COVID-19
ជាតិ
អ្នកស្រី ទៀង កណ្ណិកា បារម្ភថាផ្កាមិនបានច្រើននៅរដូវចូលឆ្នាំនេះ ដោយសារវិបត្តិកូវីដ-១៩
11, Apr 2021 , 8:59 pm        
រូបភាព
ដោយ:
វិបត្តិកូវីដ-១៩ បានធ្វើឲ្យអ្នកដាំផ្កាលក់ក្នុងខេត្តបាត់ដំបង អ្នកស្រី ទៀង កណ្ណិកា មានការព្រួយបារម្ភពីទីផ្សារផ្ការបស់អ្នកស្រីអាចនឹងធ្លាក់តម្លៃ ឬមិនសូវមានអ្នកទិញ ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ខណៈឆ្នាំមុនអ្នកស្រីអាចលក់ផ្កាត្រឹម ១០០គីឡូក្រាមប៉ុណ្ណោះ នាឱកាសបុណ្យចូលឆ្នាំមុន។

 
ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង អ្នកស្រី ទៀង កណ្ណិកា បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ចម្ការផ្កាដែលមានផ្កាចម្រុះប្រមាណ ១០ប្រភេទ ស្ថិតលើផ្ទៃដីទំហំជាង ១ហិកតា ផ្កាសិរមាន់ ជាប្រភេទផ្កាដែលមានប្រជាប្រិយភាពជាងគេ។ «ខ្ញុំកាត់លក់នៅថ្ងៃសីល និងថ្ងៃបុណ្យទាន ហើយចូលឆ្នាំៗមុនលក់បាន ១០០គីឡូក្រាម សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រែងថាអ្នកទិញផ្កាធ្លាក់ចុះ ព្រោះមានកូវីដ-១៩ ផង»។ នេះបើតាមអ្នកដាំផ្កាលក់ អ្នកស្រី ទៀង កណ្ណិកា។
 
ស្ត្រីវ័យ ២៩ឆ្នាំរូបនេះបានបន្តថា ដោយសារម្ដាយអ្នកស្រីស្រលាញ់ផ្កា និងចូលចិត្តផ្កា ទើបបង្កើតជាសួនផ្កានេះឡើង និងមានដាំផ្កាច្រើនប្រភេទដូចជា ផ្កាឈូករ័ត្ន ផ្កាសិរមាន់លឿង ផ្កាសិរមាន់ក្រហម ផ្កាស្បៃរឿង និងប្រភេទផ្កាលម្អផ្សេងទៀត។
 
ដ្បិតតម្លៃផ្កានៅទាបពិតមែន តែសម្រាប់ផ្ការបស់អ្នកស្រី កណ្ណិកា មានឈ្មួញចុះទៅទិញផ្ទាល់ដល់ចម្ការ ដើម្បីផ្គត់ផ្គង់នៅតាមផ្សារ ក្នុងខេត្តបាត់ដំបង។ ជាមធ្យមផ្កាសិរមាន់មានតម្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។ កណ្ណិកា ប្រាប់ទៀតថា ចាប់ផ្ដើមមានវិបត្តិកូវីដ-១៩ មកបានធ្វើឲ្យចំនួនអ្នកទិញផ្កាធ្លាក់ចុះស្ទើរពាក់កណ្ដាលរាល់ថ្ងៃសីល និងពិធីបុណ្យផ្សេងៗ ដូចជាថ្ងៃសីលអាចលក់បានចំនួន ១០គីឡូក្រាម និងថ្ងៃបុណ្យទានអាចលក់បានចំនួន ៥០គីឡូក្រាម។
 
ដើម្បីអាចទទួលចំណូលបន្ថែម អ្នកស្រី ទៀង កណ្ណិកា បានច្នៃចម្ការផ្កា ជាកន្លែងទេសចរណ៍ដើម្បីឲ្យអ្នកទេសចរចូលកម្សាន្ត និងថតរូបលេង ដោយមានទាំងការជួលសំលៀកបំពាក់បុរាណផងដែរ ចាប់ពី ៤ ០០០រៀល ទៅ ៧ ០០០រៀល ក្នុងមួយឈុត ហើយសម្រាប់មនុស្សម្នាក់ចូលទស្សនា តម្លៃ ២ ០០០រៀល។
 
រយៈពេលជាង ១០ឆ្នាំហើយដែលគ្រួសារអ្នកស្រី កណ្ណិកា ជ្រើសការដាំផ្កាលក់ ជាមុខរបរប្រចាំគ្រួសារ។ របរដាំផ្កា ប្រឈមហានិភ័យខ្ពស់ ព្រោះទាមទារបច្ចេកទេស ការយកចិត្តខ្ពស់ ព្រោះអាចប្រឈមការខាត ដោយសារថ្ងៃខ្លះត្រូវកាត់លក់ បែរជាលក់មិនដាច់ជាដើម៕

រូបទាំងអស់ផ្ដល់ដោយអ្នកស្រី ទៀង កណ្ណិកា៖
 











អ្នកស្រី ទៀង កណ្ណិកា និងកូន


Tag:
 ទៀង កណ្ណិកា
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com