អន្តរជាតិ
ហេតុអ្វីបានជា«អ៊ីដ្រូសែន»ត្រូវបានចាប់អារម្មណ៍សម្រាប់ប្រភពថាមពលស្អាត?
× បើទោះបីជាអ៊ីដ្រូសែនមិនសូវជាមានប្រសិទ្ធភាពខ្លាំងក្លាមែនក្តី ក្រុមហ៊ុនផលិតថាមពលមួយចំនួនកំពុងចាប់អារម្មណ៍ទៅលើអង្គធាតុមួយនេះដោយសារតែវាមានលក្ខណៈពិសេសក្នុងការបត់បែនទៅតាមលក្ខខណ្ខជំនួញរបស់ក្រុមហ៊ុនទាំងនោះបាន។ ហេតុអ្វីអ៊ីដ្រូសែន?
ក្នុងបទអធិប្បាយមួយដែលផ្សាយដោយវេបសាយទូរទស្សន៍ CNA អ៊ីដ្រូសែន ជាអង្គធាតុដែលមានលក្ខណៈសម្បូរជាងគេនៅក្នុងសកលលោក។ អង្គធាតុមួយនេះ មានចំណុចងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន។
អ៊ីដ្រូសែនអាចត្រូវបានទាញមកដោយការប្រើប្រាស់កម្លាំងអគ្គីសនី និងប្រភពទឹក។ គេអាចរក្សាវាទុក និងប្រើប្រាស់សម្រាប់ផលិតកម្តៅ ឬអគ្គិសនី។ បើបំប្លែងទៅជាអង្គធាតុរាវ អ៊ីដ្រូសែនមានកម្រិតថាមពលក្នុងមួយឯកតាទម្ងន់ប្រសើរជាងឥន្ធនៈផូស៊ីលមួយចំនួនផ្សេងទៀត។ គេអាចដឹកជញ្ជូនអ៊ីដ្រូសែនតាមរយៈបំពង់បង្ហូរក្រោមដីដែលប្រើដើម្បីបង្ហូរឧស្ម័ន ហើយអាចឆេះក្នុងសីតុណ្ហភាពស្រដៀងគ្នានឹងឧស្ម័នធម្មជាតិផ្សេងៗដែរ។ នៅពេលប្រើប្រាស់ អ៊ីដ្រូសែនមិនបញ្ចេញឧស្ម័នកាបូនិកនោះទេ។
ទោះបីជាយ៉ាងនេះមែន អ៊ីដ្រូសែនមិនមែនងាយក្នុងការទាញយកមកប្រើប្រាស់នោះទេ។ វាទាមទារថាមពលយ៉ាងច្រើនក្នុងការបំបែកចេញមកពីម៉ូលេគុលដទៃដើម្បីប្រើប្រាស់។ មួយវិញទៀត ដើម្បីផលិតអ៊ីដ្រូសែនឲ្យបានចំនួនបីឯកតា គេត្រូវប្រើប្រាស់ថាមពលមួយឯកតា។ ប៉ុន្តែនេះមិនមែនជាបញ្ហាដែលធ្វើឱ្យរាំងស្ទះដល់លទ្ធភាពប្រើប្រាស់អ៊ីដ្រូសែនឡើយ។
ក្រុមហ៊ុនផលិតថាមពលមួយចំនួន កំពុងតែចាប់អារម្មណ៍ទៅលើអង្គធាតុមួយនេះ ដោយសារតែវាមានលក្ខណៈពិសេសក្នុងការសម្របខ្លួនទៅតាមលក្ខខណ្ខអាជីវកម្មនៃក្រុមហ៊ុនទាំងនោះ ពិសេសនៅពេលដែលឥន្ធនៈកើតចេញពីផូស៊ីល នឹងត្រូវបានគេកាត់បន្ថយការប្រើប្រាស់នៅក្នុងពេលអនាគត ឬត្រូវប្រើប្រាស់អស់នោះ។
នៅអង់គ្លេស អ៊ីដ្រូសែនត្រូវបានគេចាប់ផ្តើមប្រើប្រាស់ដោយក្រុមហ៊ុនមានឥទ្ធិពលមួយចំនួន។ ប៉ុន្តែការស្រាវជ្រាវបន្ថែម និងរបកគំហើញបច្ចេកវិទ្យាថ្មីនៅតែជាអ្វីដែលពិភពលោកត្រូវការ ក្នុងការប្រើប្រាស់អ៊ីដ្រូសែនឲ្យមានប្រសិទ្ធភាពខ្ពស់។ ថ្ងៃខាងមុខ អ៊ីដ្រូសែនត្រូវជឿថា តួអង្គសំខាន់មួយក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាសផែនដី។ អ៊ីដ្រូសែនក៏មានលក្ខណៈងាយស្រួលក្នុងការចងសម្ព័ន្ធជាមួយម៉ូលេគុលដទៃទៀតផងដែរ។
នៅក្នុងពេលខាងមុខ ហើយមិនយូរមិនឆាប់ អ៊ីដ្រូសែននឹងត្រូវអាចគេប្រើប្រាស់ជំនួសឥន្ធនៈផូស៊ីល ចំពោះសេវាកម្មដឹកជញ្ជូនធំៗ និងឆ្ងាយៗដែលមានដូចជាវិស័យអាកាសចរណ៍ ឬនាវាចរណ៍ជាដើម ក៏ដូចជាវិស័យឧស្សាហកម្មដែលប្រើប្រាស់ថាមពលកម្តៅខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com