COVID-19
ជាតិ
មនុស្ស៣នាក់ទៀតស្លាប់ ដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យអ្នកស្លាប់នៅកម្ពុជាកើនដល់៣៣នាក់
13, Apr 2021 , 9:35 am        
រូបភាព
ពលរដ្ឋខ្មែរ ចំនួន ៣នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះ២នាក់ ស្លាប់ក្នុងអំឡុងពេលសម្រាកព្យាបាល និងម្នាក់ទៀតស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ អ្នក ស្លាប់ ជាស្ត្រីអាយុ ៧៩ឆ្នាំ , ស្ត្រីអាយុ ៥៩ឆ្នាំ និងបុរសអាយុ ៥៧ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។



សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលស្លាប់ មានស្ត្រីអាយុ ៧៩ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ  ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ និងបានចូលសម្រាកនៅមន្ទីរពេទ្យ នៅរសៀល ថ្ងៃទី៣០មីនា ជាមួយនឹងស្ថានភាពក្អក ហត់ខ្លាំង។ ដោយសារស្ថានភាពជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ដល់ថ្ងៃទី១២ មេសា តម្រូវឱ្យគ្រូពេទ្យប្រើម៉ាស៊ីនជំងឺដង្ហើម និងវិធីសាស្ត្រសង្គ្រោះផ្សេងទៀតតាមបច្ចេកទេស ប៉ុន្តែនៅតែមិនអាចសង្គ្រោះបាន។ អ្នកជំងឺរូបនេះ បានបាត់បង់ជីវិត នៅម៉ោង ១រសៀល ថ្ងៃទី១២ មេសា។

អ្នកជំងឺស្ត្រីម្នាក់ទៀត អាយុ ៥៩ឆ្នាំ ក៏បានស្លាប់ដោយសារជំងឺកូវីដ-១៩ មានអាសយដ្ឋាន នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមក្រសួងសុខាភិបាល អ្នកជំងឺរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យ នៅថ្ងៃទី១០មេសា ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យគ្រូពេទ្យ ព្យាបាលសង្គ្រោះបន្ទាន់ ដោយប្រើម៉ាស៊ីនជំនួយដង្ហើម និងយកសំណាកទៅវិភាគ។ ជាលទ្ធផល ស្ត្រីរូបនេះ វិជ្ជមានកូវីដ-១៩ ។ ដល់ថ្ងៃទី១២មេសា អ្នកជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរ និងឈានដល់បាត់បង់ជីវិត នៅថ្ងៃដដែល។ ករណីស្ត្រីរូបនេះ គ្រូពេទ្យសន្និដ្ឋានថា គាត់បានស្លាប់ ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ធ្ងន់ធ្ងរ និងរលាកទាំងសងខាង ដោយសារជំងឺកូវីដ-១៩។

មួយករណីទៀត គឺបុរសអាយុ ៥៧ឆ្នាំ ដោយបានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី១២មេសា មុនត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយធ្វើវិភាគសំណាកបុរសរូបនេះ មានវិជ្ជមានកូវីដ-១៩។  បុរសរូបនេះ  រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ 

សូមជម្រាបថា គិតមកទល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣៣នាក់ ហើយ។ កម្ពុជាមានអ្នកឆ្លងកូវីដ-សរុប ៤៦៩៦នាក់ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ មានចំនួន ៤១៥០នាក់។ អ្នកសះស្បើយសរុបមាន ២២៥២នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com