ជាតិ
វត្តផូ ខេត្តបន្ទាយមានជ័យ ប្រឹងតុបតែងលម្អ បង្ហាញអត្តសញ្ញាណខ្មែរនៅចូលឆ្នាំថ្មី
13, Apr 2021 , 9:29 am        
រូបភាព
ដោយ:
ជារៀងរាល់ឆ្នាំ វត្តពោធិឧត្តមមារាមតាផូ ហៅវត្តផូ មិនដែលអាក់ខានក្នុងការរៀបចំតុបតែង  ទីអារាម ដើម្បីទទួលទេវតាឆ្នាំថ្មីនោះទេ។ ដ្បិតកូវីដ-១៩រាតត្បាតក្តី ក៏ព្រះសង្ឃក្នុងវត្ត មានការរៀបចំលម្អវត្ត ដើម្បីទទួលទេវតាឆ្នាំថ្មី និងអាចឱ្យពុទ្ធបរិស័ទទីជិត ឆ្ងាយមកថតរូបទុកជាអនុស្សាវរីយ។នេះបើតាម ភិក្ខុវរឃោសោ មួង ឆាង គង់នៅវត្តផូ ។



ព្រះសង្ឃប្រមាណ ២០អង្គក្នុងវត្តផូ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរៀបចំវត្តអារាម សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ បើតាមព្រះអង្គ មួង ឆាង នៅក្នុងវត្តផូ មានរៀបចំដូចជាការលម្អមួកត្នោត ការចងទង់សាសនា តុបតែងខ្លោងទ្វាវត្ត និងរៀបចំកន្លែងទទួលទេវតាយ៉ាងប្រណិត។ ទីធ្លាអារាមក៏បានសម្អាត យ៉ាងស្រស់ស្អាតផងដែរ។


 
« ជារៀងរាល់ឆ្នាំតែងមានការរៀបចំវត្តអារាមតាមសណ្ឋានផ្សេងៗ។ វត្តខ្លះក៏មានការរៀបចំធំ វត្តខ្លះក៏រៀបចំធម្មតា វត្តខ្លះក៏មិនមានការរៀបចំ គ្រាន់តែរៀបកន្លែងទទួលទេវតា។ ការរៀបចំនេះគឺដើម្បីបង្ហាញពីបុណ្យប្រពៃណីខ្មែរ ដែលមានតាំងពីបុរាណកាលមក ។ ដូចក្នុងវត្តតាផូនេះ មានជាការៀបចំដូចជា ចងចង្អេរ ចងកន្ត្រក ចងក្អម ចងមួកស្លឹកត្នោត ដើម្បីបង្ហាញវត្ថុ ដែលបុរាណយើងបានធ្វើ បង្ហាញពីការច្នៃប្រឌិតនូវវត្ថុប្រើប្រាស់ផ្សេងៗ» ។ នេះជាសង្ឃដីការបស់  ភិក្ខុវរឃោសោ មួង ឆាង។
 
ភិក្ខុរវឃោសោ មួង ធាង ក៏បានមានសង្ឃដីកា ដែរថាក្នុងឆ្នាំនេះ គណៈកម្មាធិការវត្តផូ ក៏មានបំណងរៀបចំសង្គ្រាន្ត ដើម្បីទទួលពុទ្ធបរិស័ទផងដែរ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យមានការអាក់ខានរៀបចំពិធីមួយនេះ។ 
 
ខណៈមានពុទ្ធបរិស័ទចេញចូលវត្ត ក្នុងបរិបទកូវីដ-១៩នេះ គណៈកម្មធិការវត្តផូ ក៏បានអនុវត្តវិធានសុវត្ថិភាព ដូចជាការដាក់អាល់កុល និងជែលសម្រាប់លាងដៃ ចែកម៉ាស់ដល់ពុទ្ធបរិស័ទ និងប្រើប្រាស់ម៉ាស៊ីនវាស់កម្ដៅ ផងដែរ៕






 

Tag:
 ThmeyThmey
  ខេត្តបន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com