ជាតិ
ក្រុមហ៊ុនមួយ ជំរុញពលរដ្ឋដាំកាកាវ ១លានដើម ដើម្បីនាំចេញទៅក្រៅប្រទេស
11, Apr 2021 , 7:59 pm        
រូបភាព
រូបភាពផ្ដល់ដោយលោកស្រី ស៊ឹង ចំរើន
រូបភាពផ្ដល់ដោយលោកស្រី ស៊ឹង ចំរើន
ដោយ:
ភ្នំពេញ៖ កាកាវ គឺជារុក្ខជាតិមួយប្រភេទ ដែលមានដើមកំណើតនៅតំបន់អាហ្វ្រិច។ រុក្ខជាតិ នេះមានផ្លែដុះនៅកណ្តាលដើម ដូចផ្លែទ្រលឹងទឹងខ្មែរយើងដែរ តែផ្លែវាធំៗជាង។ គ្រាប់កាកាវនេះ មានតម្លៃប្រមាណ៣ដុល្លារអាមេរិកក្នុងមួយគីឡូ។ ជាមួយគ្នានេះ ក្រុមហ៊ុនហ្វេមីលី កាកាវ ត្រូវការទិញគ្រាប់វាពីកសិករដែលសហការជាមួយក្រុមហ៊ុន ដើម្បីលក់ទៅក្រៅប្រទេស។

 
បច្ចុប្បន្ន ក្រុមហ៊ុននេះ ជំរុញឲ្យពលរដ្ឋខ្មែរដាំ កាកាវ ឲ្យបាន១លានដើម និងប្រមូលទិញគ្រាប់កាកាវវិញ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ថ្មីៗនេះ ក្រុមហ៊ុន បានផ្ដល់កូនកាកាវប្រមាណ ៣០ម៉ឺនដើមប៉ុណ្ណោះ ជូនកសិករ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនលក់កូនកាកាវ ដែលយកពូជពីប្រទេសថៃ និងប្រមូលទិញកាកាវ ដែលបានចុះកិច្ចសន្យជាមួយក្រុមហ៊ុន KUN របស់ប្រទេសថៃ។ 
 
«យើងទទួលទិញតែកាកាវ ដែលកសិករបានទិញកូនពីយើងប៉ុនណ្ណោះ។ ហើយយើងកំពុងជំរុញកសិករឲ្យដាំកាកាវ ១លានដើម ពេលនេះទើបបានជាង៣០ម៉ឺនដើមទេ ដោយសារកន្លងមកមានគ្រោះទឹកជំនន់ ធ្វើឲ្យកូនកាកាវជាងពាក់កណ្ដាលបានងាប់»។ នេះជាការលើកឡើងរបស់នាយិកានៃក្រុមហ៊ុន ហ្វេមីលី កាកាវ ដោយបន្ថែមថា ដោយសារកូនកាកាវមួយចំនួនបានងាប់ ដូច្នេះក្រុមហ៊ុនត្រូវការបង្កើនចំនួនអ្នកដាំកាកាវបន្ថែម។ 
 
ការដាំកាកាវនេះ មិនមែនជារឿងថ្មីទេសម្រាប់កម្ពុជា ដ្បិតថា កន្លងមក នៅមណ្ឌលគិរី និងរតនគិរី មានកសិករដាំដំណាំនេះច្រើន តែមិនគ្រប់គ្រាន់។ សម្រាប់ពូជកាកាវថៃនេះ វាមិនរើសដី និងធន់នឹងអាកាសធាតុដែលអាចដាំបានគ្រប់ទីកន្លែង។ រយៈពេលចន្លោះពី១៨ ទៅ២៤ខែ កសិករអាចទទួលបានទិន្នផលពីកូនកាកាវ ដែលទិញពីក្រុមហ៊ុន។ 
 
បើតាមលោកស្រី សុរស្សី ក្រុមហ៊ុននឹងផ្ដល់បច្ចេកទេសដាំដុះ និងជាទីប្រឹក្សា សម្រាប់កសិករដែលបានទិញកូនកាកាវពីក្រុមហ៊ុនលោកស្រី។ ចំពោះបញ្ហាទីផ្សារវិញ កសិករមិនបាច់ព្រួយបារម្ភនោះទេ ព្រោះក្រុមហ៊ុនជាអ្នកទិញច្នៃ ដើម្បីនាំចេញ។ 


 
មានទីផ្សារ តែខ្វះគ្រាប់កាកាវ លោកស្រី ស៊ឹង ចំរើន បុគ្គលិកទីផ្សារនៃក្រុមហ៊ុននេះ បញ្ជាក់ថា សព្វថ្ងៃមានកសិករ ១៦ខេត្ត បានដាំកាកាវ របស់ក្រុមហ៊ុន ខណៈក្រុមហ៊ុន កំពុងត្រូវការទិន្នផលបន្ថែម ដើម្បីឲ្យគ្រប់តាមតម្រូវការរបស់ក្រុមហ៊ុន។
 
កូនកាកាវ មួយដើមមានតម្លៃ ៣ដុល្លារ។ សម្រាប់តម្លៃកាកាវ ដែលក្រុមហ៊ុនផ្ដល់ប្រមូលទិញពីកសិករ មានតម្លៃ ១ ២០០រៀលទៅ ១ ៨០០រៀល ក្នុងមួយ គីឡូក្រាម(ផ្លែកាកាវទុំស្រស់) និងអាចខ្ពស់ជាងនេះ បើតម្លៃក្រៅប្រទេស មានការកើនឡើង។
 
«ដំណាំកាកាវ ជាដំណាំមានអាយុកាលវែង(ប្រមាណ៦០ឆ្នាំ) និងផ្ដល់ទិន្នផលបន្តបន្ទាប់។ ក្នុងមួយដើមអាចទទួលផលប្រមាណ ២០គីឡូក្រាមយ៉ាងតិច។ កសិករ ដែលមានដីទំនេរ គួរដាំដំណាំនេះ ព្រោះវាងាយដាំ និងមិនពិបាកថែទាំ»។ នេះបើតាមលោកស្រីទីផ្សារ ស៊ឹង ចំរើន។
 
គេអាចយកសាច់កាកាវ ច្នៃជា ការ៉េម ភេសជ្ជៈ គ្រឿងសម្អាង ថ្នាំពេទ្យ ជាដើម។ ដោយឡែកសម្បកកាកាវ អាចយកធ្វើជា ចំណីសត្វ និងជីកំប៉ុស្ដិ សម្រាប់ដាំដំណាំផ្សេងៗ។
 
សម្រាប់អ្នកទិញកូនកាកាវ ១០០ដើមឡើងទៅ ក្រុមហ៊ុននឹងចុះត្រាជាមួយកសិករ ដើម្បីកំណត់តម្លៃដែលសមស្រប នឹងទីផ្សារអន្តរជាតិ ហើយក្រុមហ៊ុន នឹងឲ្យជំពាក់ ៣០ភាគរយ។ អ្នក ទិញកូនកាកាវ ពីក្រុមហ៊ុនចំនួន ៥០០ដើមឡើងទៅ ក្រុមហ៊ុន នឹងចុះកុងត្រា ជាមួយកសិករ រួមទាំងផ្ដល់មេធាវី ដើម្បីឲ្យកសិករមានទំនុកចិត្ត៕


ផ្លែកាកាវដែលប្រមូលផល


Tag:
 កាកាវ
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com