កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel៖ Chelsea នឹងឈ្នះ UCL រដូវកាលនេះ មិនបាច់រង់ចាំ៣ឬ៥ឆ្នាំទៀតឡើយ
13, Apr 2021 , 10:29 pm        
រូបភាព
លោក Thomas Tuchel និយាយថា Chelsea នឹងឈ្នះពានរង្វាន់ Champions League នៅរដូវកាលនេះតែម្តង ដោយមិនចាំបាច់រង់ចាំដល់រយៈពេលបួន ទៅប្រាំឆ្នាំទៀតនោះទេ។ លោក Tuchel អះអាងដូច្នេះ មុន Chelsea ស្វាគមន៍ FC Porto ជំនួបជើងទី២ វគ្គ៨ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៣ ខែមេសានេះ។


នាសន្និសីទមុនជំនួបជើងទី២នៅ Stamford Bridge លោក Tuchel មានជំនឿចិត្តលើកូនក្រុមលោកនឹងដណ្តើមបានកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុប ពីគូប្រជែង Porto នៅរាត្រីនេះ។ តោខៀវជាក្រុមមានប្រៀបរួចទៅហើយ ដ្បិតមានគ្រាប់ចំណេញក្រៅដី២គ្រាប់ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមព័រទុយហ្គាល់ ២-០ កាលពីជើងទី១។
 
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ដែលផ្លាស់ទៅកាន់ក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍ ក្រោយចាកចេញពី Paris St Germain ដើម្បីជំនួសលោក Frank Lampard បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើ Chelsea អាចឈ្នះប៉ុន្មានប្រកួតចុងក្រោយ នោះក្រុមនឹងឈ្នះពានរង្វាន់មិនខាន។
 
«ពេលនេះគឺជាវេលាយើងហើយ…មិនចាំបាច់រង់ចាំ៣ឆ្នាំ ឬ៥ឆ្នាំទៀតនោះទេ។ យើងបានឈានមកដល់វគ្គនេះហើយ ទោះឧបសគ្គនៅចំពោះមុខប៉ុណ្ណាក៏យើងមិនគួរចាញ់ក្តីសុបិន និងក្តីសង្ឃឹមក្នុងការឈ្នះពានពេលនេះដែរ»។ លោក Tuchel ដែលធ្លាប់នាំ PSG ទៅកាន់វគ្គផ្តាច់ព្រ័ត្ររដូវកាលមុនអះអាងដូច្នេះ មុនបន្ថែមថាមិនត្រឹមតែ Champions League ឡើយ សូម្បីតែ FA Cup ក៏ Chelsea នឹងយកឱ្យបាននៅរដូវកាលនេះដែរ។
 
Chelsea ដែលឈរលេខរៀងទី៥ ក្នុងតារាង Premier League នឹងត្រូវប៉ះ Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅចុងសប្តាហ៍នេះ។
ដោយឡែកជំនួបមួយគូទៀត ក្រុមរងជើងឯក PSG នឹងត្រូវទទួលក្រុមការពារជើងឯក Bayern Munich សម្រាប់ជំនួបជើងទី២ វគ្គ៨ក្រុមផងដែរ។ កាលពីជើងទី Bayern Munich ចាញ់ក្រុមបារាំងក្នុងដីខ្លួនឯង ៣-២៕
 

Tag:
 Champions League
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com