COVID-19
អន្តរជាតិ
ថៃ កាត់ទោសអ្នកគ្រប់គ្រងក្លិបកម្សាន្តពីរឱ្យជាប់គុកពីរខែ ព្រោះល្មើសក្រឹត្យអាសន្ន ប្រជាជនថៃពាក់ម៉ាស់នៅទីសាធារណៈ។ រូបភាព៖ Xinhua
× តុលាការថៃ បានកាត់ទោសអ្នកគ្រប់គ្រងក្លិបកម្សាន្តចំនួនពីរកន្លែង នៅក្នុងទីក្រុងបាងកក ឱ្យជាប់ពន្ធនាគាររយៈពេលពីរខែ ដោយគ្មានការព្យួរទោស។ នេះបើតាមការអះអាងមន្រ្តីប៉ូលិសក្រុង លោក Sopon Sarapat នៅថ្ងៃទី១១ ខែមេសា។
មួយរយៈចុងក្រោយនេះ ទីក្រុងបាងកក បានផ្ទុះឡើងករណីឆ្លងជាថ្មី បន្ទាប់ពីករណីឆ្លងដែលផ្ទុះចេញពីខេត្តសមុទ្រសាគរ បានស្ថិតនៅក្រោមការគ្រប់គ្រង។ បន្ទាប់ពីមានករណីផ្ទុះឡើងជាថ្មីបែបនេះ រដ្ឋបាលក្រុងបាងកក បានបញ្ជាឱ្យក្លឹបរាត្រី បារ និងតៀមស្រា បិទរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ។
យ៉ាងណាមិញ នៅថ្ងៃទី១១ ខែមេសា មេបញ្ជាការកងពលរងទី៥ នៃប៉ូលិសក្រុង លោក Sopon Sarapat បានបញ្ចេញព័ត៌មានថា អ្នកគ្រប់គ្រងក្លិបរាត្រី Krystal Club និង Emerald Club នៅក្នុងតំបន់ Thong Lor ត្រូវបានតុលាការក្រុងបាងកក កាត់ទោសឱ្យជាប់ពន្ធនាគារ ពីរខែ ដោយគ្មានការព្យួរទោស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
បើតាមលោក Sopon អ្នកគ្រប់គ្រងក្លិបកម្សាន្តចំនួនពីរកន្លែងនេះ គឺមានកំហុសបំពានអនុក្រឹត្យស្ថានភាពអាសន្ន និងច្បាប់កន្លែងកម្សាន្តឆ្នាំ១៩៧៨ ។ មិនត្រឹមតែប៉ុណ្ណោះ ក្លិបកម្សាន្តទាំងពីរកន្លែងនេះ ក៏អាចប្រឈមនឹងការបិទរយៈពេល ៥ឆ្នាំផងដែរ ប្រសិនបើរកឃើញថា បានបើកលើសពេលកំណត់ បើកពេស្យាចារ និងបើកដោយគ្មានអាជ្ញាបណ្ណ។
នៅថ្ងៃទី១២ ខែមេសា ថៃបានរាយការណ៍ករណីវិជ្ជមានថ្មីចំនួន៩៨៥នាក់ ដែលភាគច្រើនរកឃើញនៅក្រុងបាងកក ក្នុងចង្កោមដែលពាក់ព័ន្ធកន្លែងកម្សាន្តពេលរាត្រី។ ចំណែកចំនួនប៉ូលិសយាមល្បាតក្នុងក្រុងបាងកក ដែលឆ្លងកូវីដ-១៩ បានកើនដល់ ៥៦នាក់។
ករណីឆ្លងកូវីដ-១៩ ថៃសរុបមានចំនួន ៣៣៦១០ករណី និងអ្នកស្លាប់មានចំនួន៩៧នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៨២១៤នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com