អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍
11, Apr 2021 , 5:59 pm        
រូបភាព
ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ បានកើតឡើងឥតដាច់។ បញ្ហានយោបាយនៅមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏ក្តៅប្រចាំសប្តាហ៍ ស្របពេលសហគមន៍អន្តរជាតិដាក់សម្ពាធលើរបបសឹកកាន់តែខ្លាំងឡើង។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាកោះតៃវ៉ាន់ ក៏ហាក់ឡើងកម្តៅផងដែរ រវាងទីក្រុងប៉េកាំង និងក្រុងតៃប៉ិ ទោះពិភពលោកស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ ក្តី។

 
ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍៖
 
ថ្ងៃទី៥ ខែមេសា
 
សភាវៀតណាម បានបោះឆ្នោតជ្រើសតាំងលោក ង្វៀន សួនហ៊្វុក ឱ្យធ្វើជាប្រធានាធិបតីថ្មី និងជ្រើសតាំងលោក ផាម មិញឈិញ ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិ៥ឆ្នាំ។ 
 
ព្រុយណេ ដែលជាប្រធានអាស៊ាន ប្រាប់ឱ្យមន្រ្តីរបស់ខ្លួនរៀបចំកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះ នឹងជជែកពីបញ្ហាជាច្រើន ដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។
 
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឱ្យលោកអាចកាន់តំណែងជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០៣៦។
 
ថ្ងៃទី៦ ខែមេសា
 
រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian បានអះអាងថា សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មរួមបន្ថែមទៀតលើក្រុមហ៊ុន ដែលពាក់ព័ន្ធយោធាមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងការបង្រ្កាបបាតុកម្ម ប៉ុន្តែរុស្ស៊ីព្រមានថា ទណ្ឌកម្មមកលើរបបសឹកនឹងធ្វើឱ្យស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ថែមទៀត និងអាចឈានដល់សង្រ្គាមស៊ីវិល។
 
អតីតមន្រ្តីរដ្ឋាភិបាលចិនពីររូប ដែលជាជនជាតិវីហ្គ័រនៅតំបន់ស៊ីនជាំង ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយត្រូវចោទពីបទ  «បំបែកទឹកដី»។ ទោសប្រហារជីវិតនេះ ត្រូវពន្យារការអនុវត្តរយៈពេលពីរឆ្នាំ។ 
 
ថ្ងៃទី៧ ខែមេសា
 
ប្រមុខការទូតតៃវ៉ាន់ Joseph Wu បានប្រកាសតាំងចិត្តជាថ្មីរបស់តៃវ៉ាន់ដែលមិនរារែកក្នុងការប្រយុទ្ធដល់ទីបញ្ចប់ បើចិនឈ្លានពានដែនកោះមួយនេះនៅថ្ងៃណាមួយ។ 
 
មន្ត្រីអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំអង់គ្លេស បានចូលកាន់កាប់អាគារស្ថានទូតប្រទេសនេះប្រចាំទីក្រុងឡុងដ៍ និងទុកឱ្យអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង់គ្លេស លោក Kyaw Zwar Minn នៅក្រៅស្ថានទូត។ 
 
ថ្ងៃទី៨ ខែមេសា
 
ឥណ្ឌូណេស៊ី បានលើកឡើងថា ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ប្រមាណ១០០លានដូស ប្រឈមនឹងការពន្យារពេល។ បញ្ហានេះ នឹងធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំង ត្រូវរាំងស្ទះ។
 
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាត់វិធានការកាន់តែខ្លាំងទៀតលើរឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេស ហើយថែមទាំងប្រមូលចានផ្កាយរណបតាមផ្ទះប្រជាជន និងហាងនានាទៀត ដោយចាត់ទុកឧបករណ៍ទាំងនោះជាវត្ថុខុសច្បាប់។ 
 
ថ្ងៃទី៩ ខែមេសា
 
ព្រះអង្គម្ចាស់ ហ្វីលីព ដែលជាព្រះស្វាមីរបស់មហាក្សត្រីអង់គ្លេស អេលីហ្សាបែតទី២ បានសោយទិវង្គតក្នុងព្រះជន្ម៩៩ព្រះវស្សា ។
 
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន បានសេចក្ដីណែនាំថ្មីដែលបន្ធូរបន្ថយការរឹតត្បិតលើទំនាក់ទំនងជាមួយមន្ត្រីតៃវ៉ាន់ បើទោះជាចិនទាមទារឱ្យអាមេរិកប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយឱ្យគត់មត់ក្ដី។
 
ថ្ងៃទី១០ ខែមេសា
 
អាជ្ញាធរចិន បានពិន័យក្រុមហ៊ុនអនឡាញយក្ស Alibaba របស់មហាសេដ្ឋី Jack Ma ក្នុងទឹកប្រាក់ជិត៣ពាន់លានដុល្លារចំពោះការរកស៊ីផ្ដាច់មុខ។ 
 
វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm និង Sinovac ស្ថិតក្នុងដំណាក់កាលវាយតម្លៃចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) ។ វ៉ាក់សាំងរបស់ក្រុមហ៊ុនទាំងពីរ អាចត្រូវបញ្ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅចុងខែមេសា ឬដើមខែឧសភាខាងមុខក្រោយការវាយតម្លៃរួចរាល់។
 
ថ្ងៃទី១១ ខែមេសា
 
មនុស្សចំនួនជាង៧០លាននាក់នៅអាមេរិក ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញ។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក (CDC) ។ អាមេរិក ដែលរងគ្រោះធ្ងន់ជាងគេដោយសារជំងឺនេះ សម្រុកចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនជាមួយវ៉ាក់សាំងបីប្រភេទ៕
 

Tag:
 វៀតណាម
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com