COVID-19
ជាតិ
កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ជាង២ពាន់នាក់ ក្នុងនោះជាង១ពាន់នាក់ មិនទាន់មានកន្លែងព្យាបាល
11, Apr 2021 , 6:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ
រូបភាពពីហ្វេសប៊ុកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ
ដោយ:
ភ្នំពេញ៖ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ២ ០៨៦នាក់។ អ្នកជំងឺចំនួន ១ ០៦៤នាក់ កំពុងរង់ចាំការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន ១៧នាក់ កំពុងសម្រាកព្យាបាលនៅតាមផ្ទះ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ មេសា ឆ្នាំ២០២១។

 
គ្រាន់តែការផ្ទុះរាលដាលជំងឺកូវីដ-១៩ នៅរយៈពេល៣ថ្ងៃចុងក្រោយនេះ គឺមានមនុស្សដល់ទៅ ជាង១២០០នាក់ឯណោះ មានវិជ្ជមានកូវីដ-១៩។ ដ្បិតក្រសួងសុខាភិបាល មិនបញ្ជាក់ពីមូលនៃការយឺតយ៉ាវការបញ្ជូនអ្នកជំងឺទៅកាន់កន្លែងសម្រាកព្យាបាល ប៉ុន្តែការកើនឡើងយ៉ាងគំហុកភ្លាមៗ នៃអ្នកជំងឺកូវីដ-១៩ បានធ្វើឱ្យ ហួសពីសមត្ថភាពផ្ទុកអ្នកជំងឺ របស់មន្ទីរព្យាបាលក្រេតឌុក មន្ទីរពេទ្យហ្លួងម៉ែ ក៏ដូចជាមន្ទីរពេទ្យ និងមណ្ឌលព្យាបាលនានានៅរាជធានីភ្នំពេញ។
 
ដើម្បីដោះស្រាយបញ្ហានេះ សម្តេច ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការរៀបចំទីតាំងបន្ថែម ដោយបានយកសាលារៀនសាលពិព័រណ៌ និងអគាររៀបការនៅទីក្រុងកោះពេជ្រ និងទីតាំងឯកជនមួយចំនួនទៀត សម្រាប់ដាក់ព្យាបាលអ្នកជំងឺកម្រិតស្រាល។ 
 
ក្រៅពីបន្ថែមកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំកម្ពុជា ក៏ជំរុញការចាក់វ៉ាក់សាំងជូន ពលរដ្ឋកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងនេះ ក៏បានក្លាយជាវ៉ាក់សាំងកាតព្វកិច្ច សម្រាប់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤២៣៨ករណី ក្នុងនោះ ៣៧០៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២១៥២នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៩នាក់៕
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com