អន្តរជាតិ
រដ្ឋ​តិចសាស ស៊ើបអង្កេត​ការចោទ​ប្រកាន់​​​ករណី​រំលោភ​បំពានលើ​ជនចំណាក​ស្រុក
12, Apr 2021 , 11:59 pm        
រូបភាព
នៅក្នុង​រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​ការិយាល័យ​របស់​តំណាងរាស្រ្ត​លោក Henry Cuellar នៃ​រដ្ឋតិចសាស​នេះ បង្ហាញ​ពី​ជន​ដែល​ជាប់​ឃុំ​ក្នុង​មណ្ឌល​ទីភ្នាក់​ងារ​គយ​និង​ការពារ​ព្រំដែន ​(CBP) របស់​សហរដ្ឋ​អាមេរិក នៅ​ក្រុង Donna នៃ​រដ្ឋ Texas នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
នៅក្នុង​រូបថត​ដែល​ផ្តល់​ឲ្យ​ដោយ​ការិយាល័យ​របស់​តំណាងរាស្រ្ត​លោក Henry Cuellar នៃ​រដ្ឋតិចសាស​នេះ បង្ហាញ​ពី​ជន​ដែល​ជាប់​ឃុំ​ក្នុង​មណ្ឌល​ទីភ្នាក់​ងារ​គយ​និង​ការពារ​ព្រំដែន ​(CBP) របស់​សហរដ្ឋ​អាមេរិក នៅ​ក្រុង Donna នៃ​រដ្ឋ Texas នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
ដោយ: VOA
មន្រ្តី​សុខុមាល​ភាព​កុមារ​នៅ​រដ្ឋ​តិចសាស​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ពួកគេ​ទទួល​បាន​របាយ​ការណ៍​ចំនួន​៣​ ដែល​ចោទ​ប្រកាន់​ពី​ការរំលោភ​បំពាន ​និង​ការធ្វេស​ប្រហែស​នៅជម្រក​ជន​អន្តោ​ប្រវេសន៍​ក្រុង​ San Antonio ​ដែល​មាន​ក្មេង​ជំទង់​អន្តោ​ប្រវេសន៍​ជាង​១.៦០០​នាក់​ ដែល​បាន​ឆ្លង​ព្រំដែន​ខាងត្បូង។​

 
នេះជា​លើកទីមួយ​ហើយ​ដែល​មន្រ្តី​ថ្នាក់​រដ្ឋ​បាន​ប្រកាស​ថា​ ពួកគេ​កំពុង​ស៊ើប​អង្កេត​ការចោទ​ប្រកាន់​បែប​នេះ​នៅ​ឯ​កន្លែង​សង្គ្រោះ​បន្ទាន់​មួយ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ប្រញ៉ាប់​នៅ​រដ្ឋ​តិចសាស​ពេល​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​នៃ​ការឆ្លង​ព្រំដែន​របស់​ក្មេងៗ​ដែល​មិន​មានឪពុក​ម្តាយមក​ជាមួយ។​ មន្ត្រី​ប្រចាំ​តំបន់​ដែល​ជាអ្នក​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល ​Freeman Coliseum ​ដែលប្រើជា​ជម្រក​ជនអន្តោ​ប្រវេសន៍​ ក្រុង​ San Antonio ​បាន​និយាយ​ថា​ ​ការចោទ​ប្រកាន់​នេះ មិន​ស៊ី​គ្នា​នឹង​អ្វី​ដែល​គាត់​បាន​ឃើញ​នៅ​ពេល​គាត់​ធ្វើ​ទស្សនកិច្ចនៅ​កន្លែង​នោះ​ទេ។​
 
មន្ត្រី​សុខុមាលភាព​កុមារមិន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​អ្នក​ដែល​បាន​ធ្វើការ​ចោទ​ប្រកាន់​នោះទេ​ ប៉ុន្តែ​លោក Greg Abbott​ អភិបាល​រដ្ឋ​មកពី​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា​ លោក​យល់​ថា​ អ្នកចោទ​ប្រកាន់​អាច​ជាអ្នក​ធ្លាប់​នៅ​កន្លែង​នោះ។​ ការចោទ​ប្រកាន់​មួយ​រួមមាន​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ប៉ុន្តែ​ពុំមាន​ព័ត៌មាន​លម្អិ​ត​ទេ។
 
លោក​ Abbott ​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃ​ពុធ​ថា​ ​ ការចោទ​ប្រកាន់​ផ្សេង​ទៀត​រួមមាន ការ​មិន​មាន​បុគ្គលិក​គ្រប់គ្រាន់​ កុមារ​មិន​បរិភោគ​ និង​អ្នក​ដែល​ធ្វើ​តេស្តវិជ្ជមាន​កូវីដ១៩​ មិន​ត្រូវ​បាន​បំបែក​ចេញពី​អ្នក​មិនទាន់​ឆ្លង​វីរុស​នេះ។​ ​ជាច្រើន​សប្តាហ៍​មកហើយ ដែលលោក​ Abbott ​បាន​ចូលរួម​ជាមួយ​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការរិះគន់​រដ្ឋបាល​របស់​លោក​ Joe Biden ​ចំពោះការដោះស្រាយ​បញ្ហា​ជន​ចំណាកស្រុក​នៅ​ព្រំដែន​ភាគខាង​ត្បូង​សហរដ្ឋ​អាមេរិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com