COVID-19
ជាតិ
បុរសបារាំងអាយុ៨៦ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា
14, Apr 2021 , 12:43 pm        
រូបភាព
អាជ្ញាធរ រៀបចំគ្រែនិងកន្លែង នៅមជ្ឈមណ្ឌលកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ រូប៖ AFP
អាជ្ញាធរ រៀបចំគ្រែនិងកន្លែង នៅមជ្ឈមណ្ឌលកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ រូប៖ AFP
បុរសជនជាតិបារាំងម្នាក់អាយុ៨៦ឆ្នាំ បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។



ក្រសួងសុខាភិបាល អះអាងថា បុរសជនជាតិបារាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅថ្ងៃទី១១ ខែមេសា តែបញ្ជូនទៅមិនទាន់ដល់មន្ទីរពេទ្យផង គាត់ ក៏ទទួលមរណភាព។ ក្រសួងសុខាភិបាល បន្តថា ក្រុមគ្រូពេទ្យ បានសំណាកពីសពបុរសជនជាតិបារាំងនោះ ទៅធ្វើតេស្ត ហើយលទ្ធផល ដែលបង្ហាញ គឺវិជ្ជមានកូវីដ-១៩។

ក្រសួងសុខាភិបាល បញ្ជាក់ថា៖«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ [គឺ] បុរសជនជាតិបារាំងអាយុ៨៦ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ»។

បុរសជនជាតិបារាំងនោះ មានអាសយដ្ឋាន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ កម្ពុជា មានមនុស្ស៣៥នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩៕

Tag:
 COVID-19
  ករណីស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com