ជាតិ
ការដាំបន្លែលើទឹក មានទាំងគុណសម្បត្តិ និងគុណវិបត្តិ
11, Apr 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បច្ចេកទេសដាំបន្លែលើទឹក គឺជាការដាំបន្លែលើទឹក ដែលមានលាយជី(សូលុយស្យុងជី) ពោលគឺជាការដាំដោយមិនប្រើដី។ បច្ចុប្បន្នមានវិធីដាំបន្លែលើទឹកជាច្រើន តែវិធីដែលកសិករនិយមដាំជាងគេមាន ការដាំនៅលើទឹកនៅស្ងៀម ការដាំលើទឹកដែលបង្ហូរ និងដាំលើទឹកដែលមានចិញ្ចឹមត្រី។

 
ក្រសួងកសិកម្ម បានបង្ហាញអត្ថប្រយោជន៍យ៉ាងច្រើន ដែលកសិករទទួលបាន ក្នុងការដាំបន្លែលើទឹក ដូចជា កសិករអាចដាំបន្លែបាន ទោះស្ថិតក្នុងតំបន់ដីមិនសូវសម្បូរជីជាតិ។ កសិករមិនចាំបាច់ត្រូវការផ្ទៃដីធំ សម្រាប់ដាំបន្លែ និងមិនចាំបាច់ភ្ជួររាស់ដី។ ការដាំបន្លែលើទឹក កសិករងាយគ្រប់គ្រងសត្វល្អិត និងជំងឺលើបន្លែ ហើយក៏មិនចាំបាច់ចំណាយលើការប្រើប្រាស់ថ្នាំគីមី។
 
ការដាំបន្លែលើទឹក មិនប្រឈមការកើតជំងឺផ្សិត និងជំងឺផ្សេងៗ ដែលបង្កឡើងពីដី។ ពិសេស គេអាចដាំបន្លែលើទឹកទាំងរដូវប្រាំង និងរដូវវស្សា ព្រោះវាមិនចាំបាច់ស្រោចទឹកនោះទេ។
 
ក្រៅពីទទួលបានអត្ថប្រយោជន៍ច្រើន វិធីសាស្រ្តនេះ ក៏ផ្ដល់ទិន្នផលខ្ពស់ផងដែរ។ ដូច្នេះទើបក្រសួងកសិកម្ម បានយកចិត្តទុកដាក់ខ្ពស់លើការធ្វើទំនើបកម្មវិស័យកសិកម្មនេះ ក្នុងទិសដៅរួមចំណែកបង្កើនបន្ថែម ផលចំណេញពីផលិតកម្មកសិកម្ម ពោលគឺបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ។ 
 
ទន្ទឹមនឹងមានអត្ថប្រយោជន៍ច្រើន ការដាំដុះលើទឹក ក៏ផ្ដល់គុណវិបត្តិខ្លះៗ ផងដែរ។ ការដាំបន្លែលើទឹក អាចអនុវត្តបាន តែសម្រាប់បន្លែស្លឹក ផ្លែ និងផ្កា ដែលមានអាយុកាលខ្លី។ ការយល់ដឹងលើបច្ចេកទេសដាំ បន្លែលើទឹក មិនទាន់ទូលំទូលាយនៅឡើយ ហើយថ្លៃដើមក៏ខ្ពស់ផងដែរ។
 
ដ្បិតបច្ចុប្បន្នការផ្គត់ផ្គង់បន្លែស្អាត ឬមានសុវត្ថិភាព កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ តែការដាំដុះបន្លែដោយមិនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ រួមទាំងការប្រើប្រាស់ជី និងថ្នាំកសិកម្ម មិនត្រឹមត្រូវនិងលើសកម្រិត នៅតែជាបញ្ហាប្រឈម។ នេះបើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
 

រូបភាពផ្ដល់ដោយ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ


Tag:
 បន្លែលើទឹក
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com