COVID-19
ជាតិ
អ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់ប្រឈមបញ្ជូនទៅតុលាការ បើនៅមិនព្រមបង្ហាញខ្លួន
12, Apr 2021 , 10:59 am        
រូបភាព
ដោយ: &
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល ៣ថ្ងៃ ឲ្យអ្នកជំងឺកូវីដ-១៩ ដែលមិនបានបំពេញអាសយដ្ឋានគ្រប់គ្រាន់អំឡុងធ្វើតេស្តរកមេរោគកូវីដ-១៩ មកព្យាបាលជាកំហិត ចាប់ពីថ្ងៃទី១២ មេសា តទៅ បើពុំដូចនោះទេនឹងត្រូវបញ្ជូនទៅតុលាការ។

 
បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ មេសា មនុស្សទាំង៩នាក់ ដែលមិនទាន់មកទទួលការព្យាបាល ស្ថិតក្នុងចំណោមមនុស្សចំនួន ៥៦នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកអត្តសញ្ញាណកាលពីថ្ងៃទី៩ មេសា កន្លងមក។
 
ក្នុងចំណោមមនុស្សទាំង៩នាក់ មាន៦នាក់ជាកម្មកររោងចក្រឌីនហាន ២នាក់ជាអាជីវករនៅផ្សារអូរឫស្សី និងម្នាក់ទៀតជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។ បើតាមក្រសួងសុខាភិបាល ក្នុងករណីសាមីខ្លួនមិនមកបង្ហាញខ្លួនតាមការកំណត់ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមច្បាប់ ដោយកសាងសុំណុំរឿងបញ្ជូនទៅតុលា និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀលទៅ ២០លានរៀល និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ ប្រសិនបុគ្គលនោះបានចម្លងវីរុសកូវីដ-១៩ ទៅបុគ្គលផ្សេងទៀត។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com