កុំបង្កបញ្ហា ខណៈសង្គម កំពុងមានវិបត្តិ
COVID-19
ជាតិ
កុំបង្កបញ្ហា ខណៈសង្គម កំពុងមានវិបត្តិ
13, Apr 2021 , 9:59 pm        
រូបភាព
កម្លាំងសមត្ថកិច្ចខេត្តព្រៃវែង ឈរជើងយាមតាមគោលដៅ ដើម្បីហាមឃាត់មិនឲ្យមានការធ្វើដំណើរពីរាជធានីនិងខេត្តផ្សេង ចូលខេត្តព្រៃវែង។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង
កម្លាំងសមត្ថកិច្ចខេត្តព្រៃវែង ឈរជើងយាមតាមគោលដៅ ដើម្បីហាមឃាត់មិនឲ្យមានការធ្វើដំណើរពីរាជធានីនិងខេត្តផ្សេង ចូលខេត្តព្រៃវែង។ រូបពីទំព័រហ្វេសប៊ុករបស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង
ក្នុងអំឡុងប្រទេសជាតិ កំពុងជួបការលំបាក ដោយសារជំងឺកូវីដ-១៩ ប្រជាពលរដ្ឋគ្រប់រូប មានកាតព្វកិច្ចក្នុងការចូលរួមជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ការចូលរួមដ៏សំខាន់បំផុត គឺការអនុវត្តនូវអ្វីដែលរដ្ឋាភិបាលណែនាំ ហើយមិនធ្វើអ្វី ដែលរដ្ឋាភិបាលហាមឃាត់។ 



ប្រសិនបើអ្នកណាម្នាក់ ធ្វើអ្វី ដែលបង្កហានិភ័យនៃការរាលដាលជំងឺកូវីដ-១៩ អ្នកនោះ នឹងត្រូវគេ ចាត់ទុកជាជនបង្កបញ្ហាដល់សង្គម ទាំងដែលសង្គម កំពុងតែមានបញ្ហាស្រាប់។ ជននោះ នឹងត្រូវមនុស្សជាច្រើន នាំគ្នារិះគន់ថា មិនបានជួយហើយ ថែមទាំងនាំទុក្ខដល់សង្គមថែមទៀត។
 
គេ បានឃើញជាក់ស្តែងរួចហើយ ចំពោះមនុស្សមួយចំនួនតូច បានបំពានបម្រាមរបស់រដ្ឋាភិបាល។ ព្រោះតែចង់ទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានបិទការធ្វើដំណើរឆ្លងរាជធានី-ខេត្ត ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែ នៅតែមានអ្នកបំពាន។ 
 
មនុស្សប្រមាណ៤០នាក់ បានលួចចេញពីរាជធានីភ្នំពេញទៅខេត្តកំពង់ឆ្នាំង ហើយត្រូវអាជ្ញាធរខេត្តកំពង់ឆ្នាំង យកទៅធ្វើចត្តាឡីស័ក។ បន្ទាប់មក មានមនុស្ស៥នាក់ ចេញពីរាជធានីភ្នំពេញ និងម្នាក់ ចេញពីខេត្តព្រះសីហនុ ទៅខេត្តព្រៃវែង។ អ្នកទាំង៦នាក់នោះ ត្រូវអាជ្ញាធរខេត្តព្រៃវែង ប្រកាសថា ផ្ទុកជំងឺកូវីដ-១៩។ 
 
តាមពិតទៅ រដ្ឋាភិបាល មិនបានហាមឃាត់ដាច់ខាតនោះទេ ចំពោះការធ្វើដំណើរឆ្លងរាជធានី-ខេត្ត។ ប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងរាជធានី-ខេត្តបាន បើមានកិច្ចការចាំបាច់ ដោយត្រូវទៅសុំការអនុញ្ញាតពីអាជ្ញាធរ។ 
 
ក្រៅពីអ្នកបំពានបម្រាមឆ្លងរាជធានី-ខេត្តនេះ នៅមានអ្នកមួយចំនួនទៀត ដែលបំពានបម្រាមផ្សេងៗរបស់រដ្ឋាភិបាល ដូចជា ការលួចចេញពីការធ្វើចត្តាឡីស័ក និង ការបន្តជួបជុំគ្នាស៊ីផឹក ជាដើម។ 
 
ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា មិនទាន់ស្រាកស្រាន្តឡើយ តែកាន់តែមានសភាពធ្ងន់ធ្ងរ។ ក្នុងមួយថ្ងៃៗ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ខ្ទង់រយនាក់។ ចំណែកអ្នកស្លាប់ ដោយសារជំងឺរាតត្បាតនេះ កើនឡើងដល់ជាង៣០នាក់។ ដូច្នេះ ដំណាក់កាលនេះ គឺជាពេលដ៏សំខាន់បំផុត ដែលប្រជាពលរដ្ឋ ត្រូវគោរពតាមណែនាំរបស់រដ្ឋាភិបាលឲ្យបានម៉ត់ចត់ បើពុំដូច្នេះ ជំងឺកូវីដ-១៩ នឹងមិនងាយធូរស្បើយឡើយ៕ 
 
  
 

Tag:
 COVID-19
  វិធានការរដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com