COVID-19
ជាតិ
កូវីដ-១៩៖ វ៉ាក់សាំងកាតព្វកិច្ច, វ៉ាក់សាំងការទូត, វ៉ាក់សាំងជាតិនិយម…!
12, Apr 2021 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
និយាយរឿងវ៉ាក់សាំងនេះ សំណាង និងសុធីរ បានចាក់រួចរាល់ទាំងពីរលើកហើយ។ ក្លើទាំងពីរដូចជាមិនសូវគិតច្រើនពីរឿងនេះឡើយ។ ចាក់ដើម្បីបង្ការមេរោគ និងការពារជីវិត ដូច្នេះ គ្មានរឿងអ្វីផ្សេងដែលត្រូវបារម្ភឡើយ។ នៅថ្ងៃនេះ សំឡាញ់ទាំងពីរ ក៏លើកយកប្រធានបទវ៉ាក់សាំងក្លាយពីការស្ម័គ្រចិត្តទៅជាកាតព្វកិច្ច ឬការទូត ឬវ៉ាក់សាំងជាតិនិយម។ ហេតុអ្វី?


សំណាង៖ អា សុធីរ! ពីមុន មានអ្នកខ្លះ ខ្លាចវ៉ាក់សាំងដោយមិនហ៊ានទាំងចាក់ផង តែឥឡូវដណ្តើមគ្នាចាក់។ ម៉េចបានជាទៅអ៊ីចឹង? 
 
សុធីរ៖ ពីមុន មិនទាន់យល់ ឥឡូវយល់ជាងមុន និងខ្លាចកូវីដជាងមុន។ កូវីដ មិនប្រណីជីវិតមនុស្ស ឬជំនួញឡើយ។ បើមិនចាក់ គឺស្មើនឹងបើកផ្លូវឲ្យមេរោគកូវីដវាយប្រហារពេលណាក៏បាន។ 
 
សំណាង៖ អ្នកខ្លះ ប្រាប់គេអ្ហែងថា កុំឲ្យរើសអើងអ្នកមិនព្រមចាក់វ៉ាក់សាំង ឬមិនទាន់ចាក់វ៉ាក់សាំងអី។   
 
សុធីរ៖ តាមពិត គេមិនរើសអើងអ្នកមិនព្រមចាក់ ឬមិនទាន់ចាក់ឯណា។ គេគ្រាន់តែខ្លាចរអែងតើ ព្រោះ មេរោគកូវីដអាចមានឱកាសវាយប្រហារអ្នកមិនទាន់ចាក់ ឬអ្នកមិនព្រមចាក់ច្រើនជាងអ្នកបានចាក់ហើយគ្រប់ដូស។ អ៊ីចឹង អ្នកចាក់ហើយ មិនមើលងាយ ឬរើសអើងអ្នកមិនទាន់ចាក់ ឬមិនព្រមចាក់នោះទេ គេគ្រាន់តែខ្លាច និងបារម្ភចំពោះអ្នកមិនទាន់ចាក់តើ! 
 
សំណាង៖ ចុះបើកុំបារម្ភចំពោះអ្នកមិនទាន់ចាក់ ឬអ្នកមិនព្រមចាក់បានឬទេ? 
 
សុធីរ៖ រឿងខ្លាច និងបារម្ភ ជាសិទ្ធិរបស់គេ។ ខ្លាច ក៏ព្រោះតែគេស្រឡាញ់ជីវិតគេ។ ម៉េចបានជាហាមសិទ្ធិគេមិនឲ្យខ្លាចអ្នកមិនព្រមចាក់ ឬអ្នកមិនទាន់ចាក់អ៊ីចឹង? 
 
សំណាង៖ អញលឺអ្នកខ្លះនិយាយថា ការចាក់វ៉ាក់សាំង គួរជាម្រើស ឬជាការស្ម័គ្រចិត្ត។ តែអ្នកខ្លះទៀតថា ត្រូវតែជាកាតព្វកិច្ច។ រឿងហ្នឹងយ៉ាងម៉េចទៅវិញ? 
 
