COVID-19
ជាតិ
ពលរដ្ឋជិត១លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
11, Apr 2021 , 7:29 pm        
រូបភាព
ពលរដ្ឋកំពុងរង់ចាំទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ពលរដ្ឋកំពុងរង់ចាំទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ដោយ:
ភ្នំពេញ៖ ពលរដ្ឋអាទិភាព និងកងកម្លាំងប្រដាប់អាវុធ ចំនួន ៩៧២ ០២៨នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គិតត្រឹមថ្ងៃទី១០ មេសា។ ក្នុងនោះពលរដ្ឋអាទិភាពដែលបានចាក់មាន ចំនួន ៧៤០ ៧៩២នាក់ និងកងកម្លាំងយោធាមានចំនួន ២៣១ ២៣៦នាក់។ នេះបើតាមរបាយការណ៍ផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នៅថ្ងៃទី១០ មេសា ឆ្នាំ២០២១។

 
ដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់ពលរដ្ឋ កាលពីពេលកន្លងទៅរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋ១លាននាក់ ក្នុងរយៈពេល១ខែ ដោយយុទ្ធនាការនេះ បានចាប់ផ្តើមតាំងពីដើមខែមេសាមកម្ល៉េះ។ ជាមួយគ្នានេះ នៅថ្ងៃទី១១មេសានេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹតដាក់ជាកាតព្វកិច្ចក្នុងការទទួលចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មន្ត្រីរាជការសារធាណៈ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ 
 
នាឱកាសថ្លែងសារពិសេសកាលពីព្រឹកថ្ងៃទី១០ មេសា ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដែរថា តាមផែនការ វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨លានដូស នឹងត្រូវដឹកមកដល់កម្ពុជាជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ ក្នុងនោះវ៉ាក់សាំងចំនួន ៥០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី១៧ មេសាខាងមុខ។ នោះ វ៉ាក់សាំង ប្រមាណ ៧,៥លានដូសទៀត នឹងដឹកជាបន្តបន្ទាប់មកកម្ពុជា នៅចន្លោះខែឧសភា ដល់ខែសីហា ឆ្នាំនេះ។ នេះបើតាមសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
 
សព្វថ្ងៃ កម្ពុជាមានវ៉ាក់សាំង ៣ប្រភេទ ដែលបានចាក់ជូនក្រុមមនុស្សអាទិភាព និងកម្លាំងយោធា។ សម្រាប់មនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ត្រូវទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm។ ចំពោះវ៉ាក់សាំងប្រភេទSinovac ត្រូវបានចាក់ទៅលើក្រុមមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ និងវ៉ាក់សាំង COVISHIELD ត្រូវចាក់លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល៕
 

Tag:
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com