឡៃនេះ កើតឡើងតែប៉ុន្មានថ្ងៃមុនពលរដ្ឋកម្ពុជាត្រូវរំឭកថ្ងៃចងចាំ១៧មេសា១៩៧៥ ដែលជាថ្ងៃឡើងកាន់អំណាចនៃមេដឹកនាំប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ជីវិតដោយទារុណកម្ម ស្រេកឃ្លាន និងការធ្វើទុក្ខបុកម្នេញជាច្រើនទៀត អស់ជាង៣លាននាក់។
 
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន VICE លោក Matt បានឆ្លើយថា មានមនុស្សម្នាក់ពីប្រទេសកម្ពុជាដែលទំនងជាអតីតជនរងគ្រោះនៃអតីតមន្ទីរសន្តិសុខស-២១នោះ ដែលបានទាក់ទងលោកឱ្យធ្វើរូបបែបនេះ។ ត្រង់ចំណុចនេះ ប្រធានសារមន្ទីរទួលស្លែងបានបញ្ជាក់ថា លោកមិនអាចជឿពាក្យអះអាងរបស់សិល្បករអៀរឡង់នោះឡើយ។
 
លោក និស្ស័យ សន្និដ្ឋានថា៖ «ទីមួយ បើតាមខ្ញុំពិនិត្យមើលទៅ រូបថតទាំងនោះ គាត់យកពីវេបសាយរបស់សារមន្ទីរដោយគ្មានការសុំអនុញ្ញាត ដែលយើងមិនអាចទទួលយកបានឡើយ។ ទីពីរ បើនិយាយពីជនរងគ្រោះ យើងទទួលស្គាល់ជាផ្លូវការនូវជនរងគ្រោះ១១នាក់ដែលប្រកាសដោយសាលាក្តីខ្មែរក្រហម ហើយដែលបច្ចុប្បន្ននៅរស់រានមានជីវិតតែ៣នាក់ប៉ុណ្ណោះ គឺលោក ជុំ ម៉ី លោក ប៊ូ ម៉េង និងលោក នង ចាន់ផល។»។ 
 
សូមបញ្ជាក់ថា ក្រោមជំនួយរបស់ទីភ្នាក់ងារ KOICAរបស់កូរ៉េ សារមន្ទីរទួលស្លែងបានថតឯកសាររបស់អតីតគុកទទួលស្លែងទាំងអស់ជាទម្រង់ ឌីជីថល ដែលក្នុងនោះមាន រូបថតជាង៧០០០សន្លឺក និងហ្វិលជិត៨០០០សន្លឹកផ្សេងទៀត។ 
 
សកម្មភាពរបស់សិល្បករអៀរឡង់ អាចត្រូវបានចោទប្រកាន់ដោយច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យទៀតផង។ ច្បាប់នេះត្រូវបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១៣៕

Tag:
 សារមន្ទីរទួលស្លែង
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com