សុធីរ៖ អញអត់ដឹងគ្រប់រឿងទេ អា សំណាង! អញគ្រាន់តែដឹងខ្លះៗប៉ុណ្ណោះថា មុនដំបូងឡើយ ការចាក់វ៉ាក់សាំងមិនថា នៅក្នុងប្រទេសណាទេ គឺជាគោលការណ៍ស័្មគ្រចិត្ត។ តែក្រោយមក គោលការណ៍ស្ម័គ្រនេះ វិវត្តិទៅរកគោលការណ៍កាតព្វកិច្ច ជាពិសេស នៅក្នុងវិស័យកីឡា ជំនួញមួយចំនួន និងវិស័យដទៃទៀត។ វាក្លាយទៅជារឿងកាតព្វកិច្ច ព្រោះ គ្រប់ប្រទេសទាំងអស់ គិតដូចគ្នាថា ក្រៅពីពាក់ម៉ាស់ និងគម្លាតសង្គម វ៉ាក់សាំង គឺជាដំណោះស្រាយមួយផ្នែកដែលចូលរួមកាត់បន្ថយការឆ្លង និងរីករាលដាលមេរោគកូវីដ។ វ៉ាក់សាំងអាចធ្វើឲ្យសេដ្ឋកិច្ច និងសង្គមទាំងមូលវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ ដោយសារតែមើលឃើញផលប្រយោជន៍នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំមួយជំរុញឲ្យមន្រ្តីរាជការទាំងអស់ចាក់វ៉ាក់សាំង។ សម្រាប់មន្រ្តីរាជការនៅកម្ពុជា, វ៉ាក់សាំង គឺជាកាតព្វកិច្ច។ 
 
សំណាង៖ ចុះសម្រាប់មហាជនទូទៅក្រៅពីមន្រ្តីរាជការ? 
 
សុធីរ៖ សម្រាប់មហាជនទូទៅ សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជាដូចជាមិនតម្រូវ ឬបង្ខំឲ្យចាក់នៅឡើយទេ ពោល គឺ វាស្ថិតនៅជាគោលការណ៍ស្ម័គ្រដដែល។ តែទោះបីជាស្ថិតនៅជាគោលការណ៍ស្ម័គ្រចិត្តក៏ដោយ ក៏អ្នកមិនព្រមចាក់ ត្រូវដឹងថា ពួកគេអាចប្រឈមនឹងការឆ្លងក្នុងកម្រិតខ្ពស់ និងម្យ៉ាងទៀត ពួកគេអាចក្លាយទៅជាក្រុមមនុស្សដែលអ្នកចាក់រួចរាល់ហើយខ្លាចមិនចង់ហ៊ានធ្វើការ ឬពាក់ព័ន្ធជាមួយ។ 
សំណាង៖ ចុះអ្វីទៅជាវ៉ាក់សាំងការទូត ឬវ៉ាក់សាំងជាតិនិយមនោះ? 
 
សុធីរ៖ វ៉ាក់សាំងកាទូត គឺសំដៅទៅលើគោលនយោបាយនៃប្រទេសមួយដែលប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងការទូតជាមួយប្រទេសដទៃទៀត ដូចជា ករណីនៃប្រទេសចិន។ ប្រទេសចិនបានលក់ផង និងផ្តល់ដោយមិនយកកម្រៃផងនូវវ៉ាក់សាំងរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត។ ចំពោះ វ៉ាក់សាំងជាតិនិយម គេច្រើនសំដៅទៅលើសហរដ្ឋអាមេរិក ព្រោះ ប្រទេសមហាអំណាចមួយនេះមានវ៉ាក់សាំងរបស់ខ្លួន ប្រើប្រាស់សម្រាប់តែប្រទេសខ្លួនឯង ឬលក់ឲ្យប្រទេសដទៃ តែមិនទាន់បានចែកចាយជាលក្ខណៈមនុស្សធម៌ទៅកាន់ប្រទេសដទៃនៅឡើយ។ 
 
សំណាង៖ តើថ្ងៃក្រោយទៅ អាចមានវ៉ាក់សាំងជំនួញ ឬវ៉ាក់សាំងកីឡាឬទេ? 
 
សុធីរ៖ វាអាចនឹងមាន។ និយាយជារួម នាពេលអនាគត អ្នកមិនចាក់វ៉ាក់សាំង គេមិនឲ្យលេងចូលទេ បើនិយាយតាមរបៀប«កូនក្មេង»៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com