ជាតិ
សុខភាព
ចិន នឹងផ្ដល់វ៉ាក់សាំងSinopharm ៤០ម៉ឺនដូសទៀត ដល់កម្ពុជា នៅចុងខែមេសា
13, Apr 2021 , 10:40 am        
រូបភាព
រូបតំណាង៖ វ៉ាក់សាំងរបស់Sonopharm ចំនួន៦០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១។
រូបតំណាង៖ វ៉ាក់សាំងរបស់Sonopharm ចំនួន៦០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន បន្តផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19) របស់ក្រុមហ៊ុនSinopharm ចំនួន៤០ម៉ឺនដូស បន្ថែមទៀតដល់កម្ពុជា។ ការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣មេសា បានបញ្ជាក់ថា វ៉ាក់សាំងចំនួន៤០ម៉ឺនដូសនោះ នឹងមកដល់កម្ពុជា នាចុងខែមេសា ។

 
បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន៣ប្រភេទ ស្មើនឹង ៣,១២៤,០០០ដូស ដែលកំពុងផ្តល់ឱ្យពលរដ្ឋ។ ក្នុងនោះ វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន១,៣លានដូស ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលចិន តាំងពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១មក។ បន្ទាប់មកកម្ពុជា ក៏ទទួលបានវ៉ាក់សាំងCOVISHIELD ចំនួន៣២៤,០០០ដូស ជាជំនួយរបស់កម្មវិធីCOVAX និង១,៥លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ដែលកម្ពុជាបញ្ជាទិញពីចិន ក្នុងតម្លៃ១៥លានដុល្លារ។
 
គិតត្រឹមថ្ងៃ១៤មេសា កម្ពុជា មានមនុស្សសរុប ១,០៩៩,៨១១នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយក្នុងនោះ មាន៨៥០,៧៩៨នាក់ ជាក្រុមពលរដ្ឋមានអាទិភាព និង ២៤៩,០១៣នាក់ទៀត គឺជាកងកម្លាំងយោធា។ នេះយោងបើទិន្នន័យផ្សេងពីគ្នារបស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤,៦៩៦ករណី ក្នុងនោះ៤,១៦០នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២,២៥២ នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់៣៣នាក់។
 
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និងព្រះវិហារ៕
 

Tag:
 វ៉ាក់សាំង
  COVID-19
  Sinopharm
© រក្សាសិទ្ធិដោយ thmeythmey.com