សង្គមជាតិ
លោក បៃឌិន ប្រាប់លោក ពូទីន ឱ្យបន្ធូរស្ថានការណ៍នៅតាមព្រំដែនជាមួយអ៊ុយក្រែន
14, Apr 2021 , 7:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រាប់ឱ្យសមភាគីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដែលត្រូវបានមើលឃើញថា កំពុងតានតឹង ក្រោយរុស្ស៊ីបង្កើនវត្តមានយោធារបស់ខ្លួន។ មេដឹកនាំទាំងពីរ ក៏ព្រមព្រៀងរៀបចំជំនួបនៅប្រទេសទីបីណាមួយដើម្បីដោះស្រាយបញ្ហាផងដែរ។

 
មេដឹកនាំអាមេរិក និងរុស្ស៊ី បានជជែកគ្នាតាមទូរសព្ទជាមួយគ្នានៅថ្ងៃទី១៣ ខែមេសា ដោយបញ្ហាអ៊ុយក្រែនជាប្រធានបទសំខាន់។ នេះជាការសន្ទនាតាមទូរសព្ទលើកទីពីររវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ី ដែលធ្វើឡើងស្របពេលស្ថានការណ៍តាមបណ្ដោយព្រំដែនរុស្ស៊ី-អ៊ុយក្រែនតានតឹងខ្លាំង ដោយសារការបង្កើនវត្តមានយោធារបស់រុស្ស៊ី។
 
បើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន លោក ចូ បៃឌិន បានបង្ហាញក្ដីបារម្ភទាក់ទងការបង្កើនចំនួនទ័ពយ៉ាងរហ័សរបស់រុស្ស៊ីនៅតំបន់គ្រីមេ និងព្រំដែនជាមួយអ៊ុយក្រែន ហើយក៏ស្នើឱ្យលោក ពូទីន បន្ធូរភាពតានតឹង។ ប្រធានាធិបតីអាមេរិក ក៏បង្ហាញការតាំងចិត្តក្នុងការបង្កើតទំនាក់ទំនងមានស្ថិរភាព និងអាចទស្សទាយបានជាមួយរុស្ស៊ីដែលស្របតាមប្រយោជន៍អាមេរិក និងស្នើរៀបចំជំនួបកំពូលនៅប្រទេសទីបីណាមួយដើម្បីជជែកពីបញ្ហាដែលប្រទេសទាំងពីរជួបប្រទះ។
 
វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលលោក បៃឌិន ស្នើជួបលោក ពូទីន ផ្ទាល់បែបនេះ។ លោក ពូទីន ក៏ធ្លាប់ចង់ជួបលោក បៃឌិន ដែរតែតាមប្រព័ន្ធអនឡាញពេលលោក បៃឌិន ថា លោកជាឃាតករ។ មេដឹកនាំរុស្ស៊ីរូបនេះ ធ្លាប់មានជំនួបបែបនេះនៅឆ្នាំ២០១៨ ជាមួយលោក ដូណាល់ ត្រាំ នៅទឹកដីហ្វាំងឡង់។ អ្នកនាំពាក្យសេតវិមាន Jen Psaki បញ្ជាក់ថា ជំនួបត្រូវបានស្នើហើយ ដែលអាចធ្វើនៅរដូវខាងមុខ។
 
សេចក្ដីប្រកាសរបស់វិមានក្រេមឡាំងវិញបញ្ជាក់ថា រុស្ស៊ី និងអាមេរិកបង្ហាញការត្រៀមខ្លួនបន្តកិច្ចសន្ទនាលើបញ្ហាសំខាន់ដើម្បីធានាសន្តិសុខសាកលលោក។ សេចក្ដីប្រកាសដដែលក៏លើកឡើងពីសំណើរបស់លោក បៃឌិន តែមិនបញ្ជាក់ថា លោក ពូទីន ទទួលយកឬអត់ឡើយ។
 
ស្របពេលបារម្ភពីលទ្ធភាពដែលរុស្ស៊ីអាមេរិកបើកយុទ្ធនាការចូលអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេអ៊ុយក្រែន Dmytro Kuleba បានធ្វើដំណើរទៅកាន់ទីស្នាក់ការសម្ពន្ធយោធាណាតូ ដោយជួបមន្រ្តីជាន់ខ្ពស់ណាតូ ក៏ដូចជារដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន ផងដែរ។ លោក ប្ល៊ីងខិន ត្រូវបានរាយការណ៍ថា បង្ហាញការគាំទ្រលើទីក្រងកៀវ៕ 
 

Tag:
 អាមេរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com