ជាតិ
អាជ្ញាធរសម្រេចបិទផ្នែកខ្លះនៃផ្សារចំនួន៨នៅក្រុងបាត់ដំបងរយៈពេល៩ថ្ងៃ
12, Apr 2021 , 7:14 pm        
រូបភាព
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ រួបថត រដ្ឋបាលខេត្ត
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។ រួបថត រដ្ឋបាលខេត្ត
ដោយ:
ផ្សារចំនួន៨កន្លែងផ្សេងគ្នា នៅខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរសម្រេចបិទផ្នែកខ្លះ រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១២ មេសា ដល់ថ្ងៃទី២០ មេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ។

 
បើតាមរដ្ឋបាលខេត្តបាត់ដំបង ផ្សារទាំង៨ នោះរួមមាន ផ្សារធំបាត់ដំបង(ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សាររោងល្ខោន ផ្សារភួពុយ ផ្សារអប្សរាផ្សារលើ ផ្សារវត្តលៀប និងផ្សារពោធិវង្ស។ លោក ងួន រតនៈ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖« យើងបិទតែតួរនៃផ្សារដែលមិនចាំបាច់ដូចជាសំលៀកបំពាក់ ហើយមានសភាពងងឹង គ្មានខ្យល់ចេញចូលប៉ុណ្ណោះ មិនមែនបិទផ្សារទាំងមូលនោះទេ សូមកុំច្រឡំ។យើងអនុញ្ញាតឲ្យលក់បន្លែ ត្រីសាច់ ដែលជាតម្រូវការចាំបាច់។ ការបិទតួរនៃផ្សារទាំង៨នេះ ដោយសារចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។
 
ដ្បិតខេត្តបាត់ដំបង មិនទាន់មានអ្នកជំងឺកូវីដ-១៩ តែរដ្ឋបាលខេត្តបានរៀបចំវិធានការតឹងរឹងបំផុត ពិសេសនៅតាមផ្សារដែលមានមនុស្សកកកុញ។ លោក ងួន រតនៈ បានបញ្ជាក់ទៀតថា វិធានការនេះអាចធ្វើឲ្យប៉ះពាល់អារម្មណ៍អាជីវករខ្លះដែរ ព្រោះផ្នែកខ្លះអនុញ្ញាតបើកលក់ធម្មតា។ «វាក៏ប៉ះពាល់អារម្មណ៍ខ្លះដែរ ដល់អ្នកលក់ ព្រោះតែមិនបានបិទទាំងអស់។ តែពួកគាត់ក៏យល់ពីស្ថានការណ៍ ក្រោយពីពន្យល់ណែនាំ»។
 
បច្ចុប្បន្នពលរដ្ឋខេត្តបាត់ដំបងយល់ដឹងច្រើន ពីរបៀបនៃការការពារខ្លួនពីជំងឺកូវីដ-១៩ ដូចជាពាក់ម៉ាស់ មានទឹកអាកុលជាប់ខ្លួនពេលធ្វើដំណើរ និងរក្សាគម្លាតជាដើម។ តែការសម្រេចចិត្តបិទផ្នែកខ្លះនៃផ្សារនេះ គឺជាការចូលរួមរបស់រដ្ឋបាលបាត់ដំបង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមិនទាន់មានការថមថយ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តបាត់ដំបង។
 
តាមរបាយការរបស់ក្រសួងសុខាភិបាល គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣០នាក់។
 
ភ្នំពេញ ជាកន្លែងហានិភ័យខ្ពស់ទាក់ទងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ក្រៅពីនោះមានដូចជា ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់៕
 

Tag:
 បាត់ដំបង COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com