ជាតិ
សង្គមជាតិ
ចូលឆ្នាំខ្មែរ៖ កម្មកររោងចក្រខ្លះ គ្មានថវិកាជូនឪពុកម្តាយនិងសាច់ញាតិនៅស្រុកកំណើត
14, Apr 2021 , 9:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កម្មកររោងចក្រខ្លះដែលជួបវិបត្តិដោយសារជំងឺកូវីដ-១៩មានការនឹករំលឹកដល់ក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើត និងសោកស្តាយដែលមិនមានថវិកាសម្រាប់ផ្ញើទៅក្រុមគ្រួសាររបស់ពួកគេនាថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

 
កញ្ញា ព្រំ សំណាង ជាកម្មការិនីរោងចក្រផ្នែកកាត់ដេរនៅរោងចក្រមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការសោកស្តាយដែលមិនអាចទៅលេងស្រុកកំណើតនៅខេត្តកំពតនាថ្ងៃចូលឆ្នាំខ្មែរនេះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យកញ្ញារឹតតែសោកស្តាយទៅទៀតនោះ គឺកញ្ញា មិនមានថវិកាសម្រាប់ផ្ញើជូនដល់ឪពុកម្តាយ និងសាច់ញាតិនៅស្រុកកំណើតឡើយ ដោយសារតែរោងចក្ររបស់កញ្ញាមិនមានការថែមម៉ោងសម្រាប់ឲ្យកញ្ញាបន្តធ្វើការសន្សំថវិកា។  
 

 
កញា ព្រំ សំណាង រៀបរាប់ថា៖«តាំងពីផ្ទុះជំងឺកូវីដ-១៩ហ្នឹងមក ខ្ញុំធ្វើការអត់សូវបានថែមម៉ោង ពេលបើកលុយមកគឺបានលុយតិច គ្រាន់តែបើកមកបង់ថ្លៃផ្ទះ ទឹក និងភ្លើងហ្នឹងគឺអស់ហើយ ហើយយើងទុកចាយ ទិញម្ហូប គឺអស់ហើយ។ ខ្ញុំអត់មានលុយឲ្យទៅឪពុកម្តាយសោះ។ តែបើរោងចក្រគាត់មានការថែមម៉ោង គឺយើងបានលុយតិចតួចឲ្យគាត់ដែរ»។ 
 
កញ្ញា ព្រំ សំណាង ប្រាប់ថា ថ្វីដ្បិត កញ្ញា មិនមានថវិកាសម្រាប់ផ្ញើជូនដល់ឪពុកម្តាយ  ប៉ុន្តែឪពុកម្តាយរបស់កញ្ញាក៏មិនមានការអាក់អន់ស្រពន់ចិត្តឡើយ គឺមានតែបង្ហាញក្តីបារម្ភចំពោះកញ្ញាដែលនៅធ្វើការនៅររាជធានីភ្នំពេញទៅវិញទេ។ 
 
សម្រាប់កម្មការិនីម្នាក់ទៀត គឺអ្នកស្រី កេត សារ៉ាត់ ក៏មិនខុសគ្នាពីកញ្ញា ព្រំ សំណាងដែរ។ ជាអ្នកចំណាកស្រុកពីខេត្តតាកែវមកធ្វើការជាកម្មការិនីរោងចក្រកាត់ដេរមួយកន្លែងនៅរាជធានីភ្នំពេញអ្នកស្រី កេត សារ៉ាត់ បាននិយាយថា អ្នកស្រីមិនដែលខកខានផ្ញើលុយទៅអ្នកផ្ទះនៅស្រុកកំណើតឡើយនាបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែ សម្រាប់ឆ្នាំ អ្នកស្រី ខកខាន ដោយសាររោងចក្ររបស់អ្នកស្រីផ្អាកឲ្យកម្មករធ្វើការមួយរយៈ ទើបធ្វើឲ្យអ្នកស្រីបង្វែរលុយទាំងអស់ទៅលើការផ្គត់ផ្គង់ជីវភាពប្រចំាថ្ងៃរបស់អ្នកស្រី រហូតទម្រាំដល់ថ្ងៃចូលធ្វើការវិញ។ 
 
អ្នកស្រី និយាយថា៖«ជារៀងរាល់ឆ្នាំឲ្យតែបុណ្យទាន គឺខ្ញុំតែងតែជូនលុយពួកគាត់ ប៉ុន្តែចូលឆ្នាំខ្មែរឆ្នាំនេះ អត់មានលុយជូនពួកគាត់ទេ គឺមានតែពួកគាត់ផ្ញើជាអង្ករមកវិញសម្រាប់សម្រួលជីវភាពរាល់ថ្ងៃរបស់ខ្ញុំ»។ 
 

 
ចំណែក កញ្ញា បូ នី ដែលជាកម្មការិនីរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ លើកឡើងថា កញ្ញា ក៏ជួបបញ្ហាការងារដែរ ប៉ុន្តែកញ្ញា នៅតែមានចិត្តចង់ផ្ញើលុយបន្តិចបន្តិចទៅឪពុកម្តាយនៅស្រុកកំណើត បើទោះបីខ្លួនមានការខ្វះខាតយ៉ាងណាក្តី។ 
 
កញ្ញា បូ នី ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង និយាយថា៖«ការពិតទៅ ឪពុកម្តាយខ្ញុំមិនចង់ឲ្យខ្ញុំផ្ញើលុយទៅគាត់ទេ ប៉ុន្តែនេះជាទឹកចិត្តរបស់ខ្ញុំសម្រាប់ជូនគាត់នៅថ្ងៃបុណ្យទាន។ គាត់ថាឲ្យខ្ញុំទុកលុយហ្នឹងទៅ បើខ្ញុំពិបាក ប៉ុន្តែខ្ញុំថាអត់ទេគឺត្រូវតែជូនពួកគាត់ ទោះបីតិចក្តី ច្រើនក្តី»។ 
 


 
ទោះបីកម្មការិនីទាំងបីនាក់ខាងលើនេះ សុទ្ធតែអះអាងថា ពួកគេ តែងតែបង្ហាញក្តីនឹករលឹកទៅ ក្រុមគ្រួសារ តាមរយៈវីដេអូខលនៃបណ្តាញសង្គម ដូចជា ហ្វេសប៊ុក ជាដើម។  
 
បុណ្យចូលឆ្នាំខ្មែរ ប្រារព្ធឡើងនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២១។ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរលើកនេះ រដ្ឋាភិបាល មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងរាជធានី-ខេត្តឡើយ និងអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំពិធីជួបជុំក្នុងផ្ទះរៀងៗខ្លួន ដោយចៀសវាងចេញក្រៅនិងជួបជុំស៊ីផឹក ដើម្បីទបស្កាត់ការរាលដាលជំងឺកូវីដ-១៩៕
 

Tag:
 កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com