កីឡាអន្តរជាតិ
អន្តរជាតិ
Dortmund ប្រាប់ភ្នាក់ងាររបស់ Haaland ថា មិនលក់រូបគេនៅរដូវក្តៅនេះទេ
13, Apr 2021 , 6:29 pm        
រូបភាព
ដោយ៖ជា យូគៀង

Borussia Dortmund បានសម្រេចមិនលក់កីឡាករវ័យ ២០ឆ្នាំ Erling Haaland ទៅឱ្យក្លិបណាមួយឡើយនាការដោះដូរនៅរដូវក្តៅខាងមុខ។ លោក Mino Raiola ដែលជាភ្នាក់ងាររបស់ Haaland បានបញ្ជាក់បែបនេះក្រោយពេលបានជួបពិភាក្សាជាមួយនាយកប្រតិបត្តិរបស់ក្លិបDortmund។


ឪពុករបស់ Haaland និងលោក Raiola បានធ្វើដំណើរទៅចរចាជាមួយក្លិបយក្សពីរនៅអេស្ប៉ាញ Real Madrid និង Barcelona រួចមក។ ទោះជាយ៉ាងណាក៏នាយកផ្នែកគ្រប់គ្រងកីឡាកររបស់ Dortmund លោក Michael Zorc ហាក់មិនមានឆន្ទៈក្នុងការលក់តារាឆ្នើមវ័យក្មេងរូបនេះឡើយ។
 
លោក Raiola ភ្នាក់ងារកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ បានប្រាប់ទូរទស្សន៍ Sport1ថា៖ «លោកបានពិភាក្សាជាមួយតំណាងក្លិប Dortmund រួចហើយ។ លោក Michael Zorc បានសម្រេចយ៉ាងច្បាស់ជាមួយពួកយើងថា Dortmund នឹងមិនលក់ Haaland នារដូវក្តៅខាងមុខនេះទេ។ ខ្ញុំគោរពតាមការសម្រេចចិត្តមួយនេះ»។
 
អនាគត់របស់ Haaland ខ្សែប្រយុទ្ធអន្តរជាតិន័រវែស ហាក់មានភាពមិនច្បាស់លាស់ឡើយ ក្រោយមានក្លិបធំៗពីរនៅអង់គ្លេសរួមមាន Manchester City និង Manchester United ចង់បានរូបគេទៅរួមក្រុម។ យ៉ាងណាក៏ដោយ Haaland ដែលនៅសល់កិច្ចសន្យាជាមួយ Dortmund រហូតដល់ឆ្នាំ ២០២៤ មានតម្លៃផ្ទេរមិនក្រោម១០០លានដុល្លារឡើយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com