COVID-19
ជាតិ
មនុស្សជិត៩០០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ដែលផ្ទុះចេញពីផ្សារអូរឫស្សី និងរោងចក្រឌីន ហាន
11, Apr 2021 , 10:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអនុគណៈកម្មាការស្រាវជ្រាវជំងឺកូវីដ-១៩
រូបភាពពីហ្វេសប៊ុកអនុគណៈកម្មាការស្រាវជ្រាវជំងឺកូវីដ-១៩
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែមេសា យ៉ាងហោចណាស់មនុស្សចំនួន ៨៩១នាក់ហើយ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ ដែលផ្ទុះចេញពីនៅផ្សារអូរឫស្សី និងរោងចក្រឌីន ហាន។ នេះបើតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

 
ប្រភពដដែល ឱ្យដឹងទៀតថា ក្នុងចំណោមក្រុមមនុស្សដែលមានវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៨៩១នាក់ មាន ៣៤៥នាក់ ពាក់ព័ន្ធនឹងការផ្ទុះចេញពីផ្សារអូរឫស្សី និងមនុស្សចំនួន ៥៤៦នាក់ទៀត ពាក់ព័ន្ធ នឹងរោងចក្រឌីន ហាន។ ក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ បន្តអំពាវនាវឲ្យអ្នកពាក់ព័ន្ធ នឹងក្រុមមនុស្សទាំងពីរទីតាំង រួសរាន់ទៅឲ្យគ្រូពេទ្យពិនិត្យយកសំណាក រកជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរ។ 
 
កាលពីថ្ងៃទី៣ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទផ្សារអូរឫស្សី ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ក្រោយរកឃើញអាជីវករ និងសន្តិសុខផ្សារ មានវិជ្ជមានជំងឺកូវីដ-១៩។ សម្រាប់រោងចក្រឌីន ហាន ដែលស្ថិតក្នុងខណ្ឌមានជ័យវិញ ក៏ត្រូវបានបិទបណ្ដោះអាសន្នដែរ បន្ទាប់ពីកម្មករ កម្មការិនីជាច្រើននាក់ឆ្លងកូវីដ-១៩ និងអ្នកពាក់ព័ន្ធរាប់រយនាក់ទៀត។
 
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប ៤ ២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់។ អ្នកជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន មានចំនួន ២ ០៥២នាក់ តែក្នុងនោះ មានអ្នកជំងឺ ១ ០៦៤ នាក់ នៅមិនទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងសម្រាកព្យាបាលនៅឡើយ។
 
ក្រៅពីភ្នំពេញ ដែលជាតំបន់មានហានិភ័យឆ្លងខ្ពស់ ក្នុងនោះមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់ ដែលមានករណី២០កុម្ភៈ។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

Tag:
 កូវីដ-១៩
  រោងចក្រ ឌីន ហាន
  ផ្សារអូរឫស្សី
© រក្សាសិទ្ធិដោយ thmeythmey.com