អន្តរជាតិ
ឥណ្ឌា ហាមនាំចេញថ្នាំព្យាបាលជំងឺកូវីដ-១៩ ខណៈការឆ្លងកំពុងកើនឡើងខ្លាំង
12, Apr 2021 , 8:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ឥណ្ឌា នៅថ្ងៃទី១១ ខែមេសា បានហាមឃាត់ការនាំចេញឱសថ Remdesivir ដែលត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺកូវីដ-១៩ រួមទាំងគ្រឿងផ្សំសំខាន់ៗផ្សេងទៀត ដែលមានមុខងារប្រឆាំងវីរុស។ បម្រាមនេះធ្វើឡើង ខណៈករណីឆ្លងនៅឥណ្ឌាកើនឡើងខ្លាំង និងមានការខ្វះខាតឱសថសម្រាប់ ប្រើប្រាស់។


 
ឥណ្ឌា ដែលត្រូវបានគេស្គាល់ថាជាអ្នកផលិតឱសថធំជាងគេបង្អស់របស់ពិភពលោក បានបញ្ឈប់ការ នាំចេញវ៉ាក់សាំងកូវីដ-១៩ ទៅក្រៅប្រទេសរួចមកហើយ ស្របពេលករណីឆ្លងកើនឡើងរហ័ស។ មក ដល់ពេលនេះ ឥណ្ឌាក៏បានហាមឃាត់ការនាំចេញឱសថព្យាបាលកូវីដ-១៩ ឈ្មោះ Remdesivir ថែម ទៀត។ បើតាមទីភ្នាក់ងារ AFP បន្ថែមលើការហាមនាំចេញ ក្រសួងសុខាភិបាលឥណ្ឌា ក៏បានស្នើឱ្យ ក្រុមហ៊ុនផលិតឱសថ Remdesivir បង្កើនការផលិតដើម្បីផ្គត់ផ្គង់ឱ្យបានកាន់តែឆាប់រហ័សផងដែរ។
 
កន្លងមក ក្រុមហ៊ុនឥណ្ឌាចំនួន៧ ទទួលបានអាជ្ញាប័ណ្ណផលិតឱសថនេះពីក្រុមហ៊ុន Gilead Sciences ។ ពួកគេមានសមត្ថភាពផលិតប្រហែល៣,៩លាន ក្នុងមួយខែសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅប្រទេសជាង១០០។ 
 
យ៉ាងណាមិញ អង្គការសុខភាពពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ ប្រឆាំងនឹងការប្រើប្រាស់ថ្នាំ Remdesivir ចំពោះអ្នកជំងឺ ព្រោះ មិនមានភស្តុតាងណាមួយដែល បង្ហាញថា ថ្នាំនេះ មានប្រសិទ្ធភាពអាចជួយដល់អ្នកជំងឺឡើយ។ តែទោះជាយ៉ាងណា ប្រទេសជាច្រើន រួមទាំងឥណ្ឌា នៅតែបន្តប្រើប្រាស់វាដដែល។
 
ពាក់ព័ន្ធឱសថ Remdesivir  អាជ្ញាធរឥណ្ឌា កំពុងបារម្ភការលួចថ្នាំនេះក្នុងទីផ្សារងងឹតដោយពួក ឱសថការី ក៏ដូចជាអ្នកកាន់ស្តុកថ្នាំជាដើម។ ក្នុងទីផ្សារងងឹតនេះ តម្លៃ Remedesivir ត្រូវលក់ថ្លៃជាង តម្លៃធម្មតាដល់ទៅ១០ដង។ សកម្មភាពនេះបានធ្វើឱ្យមានការខ្វះខាតឱសថដែលចាំបាច់សម្រាប់ ប្រើប្រាស់ក្នុងការទប់ស្កាត់ការរីកសាយកូវីដ-១៩ របស់ឥណ្ឌាបច្ចុប្បន្ននេះ។
 
ឥណ្ឌាដែលដើមឆ្នាំអាចទម្លាក់ករណីឆ្លងមកត្រឹមខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃនោះ កំពុងរងការវាយប្រហារ រលកថ្មីមួយទៀត ដែលប៉ុន្មានថ្ងៃមកនេះមានករណីឆ្លងថ្មីខ្ទង់មួយសែននាក់រហូត។ នៅថ្ងៃទី១២ ខែមេសា ឥណ្ឌាឡើងឈរលេខ២ ជាប្រទេសមានករណីឆ្លងច្រើន ដោយនាំមុខប្រេស៊ីល និងតាមពី ក្រោយអាមេរិក។ ឥណ្ឌាមានករណីសរុបជាង១៣លាន៥សែននាក់ នាំមុខប្រេស៊ីលដែលមានជាង១៣ លាន៤សែននាក់៕
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com