ជាតិ
សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង១,៦ពាន់លានដុល្លារ ពីពន្ធដារ និងពន្ធគយ ក្នុងត្រីមាសទី១
12, Apr 2021 , 9:29 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង១,៦០០លានដុល្លារ ពីការប្រមូលពន្ធដារ និងពន្ធគយ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយអះអាងបានថា កម្ពុជានឹងមិនមានបញ្ហាប្រឈមនៃការខ្វះខាតថវិកាសម្រាប់ការចំណាយ ដើម្បីបំពេញតម្រូវការជាតិឡើយ បើទោះរដ្ឋាភិបាល កំពុងមមាញឹកប្រយុទ្ធប្រឆាំងនឹងព្រឹត្តិការណ៍សហគម២០កុម្ភៈក្តី។

 
សម្តេច ហ៊ុន សែន ដែលបានថ្លែងចេញពីគេហដ្ឋាននៅទីក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១០មេសា បានបញ្ជាក់ថា រដ្ឋាភិបាលនៅតែបន្តរក្សាកំណើន ក្នុងការទទួលបានប្រាក់ចំណូលពីការប្រមូលពន្ធដារ និងពន្ធគយ នៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅកម្ពុជា។ 
 
«ខែ៣[ខែមីនា ឆ្នាំ២០២១] កន្លងទៅ ចំណូលថវិកាផ្នែកពន្ធដាទទួលបានជាង៦០០លានដុល្លារ និង ផ្នែកគយទទួលបានជាង ២០០លានដុល្លារ។ សរុបជាង ៨០០លានដុល្លារ។ បើពន្ធដារគិតទាំងខែ១ និងខែ២ បូកនឹងខែ៣ បានជាង ១ពាន់លានដុល្លារ រួចទៅ។ ឯផ្នែកគយទាំង៣ខែ បាន[ចំណូល] ជាង៦០០លានដុល្លាររួចទៅហើយ»។ នេះបើតាមសម្តេច ហ៊ុន សែន ។
 
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានអះអាងថា ចំណូលថវិកាជាតិដែលបានពីការប្រមូលពន្ធដារ និងពន្ធគយ ក្នុងត្រីមាសមួយនៃឆ្នាំ២០២១នេះ រួមជាមួយនឹងសាច់ប្រាក់ដែលរដ្ឋាភិបាលបានសន្សំទុក គឺអាចធានាបើកប្រាក់បៀវត្សដល់មន្ត្រីរាជការរបស់ខ្លួនបាន ជាង៣ឆ្នាំទៀត៕
 

Tag:
 ថវិកាជាតិ
  សម្តេច ហ៊ុន សែន
  ពន្ធដារ
  ពន្ធគយ
© រក្សាសិទ្ធិដោយ thmeythmey.com