ជាតិ
ផ្កា និងរុក្ខជាតិសិប្បនិម្មិតរបស់កញ្ញា រិន វីរៈវិច្ចរ៉ា លក់ដាច់ក្នុងឱកាសបុណ្យចូលឆ្នាំ
13, Apr 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ សកម្មភាពទិញ-លក់ ផ្កាស្រស់ និងគ្រឿងរណ្ដាប់ទទួលទេវតា កាន់តែមមាញឹកនៅពិធីបុណ្យចូលឆ្នាំខ្មែរ ។ ដោយឡែក ផ្កា និងរុក្ខជាតិ សិប្បនិម្មិត ដែលមើលទៅដូចធម្មជាតិពិតៗ នៅហាង Art Green ក៏កំពុងលក់ដាច់ដែរ។



ផ្កា និងរុក្ខជាតិជ័រ ពេញនិយមសម្រាប់តុបតែងលម្អនៅតាមក្រុមហ៊ុន ហាងអាជីវកម្ម និងនៅតាមផ្ទះជាដើម។ កញ្ញា រិន វីរៈវិច្ចរ៉ា ម្ចាស់ហាង Art Green ដែលមានទីតាំងនៅបណ្ដោយផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ បានឱ្យដឹងថា កញ្ញា លក់ដាច់ផ្កា និងរុក្ខជាតិជ័រ កើនឡើង៥០ភាគរយហើយ នៅឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ភាគច្រើនប្រភេទផ្កា និងរុក្ខជាតិលម្អលើតុ ត្រូវបានលក់ដាច់ជាងគេ ដោយសារអតិថិជន ទិញសម្រាប់ដាក់កន្លែងសែនព្រេនទេវតា និងធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់។ 
 
ម្ចាស់អាជីវកម្មវ័យ ២៦ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះ៖«  «កាន់តែកៀកចូលឆ្នាំខ្មែរ ខ្ញុំកាន់តែលក់ដាច់។ ហើយណាមូយខ្ញុំកំពុងតែមានការបញ្ចុះតម្លៃផង អ៊ីចឹងអតិថិជន ចាប់អារម្មណ៍ច្រើន។ ការលក់បញ្ចុះតម្លៃនេះ សម្រាប់ចូលឆ្នាំខ្មែរ គឺប្រភេទផ្កា និងរុក្ខជាតិជ័រដាក់ថូ កម្ពស់ល្មមសម្រាប់យកដាក់លើតុសែនទេវតា និងជូនជាកាដូ»។
 


រូបភាពពី កញ្ញា រិន វីរៈវិច្ចរ៉ា ម្ចាស់ហាង Art Green

ដ្បិតមិនបង្ហាញពីចំណូលនៃការលក់ តែកញ្ញា វីរៈវិច្ចរ៉ា បានអះអាងថា ក្នុងមួយថ្ងៃមានអតិថិជន យ៉ាងតិច១០នាក់ បានទិញផ្កា និងរុក្ខជាតិនេះនៅហាងផ្ទាល់ និងបញ្ជាទិញតាមអនឡាញ ហើយភ្ញៀវភាគច្រើនទិញចំនួនពីរដើមឡើងទៅ។
 
បើតាម កញ្ញា វីរៈវិច្ចរ៉ា  ផ្កា និងរុក្ខជាតិជ័រ នៅហាងArt Green បាននាំចូលពីប្រទេសចិន ដែលមានច្រើនប្រភេទរួមមាន រុក្ខជាតិប្រភេទដើម, ស្លឹកលម្អតាមជញ្ជាំង, បែបសួនសិប្បនិម្មិត និងផ្កាគ្រប់ប្រភេទជាដើម ។ រីឯតម្លៃ គឺចាប់ពី ២ដុល្លារ រហូតដល់ជាង៤ពាន់ដុល្លារក្នុងមួយដើម ដោយអាស្រ័យតាមទំហំ។
 
តាមរយៈដំណើរការអាជីវកម្មរយៈពេល៣ឆ្នាំនេះ កញ្ញា វីរៈវិច្ចរ៉ា មើលឃើញថា ផ្កា និងរុក្ខជាតិសិប្បនិម្មិត នៅហាង Art Green នាឱកាសបុណ្យចូលឆ្នាំនេះ មានការពេញនិយមពីអតិថិជនជាងឆ្នាំមុនៗ ទោះបីកូវីដ-១៩ កំពុងរាតត្បាតក្តី។ នោះក៏ព្រោះតែហាងផ្កា របស់នាង មានម៉ូត និងជម្រើសច្រើនសម្រាប់ភ្ញៀវ ជាពិសេស វាងាយថែទាំ និងទុកបានយូរជាងផ្កា និងរុក្ខជាតិស្រស់៕ 
 

Tag:
 ផ្កា
 រុក្ខជាតិ
  ជ័រ
  រិន វីរៈវិច្ចរ៉ា
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com