សុខភាព
អន្តរជាតិ
ស្ត្រីម្នាក់នៅអាមេរិក មានជាតិអាល់កុលក្នុងទឹកនោម ទាំងគាត់មិនដែលបានផឹកស្រា
11, Apr 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
ស្ត្រីវ័យ៦១ឆ្នាំម្នាក់នៅក្រុង Pittsburgh រដ្ឋ Pennsylvania សហរដ្ឋអាមេរិក មានរោគសញ្ញានៃជំងឺថ្លើម និងទឹកនោមផ្អែម។ ក្រោយតេស្តទឹកនោម ក្រុមគ្រូពេទ្យបានចាត់ទុកថា ជាករណីដំបូងនៃបាតុភូតវេជ្ជសាស្ត្រ ដោយទឹកនោមរបស់អ្នកជំងឺរូបនោះ មានសារធាតុអាល់កុល ទាំងគាត់មិនបានធ្លាប់ផឹកស្រា។

 
យោងតាមការផ្សាយរបស់សារព័ត៌មាន Science Alert អ្នកជំងឺអាមេរិករូបនោះ មានអាការៈហើមពោះ ឈឺចុកចាប់ប្លោកនោម ដែលបង្កឡើងដោយពពួកផ្សិត។ គាត់មានស្ថានភាពធ្ងន់ធ្ងរ ហើយស្ថិតក្នុងបញ្ជីឈ្មោះដែលរង់ចាំការផ្លាស់ប្តូរថ្លើម។
 
ដំបូងឡើយ ក្រុមគ្រូពេទ្យពីសាកលវិទ្យាល័យ Pittsburgh Medical Center Presyterian Hospital សន្និដ្ឋានថា បញ្ហារបស់អ្នកជំងឺនេះ គឺដោយសារតែការសេពគ្រឿងស្រវឹងច្រើន ពីព្រោះរៀងរាល់ការតេស្តទឹកនោមសុទ្ធតែវិជ្ជមានសារធាតុអាល់កុល។
 
លទ្ធផលតេស្តឈាមអវិជ្ជមានអេតាណុល ប៉ុន្តែវាមានកម្រិតខ្ពស់នៅក្នុងទឹកនោម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺបានអះអាងថា ខ្លួនមិនបានផឹកគ្រឿងស្រវឹងនោះឡើយ ជាពិសេសក៏គ្មានរោគសញ្ញាបង្ហាញថា គាត់ស្ថិតក្នុងស្ថានភាពស្រវឹង នៅពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យនោះដែរ។
 
ក្រៅពីលទ្ធផលវិជ្ជមានអេតាណុល ទឹកនោមអ្នកជំងឺក៏បានបរិមាណគ្លុយកូសច្រើន និងមានកម្រិតខ្ពស់នៃសារធាតុដំបែ ផងដែរ។ ក្នុងទិនានុប្បវត្តិ Annals of Internal Medicine ក្រុមអ្នកស្រាវជ្រាវបានសរសេរថា ជាធម្មតាផ្សិតដំបែត្រូវបានរកឃើញក្នុងខ្លួនមនុស្សសម្រាប់អ្នកមានជំងឺទាក់ទងនឹងផ្សិត។ 
 
ករណីនេះ បាននាំឲ្យក្រុមគ្រូពេទ្យពិចារណាឡើងវិញទាក់ទងនឹងវិធីសាស្ត្រព្យាបាល ជំនួសឲ្យការប្តូរថ្លើម។ ជំងឺនេះ មិនទាន់អាចកំណត់ឈ្មោះបានជាផ្លូវការនៅឡើយទេ  ប៉ុន្តែក្រុមអ្នកស្រាវជ្រាវថា «រោគសញ្ញាទាក់ទងនឹងប្លោកនោម (Bladder Fermentation syndrome) ឬ រោគសញ្ញាស្រាបៀរស្វ័យប្រវត្តិក្នុងទឹកនោម ( urinary auto-brewery syndrome)។
 
មកដល់បច្ចុប្បន្ននេះ Science Alert និងបណ្តាសារព័ត៌មានផ្សេងៗទៀត មិនទាន់បានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងដំណើរការព្យាបាលអ្នកជំងឺខាងលើនេះឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com