ជាតិ
ពិព័រណ៍សារមន្ទីជាតិ១០១ឆ្នាំ៖ ប្រវត្តិព្រះពុទ្ធរូបវត្តកំពង់ហ្លួងនៅអង្គរបុរីអតីតទឹកដីក្រុងបុរាណ
13, Apr 2021 , 3:32 pm        
រូបភាព
រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិកម្ពុជា។
រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិកម្ពុជា។
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដោយសហការជាមួយសាលាបារាំងចុងបូព៌ា, សារមន្ទីជាតិដែលស្ថិតនៅក្រោមចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតពិព័រណ៍តាមអនឡាញជាលើកទី១របស់ខ្លួននៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ នៅក្នុងអំឡុងពេលពិព័រណ៍នេះ សារមន្ទីជាតិផ្សព្វផ្សាយប្រវត្តិរូបចម្លាក់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនជូនអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ ដោយទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញខាងលើ និងដោយមានគោលបំណងចូលរួមផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) សូមបង្ហាញជូននូវប្រវត្តិរូបចម្លាក់មួយចំនួនដូចតទៅ។

 
រូបព្រះពុទ្ធអង្គនាពេលបច្ចុប្បន្ននេះ មានសភាពខុសស្រឡះពីទ្រង់ទ្រាយដើមកាលដែលតម្កល់លើបល្ល័ង្កក្នុងព្រះវិហារវត្តកំពង់ ហួង (នៅអង្គរបុរីអតីតទឹកដីក្រុងបុរាណ)។ ព្រះពុទ្ធរូបអង្គនេះ ឆ្លាក់នៅសតវត្សទី៦ ហើយទំនងជាមានឧបាសកឧបាសិកាគោរពបូជា គ្រប់សម័យរៀងមក ដោយហេតុតែមានស្នាមជួសជុលពីលើច្រើនស្រទាប់ ច្រើនគ្រា ជាស្នាមស្រ័ក្សណ៍ និងទីបទឹកមាស។ ការជួសជុល ចុងក្រោយបំផុត ប្រហែលធ្វើឡើងក្នុងសតវត្សទី១៩ ដោយបានកែកុនខុសទម្រង់បុរាណជាច្រើនផ្នែក ជាពិសេសត្រង់ព្រះសូរងដែល វែងជាងពីដើម។
 
នៅខែកញ្ញា ឆ្នាំ១៩៤៤ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រោសព្រះរាជទានឲ្យលោក ព្យែរ៍ ឌុយប៉ុងត៍ ចាងហ្វាងសារមន្ទីរ យាងព្រះពុទ្ធរូបអង្គនេះមករក្សាទុកក្នុងសារមន្ទីរជាតិ ដើម្បីជួសជុលឲ្យឃើញទម្រង់ដើមឡើងវិញ។ គ្រានោះ លោកឃុនបញ្ញាសោភ័ណ្ឌ គាំ ឌុម ជាស្មៀននៅសារមន្ទីរ បានរៀបចំបេសកកម្មមួយដោយទូកទៅហែព្រះពុទ្ធរូបនោះមក ហើយលោក ត្រូវខិតខំបញ្ចុះបញ្ចូលលោកគ្រូសង្ឃរាជ និងពុទ្ធបរិស័ទចំណុះជើងវត្ត ឲ្យបរិច្ចាគប្រតិមានោះមករក្សាទុកនៅសារមន្ទីរ។ ក្រោយជជែក អស់មួយរយៈកាលដ៏យូរ ទើបពុទ្ធបរិស័ទនិងលោកគ្រូសង្ឃរាជវត្តអនុញ្ញាតឲ្យដឹកព្រះពុទ្ធរូបតាមទូកឆ្លងកាត់ទន្លេបាសាក់ឆ្ពោះមក រាជធានីភ្នំពេញ ជាទីកន្លែងដែលសារមន្ទីរចំណាយពេលច្រើនថ្ងៃដើម្បីជួសជុល។ ពេលហែតាមទូក ប្រតិមានេះបាក់ជាពីរចំព្រះឧទរ បណ្តាលឲ្យលោក ឌុយប៉ុងត៍ សោកស្តាយនិងខ្មាសអៀនពន់ពេកទើបលោកផ្លាស់ប្តូរគំនិតដើមទាំងស្រុងក្នុងការដកស្រទាប់ស្រ័ក្សណ៍ និងសន្លឹកមាសចេញ។ លោកសម្រេចចិត្តលាបថ្នាំទឹកមាសលើរូបប្រតិមាព្រះអង្គ ដើម្បីបំបាត់ស្នាមនៃការជួសជុលត្រង់ព្រះឧទរ។
 
នៅដើមទសវត្សរ៍ឆ្នាំ២០០០ ថ្នាំទឹកមាសចាស់ពីមុននោះហើរពណ៌ស្លេក និងរបកចេញដោយអន្លើ ទើបរោងជាងនៃសារមន្ទីរ សម្រេចជួសជុលដោយប្រុងប្រយ័ត្នខ្ពស់ និងចំណាយពេលយ៉ាងយូរ។ គោលបំណងនៃការជួសជុល គឺធ្វើត្រឹមការដកយកថ្នាំទឹកមាស ចេញដោយរក្សាទុកថ្នាំពណ៌ខ្មៅនិងក្រហមនាអំឡុងសតវត្សទី១៥។ អរគុណចំពោះចំណាត់ការនៃការយាងប្រតិមានេះមករក្សាទុកនៅ សារមន្ទីរ ប្រសិនបើមិនដូច្នោះទេ ព្រះពុទ្ធរូបអង្គនេះ ប្រហែលជារងការបំផ្លិចបំផ្លាញនៅក្នុងសម័យខ្មែរក្រហមបាត់ក៏ពុំដឹង?
 
ប្រសិនបើយើងពិនិត្យមើលព្រះភ័ក្ត្រព្រះពុទ្ធអង្គនេះ យើងសង្កេតឃើញថា ទម្រង់ព្រះភ័ក្ត្ររបស់ព្រះអង្គស្រដៀងនឹងព្រះភ័ក្ត្រ នៃប្រតិមាព្រះនារាយណ៍មកពីភ្នំដា និងតំបន់ភ្នំអង្គរបុរី (រូបទាំងនោះមានបង្ហាញ)។ ទឹកដៃនៃការឆ្លាក់រូបព្រះពុទ្ធអង្គនេះ ទំនងឆ្លាក់ ដោយក្រុមជាងតែមួយដែលសាងរូបក្នុងសម័យភ្នំដា៕
 

Tag:
 វប្បធម៌
  សារមន្ទីជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com