COVID-19
ជាតិ
ការឆ្លងសហគមន៍ក្នុងខេត្តសៀមរាបដល់ចំណុចបារម្ភខ្ពស់ ក្រោយរកឃើញ៤ករណីក្នុងថ្ងៃតែមួយ
13, Apr 2021 , 11:15 am        
រូបភាព
សមាជិកគ្រួសារអ្នកដែលរកឃើញវិជ្ជមានកូវីដ១៩ នាយប់ថ្ងៃទី១២ មេសា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សមាជិកគ្រួសារអ្នកដែលរកឃើញវិជ្ជមានកូវីដ១៩ នាយប់ថ្ងៃទី១២ មេសា។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ចំនួន៣នាក់បន្ថែមទៀត នាពាក់កណ្ដាលអាធាត្រ ថ្ងៃទី១២ មេសា ដែលជាករណីឆ្លងព្រឹត្តិការណ៍សហគមន៍។ សមាជិកទាំង៣នាក់ គឺជាក្រុមគ្រួសារនៃបុរសអ្នកវិជ្ជមាន ដែលអាជ្ញាធរបានរកឃើញនៅពេលថ្ងៃ ដែលអ្នកជំងឺរូបនេះ មានការពាក់ព័ន្ធនឹងករណីបុរសអ្នករត់តាក់ស៊ី តេស្ដវិជ្ជមានកូវីដ១៩ កាលពីចុងខែមីនាកន្លងទៅ។

 
សមាជិកគ្រួសារ៣នាក់បន្ថែមទៀត បានកើតជំងឺកូវីដ១៩ និងត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ ករណីទាំងនេះរួមមាន ទី១ ឈ្មោះ ចាន់ ផុន ភេទស្រី អាយុ ២១ឆ្នាំ ទី២ ឈ្មោះ ជា គីម ភេទស្រី អាយុ ៥០ឆ្នាំ និងទី៣ ឈ្មោះ សរ សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៥០ឆ្នាំ ដែលអ្នកទាំង៣ ជាសមាជិកគ្រួសារឈ្មោះ អ៊ឹង ខៃលី ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅមុននោះបន្ដិច។ តាមរបាយការណ៍របស់អាជ្ញាធរ ក្រុមគ្រួសារទាំងនេះ គឺជាអាជីវករលក់ដូរ នៅផ្សារក្រោម និងផ្សារវត្តអធ្វា។ បច្ចុប្បន្ន អាជ្ញាធរសម្រេចបិទផ្សារទាំង២នេះជាបណ្ដោះអាសន្ន។
 
រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីចំណុចដែលព្រួយបារម្ភខ្ពស់ ក្រោយរកឃើញការឆ្លងក្នុងសហគមន៍ ៤ករណីក្នុងមួយថ្ងៃ និងសុំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយបង្កើនវិធានការ ៣ការពារ ៣កុំ។ សម្រាប់អ្នកពាក់ព័ន្ធ ត្រូវធ្វើចត្ដាឡីស័កនៅផ្ទះ ហើយអ្នកដែលមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅកាន់លេខទូរសព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។
 
គិតត្រឹមថ្ងៃទី១២ ខែមេសា ខេត្តសៀមរាប មានករណីឆ្លងសហគមន៍២០ កុម្ភៈ សរុប ១៦នាក់ហើយ ក្នុងនោះបានជាសះស្បើយ៣នាក់៕
 

Tag:
 COVID-19
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com