COVID-19
អន្តរជាតិ
មិនធ្លាប់មាន! ថៃមានករណីវិជ្ជមានប្រចាំថ្ងៃជិតមួយពាន់នាក់
11, Apr 2021 , 4:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ជាលើកដំបូងតាំងពីការផ្ទុះជំងឺកូវីដ-១៩ មក ថៃរកឃើញករណីឆ្លងថ្មីជិតមួយពាន់នាក់នៅរយៈពេល២៤ម៉ោងចុងក្រោយ។ នៅថ្ងៃទី១១ ខែមេសា ថៃរាយការណ៍ករណីវិជ្ជមានថ្មីដល់ទៅ៩៦៧នាក់ដែលភាគច្រើនរកឃើញនៅរាជធានីបាងកកក្នុងចង្កោមដែលពាក់ព័ន្ធកន្លែងកម្សាន្តពេលរាត្រី។

 
ក្នុងចំណោមករណីថ្មីទាំង៩៦៧នាក់ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅថ្ងៃ មានបីករណីជាករណីនាំចូល ឯករណីវិជ្ជមាន៩៦៤នាក់ទៀត ត្រូវរកឃើញនៅតាមមន្ទីរពេទ្យ និងការធ្វើតេស្តទូទាំងប្រទេស។ មិនមានរបាយការណ៍អ្នកស្លាប់ឡើយសម្រាប់ថ្ងៃទី១០ ខែមេសា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមាន៩៧ដដែល។ តួលេខឆ្លងសរុបនៅថៃមានជាងបីម៉ឺននាក់។    
 
សម្រាប់របាយការណ៍២៤ម៉ោងចុងក្រោយទីក្រុងបាងកក ដែលកំពុងរងការវាយប្រហារដោយការឆ្លងជាចង្កោមចេញពីក្លិបកម្សាន្តនោះ មានករណីឆ្លងច្រើនជាងគេ ជាមួយករណីថ្មី២៣៦នាក់, ខេត្តឈៀងម៉ៃមាន១៨៩ករណី ជលបុរីមាន១៨០ករណី និងសមុទ្រសាគរ៤៨ករណីផងដែរ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
 
លោក Sophon Iamsirithaworn នាយករងនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ថៃ លើកឡើងថា ករណីឆ្លងភាគច្រើនជាប់ទាក់ទងចង្កោមដែលផ្ទុះចេញពីកន្លែងកម្សាន្តមួយចំនួនក្នុងទីក្រុងបាងកក ហើយរាលដាលដល់បណ្ដាខេត្តនានា។ លោកចាត់ទុកស្ថានភាពបច្ចុប្បន្ន ជារឿងគួរឱ្យបារម្ភ ខណៈករណីឆ្លងជាច្រើន ក៏កើតចេញពីក្លិបកម្សាន្តតាមខេត្តថែមទៀត។
 
សម្រាប់ទីក្រុងបាងកក អភិបាលទីក្រុងនេះលោក Aswin Khwanmuang ជឿជាក់ថា មន្ទីរពេទ្យក្នុងក្រុងមានគ្រែគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺ ខណៈករណីឆ្លងដែលផ្ដើមចេញពីកន្លែងកម្សាន្តក្នុងខណ្ឌ Thong Lor កើនឡើងរហ័ស។ លោកបន្តថា រដ្ឋបាលក្រុង មានមន្ទីរចល័តត្រៀមព្យាបាលអ្នកជំងឺ ដែលសាងសង់តាំងពីរលកឆ្លងទីមួយមក៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com