COVID-19
អន្តរជាតិ
លោក វ៉ាង យី៖ ចិននឹងរួមគ្នាជាមួយបណ្តាប្រទេសដទៃ ដើម្បីកម្ចាត់កូវីដ-១៩
13, Apr 2021 , 9:29 pm        
រូបភាព
ប្រមុខការទូតចិន លោកវ៉ាង យី ថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីពិសេសនៃក្រសួងការបរទេសចិន នៅខេត្តHubei នៅថ្ងៃទី១២ ខែមេសា។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោកវ៉ាង យី ថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីពិសេសនៃក្រសួងការបរទេសចិន នៅខេត្តHubei នៅថ្ងៃទី១២ ខែមេសា។ រូបភាព៖ Xinhua
ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី១២ ខែមេសា បានអះអាងថា ចិន នឹងសាមគ្គីជាមួយបណ្តាប្រទេសដទៃ ដើម្បីប្រយុទ្ធជំងឺឆ្លងសកលកូវីដ-១៩។ ប្រមុខការទូតចិនក៏ស្នើឱ្យប្រទេសទាំងអសប្រឆាំង ជាតិនិយមវ៉ាក់សាំងផងដែរ។

 
នាកម្មវិធីពិសេសមួយ ដែលរៀបចំដោយក្រសួងការបរទេសចិននៅខេត្ត Hubei ទីដែលជំងឺកូវីដ-១៩ ផ្ទុះមុនគេនៅចុងឆ្នាំ២០១៩ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បានលើកឡើងពីបញ្ហាជាច្រើនទាក់ទិននឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតសកល។ 
 
ថ្លែងចំពោះមុខអ្នកចូលរួម លោក វ៉ាង បានសង្កត់ធ្ងន់ថា៖ «ចិន នឹងគោរពគោលការណ៍សាមគី្គភាព និងជំនួយទៅវិញទៅមក និងរួមគ្នាជាមួយបណ្តាប្រទេសដទៃប្រយុទ្ធនឹងកូវីដ-១៩ ដល់ដំណាក់កាលចុងក្រោយ»។ បើតាមលោកវ៉ាង កូវីដ-១៩ បានរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក ស្របពេលសេដ្ឋកិច្ចសកល កំពុងដាំក្បាលចុះ។
 
ក្នុងន័យនេះ ចិននឹងបន្តកិច្ចខិតខំរបស់ខ្លួនបន្ថែមទៀត ដើម្បីធ្វើឱ្យដំណើរការផលិតសម្ភារប្រយុទ្ធប្រឆាំងកូវីដ-១៩ ដូចជាម៉ាស់ និងទឹកលាងដៃជាដើម មានស្ថិរភាព និងអាចផ្តល់ឱ្យប្រទេសដែលកំពុងត្រូវការឧបករណ៍ទាំងនោះ។ ប្រមុខការទូតចិន ក៏បានរំលឹកផងដែរថា ចិន បានផ្តល់ជំនួយ ដែលជាសម្ភារប្រយុទ្ធប្រឆាំងកូវីដ-១៩ ទៅឱ្យប្រទេសចំនួន ១៦០ឯណោះ និងវ៉ាក់សាំងទៅដល់ប្រទេសជាង១០០ រួមទាំងអង្គការអន្តរជាតិផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
 
ជាមួយគ្នានេះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានបន្តទៀតថា ដោយសារតែកូវីដ-១៩ វាបានធ្វើឱ្យពិភពលោកដឹងយ៉ាងច្បាស់ថា ប្រទេសទាំងអស់ គឺជាសហគមន៍មួយ ដែលមានអនាគតរួមគ្នា។ 
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតចិន ក៏បានប្តេជ្ញាបើកចំហរសេដ្ឋកិច្ចរបស់ចិន និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផ្សេងទៀតផងដែរ ដើម្បីជួយសេដ្ឋកិច្ចរបស់ពិភពលោកឡើងវិញ។ លើសពីនេះចិន នឹងប្រកាន់ខ្ជាប់ពហុភាគីនិយម ការពារសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងកែលម្អប្រព័ន្ធអភិបាលសកល។ 
 
គួររំលឹកថា ទោះចិនជាកន្លែងផ្ទុះកូវីដ-១៩ មុនដំបូងគេ ប៉ុន្តែរដ្ឋាភិបាលប្រទេសមួយនេះ បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់កូវីដ-១៩។ មកទល់ពេលនេះ ចិនមានករណីឆ្លងតិចតួចប៉ុណ្ណោះនៅក្នុងប្រទេស ស្របពេលប្រទេសអឺរ៉ុបខ្លះ និងអាមេរិកផងនោះ នៅតែមានករណីឆ្លងហក់ឡើងខ្លាំង៕
 

Tag:
 ចិន
  កូវីដ-១៩
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com