COVID-19
ជាតិ
អាជ្ញាធរខេត្ត​ព្រះវិហារ​៖ រឿង​ស្ត្រី​ម្នាក់​តេស្ត​៥​លើក​ទើប​ឃើញ​កូ​វីដ​-១៩ ជា​ព័ត៌មាន​មិន​ពិត
13, Apr 2021 , 7:40 pm        
រូបភាព
ក្រុមគ្រូពេទ្យ និងអ្នកជំងឺស្រីដំបូង ដែលរកឃើញវិជ្ជមានកូវីដ-១៩ ជាករណីសហគមន៍ដំបូងនៅខេត្តព្រះវិហារ។ ​រូបភាព៖ ហ្វេសប៊ុកមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ
ក្រុមគ្រូពេទ្យ និងអ្នកជំងឺស្រីដំបូង ដែលរកឃើញវិជ្ជមានកូវីដ-១៩ ជាករណីសហគមន៍ដំបូងនៅខេត្តព្រះវិហារ។ ​រូបភាព៖ ហ្វេសប៊ុកមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ
រដ្ឋបាលខេត្ត​ព្រះវិហា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែលថា ស្ត្រី​ម្នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ខេត្តព្រះវិហារ ក្រោយ​ធ្វើតេស្ត លើក​ទី​៥​។  លោក យុទ្ធ គីម​អឿន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះវិហា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកជំងឺ​រូបនេះ មិនមាន​ប្រវត្តិ​ធ្វើតេស្តរ​កកូ​វីដ​-១៩ ពីមុនមក​ទេ​។ «​មិនមែន​តេស្ត​លើក​ទី​៥​ទេ ទើប​តេស្ត​លើកដំបូង​ទេ​។ ខេត្ត​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ហើយ​ជូន​សាធារណជន​។ តាមពិត​គេ​តេស្ត​ជាគោលការណ៍​ស្ថាប័ន គេ​តេស្ត​តែ​៣​លើក​ទេ​។ គេ​តេស្ត​ថ្ងៃទី​១៣​ចុងក្រោយ​ហ្នឹង បើ​អវិជ្ជមាន​៣​លើក​ហ្នឹង​ជាប់ៗ​គ្នា​។ តែ​៣​លើក​ហ្នឹងហើយ គាត់​អត់​មាន​កូ​វីដ​-១៩​ហើយ​។ គេ​មិនអាច​តេស្ត​គាត់​ដល់​៥​លើក​ទេ​»​។  នេះ​ជាការ​បញ្ជាក់​របស់ លោក គីម​អឿន​។

 
​ទោះយ៉ាងណា អ្នកនាំពាក្យ​រូបនេះ អះអាងថា អ្នកជំងឺ​កូ​វីដ​-១៩ ដែលជា​ករណី​ឆ្លង​ដំបូង​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅក្នុង​ខេត្តព្រះវិហារ​នេះ ធ្លាប់បាន​ដាក់ខ្លួន​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ អំឡុងពេល​ស្នាក់នៅ​ភ្នំពេញ​។ 
 
​រដ្ឋបាលខេត្ត​ព្រះវិហារ បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​១​នាក់ នៅ​ថ្ងៃទី​១២​មេសា ដែលជា​ករណី​ដំបូង​នៅក្នុង​ខេត្ត​នេះ ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​មក​។ អ្នកមាន​វិជ្ជមាន កូ​វីដ​-១៩ ដំបូង​នេះ​ជា​ស្ត្រី​អាយុ ២៩​ឆ្នាំ រស់នៅ​ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ដែល​បានធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ​។ 
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃទី​១៣​មេសា​នេះ សមាជិកគ្រួសារ​ដែល​បាន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈ​អាជ្ញាធរ កំពុង​ស្វះស្វែង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​អ្នកជំងឺ​រូបនេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com