ភ្នំពេញ៖ យុវជនមួយចំនួនគាំទ្រវិធានការហាមឃាត់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត ដែលរដ្ឋាភិបាលបានដាក់ចេញសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩។ ពួកគេយល់ថា វិធានការនេះជាយុទ្ធសាស្ត្រដ៏ល្អដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាកំពុងតែរាតត្បាតខ្លាំង។ ប៉ុន្តែវិធានការនេះ ក៏ធ្វើឲ្យពលរដ្ឋមួយភាគធំ នឹកស្រុកកំណើត។
កញ្ញា យន់ លាភ បុគ្គលិកធនាគារមួយកន្លែងនៅរាជធានីភ្នំពេញបានគិតទុកមុនថា បើរាជរដ្ឋាភិបាលមិនដាក់បម្រាមធ្វើដំណើរនេះទេ ក៏កញ្ញា យន់ លាភនៅតែមិនទៅជួបជុំគ្រួសារនៅស្រុកកំណើតឡើយ ដើម្បីការពារ និងសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារ។
មានស្រុកកំណើតនៅខេត្តព្រៃវែង កញ្ញា យន់ លាភ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«បើសិនជារាជរដ្ឋាភិបាលមិនទាន់មានវិធានការបិទច្រកចេញចូលពីខេត្តមួយទៅខេត្តមួយទេនាថ្ងៃចូលឆ្នាំខ្មែរនោះទេ ប្រាកដជាមានការរាតត្បាតខ្លាំងជាងនេះ»។
សម្រាប់លោក តន់ រតនា សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង បាននិយាយថាលោកគាំទ្រយ៉ាងពេញទំហឹងលើវិធានការដែលរាជរដ្ឋាភិបាលបានអនុម័ត សម្រាប់ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩នាថ្ងៃចូលឆ្នាំខ្មែរ។
«ខ្ញុំគាំទ្រលើចំណាត់ការហ្នឹង។ ទោះបីអត់ចេញចំណាត់ការហ្នឹងក៏ខ្ញុំមិនទៅស្រុកដែរ ពីព្រោះស្ថានការមិនស្រួលប៉ុន្មានដែរ។ អ៊ីចឹងយើងចូលរួមទៅ ដើម្បីកុំឲ្យនំាផលលំបាកសម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍របស់យើង»។ នេះជាការរៀបរាប់របស់លោក តន់ រតនា ដែលនិយាយថា រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរនេះ ខ្លួននឹងនៅផ្ទះ ដើម្បីសុវត្ថិភាព និងជៀសវាងការឆ្លងជំងឺកូវីដ-១៩។
ដ្បិតមានអ្នកទាំងពីរនេះ អាចធ្វើអារម្មណ៍បានធម្មតា ឆ្លើយតបនឹងបម្រាមរដ្ឋាភិបាល ក្នុងថ្ងៃចូលឆ្នាំនេះក្តី ប៉ុន្តែពលរដ្ឋផ្សេងទៀត កាន់តែសង្វេគពេលដែលមិនបានជុំគ្រួសារនៅថ្ងៃបុណ្យចូលឆ្នាំនេះ។ មានវ័យ២៤ ឆ្នាំ អ្នកនាង ប៉ិ ឆេងតាយ បុគ្គលិកផ្នែកទីផ្សារនៅស្ថាប័នឯកជនមួយ ក្នុងរាជធានីភ្នំពេញ ហាក់មានការសោកសង្រេង ដែលមិនអាចទៅជួបជុំសាច់ញាតិ និងនឹករំលឹកដល់កូនស្រីបង្កើតអាយុជាង១ខួប ដែលនៅខេត្តព្រៃវែង។
«ជាទូទៅមុនអត់ទាន់ផ្ទុះកូវីដ-១៩ ខ្ញុំទៅលេងកូន២ដង ក្នុង១ខែ ដល់ពេលមានបញ្ហាហ្នឹងកើតឡើងមក ខ្ញុំអត់ហ៊ានទៅលេងកូនទេ។ កាលៈទេសៈនេះ ខ្ញុំនឹកកូន និងក្រុមគ្រួសារ ប៉ុន្តែយើងមិនអាចទៅបានទេ។ អ៊ីចឹងមានតែទ្រំានឹកពួកគាត់ ដើម្បីសុវត្ថិភាព»។ នេះជាការលើកឡើងរបស់អ្នកនាង ឆេងតាយ ដែលបន្តថា ខ្លួននឹងវីដេអូខល តាមបណ្ដាញសង្គម ទៅកាន់ក្រុមគ្រួសារ ដើម្បីកាត់បន្ថយក្តីរំលឹកនេះ។
ចំណែកលោក ហ៊ឹន ស៊ីណាក់ ដែលបម្រើការងារផ្នែកព័ត៌មានវិទ្យានៅក្រុមហ៊ុនSabay បានខានទៅស្រុកកំណើតរយៈពេល២ខែមកហើយ ដែលធ្វើឲ្យលោក មានក្តីនឹករលឹកដល់គ្រួសារនៅស្រុកកំណើតជាខ្លាំង ។ ជាពិសេសនៅពេលដែល លោក ស៊ីណាក់ ស្តាប់បទចម្រៀងទាក់ទងនឹងបុណ្យចូលឆ្នាំខ្មែរ ។ ទន្ទឹមនឹងក្តីនឹករំលឹកនេះ លោកក៏ព្រួយបារម្ភទៅដល់ក្រុមគ្រួសារយ៉ាងពន់ពេក ខណៈស្ថានភាពជំងឺកូវីដ-១៩ កាន់តែរាលដាលខ្លាំង។
ទោះបីពលរដ្ឋទាំង៤នាក់ខាងលើ មិនអាចទៅស្រុកកំណើតក្តី ប៉ុន្តែពួកគេសុទ្ធតែអះអាងដូចគ្នាថា ពួកគេនឹងផ្ញើថវិកាខ្លះ ទៅក្រុមគ្រួសារនៅស្រុកកំណើតនាថ្ងៃចូលឆ្នាំខ្មែរនេះ និងវីដេអូខលទៅក្រុមគ្រួសារ ដើម្បីសួរទុក្ខ និងកាត់បន្ថយការនឹករលឹក។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំខ្មែរឆ្នាំនេះនឹងប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១ ក្រោមស្ថានភាពដ៏ស្ងប់ស្ងាត់ប្លែកខុសពីបុណ្យចូលឆ្នាំខ្មែរមុនៗ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្ត ដែលបង្គំចិត្តឲ្យពលរដ្ឋកាត់បន្ថយការជួបជុំ និងផ្អាករៀបចំកម្មវិធីនានា ដែលប្រមូលផ្តុំមនុស្សច្រើន។
រដ្ឋាភិបាលបានហាមឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងខេត្តចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។លើកលែងតែការធ្វើដំណើរចេញចូលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះ ដែលរដ្ឋាភិបាល អនុញ្ញាតក្នុងអំឡុងពេលនេះ។ រាល់វិធានការរបស់រដ្ឋាភិបាល ទាក់ទងនឹងបម្រាមធ្វើដំណើរ តែងមានការលើកលែងចំពោះករណីចាំបាច់មួយចំនួន៕