ជាតិ
សង្គមជាតិ
បុរសមា្នក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយបង្ហោះព័ត៌មានមិនពិត ពីវ៉ាក់សាំងកូវីដ-១៩ តាមTikTok
× ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានបញ្ជូនទៅតុលាការ ក្រោយបង្ហោះសាររារាំងពលរដ្ឋ ចាក់វ៉ាក់សាំងកូវីដ-១៩ តាមរយៈគណនីTikTok ឈ្មោះ«ចង្ហាន់ហុយ»។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានថ្មីៗ ។
លោក សាន សុខសីហា បានបញ្ជាក់ថា អាជ្ញាធរបាលឃាត់ខ្លួនបុរសរូបនោះកាលពីថ្ងៃទី១២ ខែមេសា ដោយសារតែបុគ្គលនោះ បានផ្សព្វផ្សាយអំពីបញ្ហានៃការវ៉ាក់សាំងកូវីដ-១៩ ដែលជាព័ត៌មានមិនពិត។
«បុរសរូបនោះបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការចាក់វ៉ាក់សំាងកូវីដ-១៩ដែលជួបបញ្ហាអ៊ីចេះ បញ្ហាអ៊ីចុះ ដែលជាការរារាំងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួង»។ នេះជាការរៀបរាប់របស់លោក សាន សុខសីហា ដែលបន្តថា នាព្រឹកថ្ងៃនេះអាជ្ញាធរបានបញ្ជូនបុរសរូបនោះទៅតុលាការហើយ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វីដេអូដែលបុរសរូបនោះ បាននិយាយរារំាងដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងគណនីTikTokឈ្មោះ«ចង្ហាន់ហុយ» ត្រូវបានអាជ្ញាធរលុបចេញហើយ ដើម្បីកុំឲ្យពលរដ្ឋមានការភ័ន្តច្រឡំ៕
© រក្សាសិទ្ធិដោយ thmeythmey.com