ជាតិ
សង្រ្កាន្តឆ្នាំថ្មី
យុវជនខ្លះ យល់ថា ជាការល្អ ដែលមិនទៅស្រុក ព្រោះចៀសវាងចម្លងកូវីដ-១៩ ទៅគ្រួសារ
14, Apr 2021 , 11:19 am        
រូបភាព
ដោយ:
ឆ្នាំនេះ ជាឆ្នាំទី២ហើយ ដែលប្រជាជនខ្មែរជាច្រើនមិនបានទៅចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនៅស្រុកកំណើត ដោយសារជំងឺកូវីដ-១៩។ យុវជនមួយចំនួនយល់ថា ការមិនទៅស្រុកកំណើតក្នុងដំណាក់កាលនេះ គឺជារឿងល្អ ព្រោះខ្លួនមិនចាំបាច់បារម្ភពីការនាំជំងឺទៅអ្នកផ្ទះ ហើយពួកគេក៏អាចជួបជុំបងប្អូនវិញនៅឆ្នាំក្រោយៗទៀត ពេលជំងឺកូវីដ-១៩ បានធូរស្រាល។

 
យុវជនដែលបន្តការសិក្សា និងធ្វើការនៅឆ្ងាយពីផ្ទះ តែងរងចាំពិធីបុណ្យទាននានា ដែលខ្លួនអាចមានពេលឈប់សម្រាក ដើម្បីទៅជួបជុំគ្រួសារនៅស្រុកកំណើត។ ប៉ុន្តែ ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យប្រជាពលរដ្ឋទូទៅ មិនអាចត្រឡប់ទៅជួបគ្រួសារនៅស្រុកកំណើត។ ដ្បិតមានចិត្តនឹករលឹកគ្រួសារយ៉ាងខ្លាំង ប៉ុន្តែយុវជនមួយចំនួនសម្រេចចិត្តមិនទៅស្រុកកំណើតក្នុងបរិបទកូវីដ-១៩ ដើម្បីសុវត្ថិភាពគ្រួសារ។
 

កញ្ញា ប៊ូ សុភា

កញ្ញា ប៊ូ សុភា និស្សិតឆ្នាំទី៤ មានស្រុកកំណើតនៅខេត្តតាកែវ បានរៀបរាប់ថា ដោយសារការរាលដាលជំងឺកូវីដ-១៩ កញ្ញាមិនបានទៅចូលឆ្នាំជាមួយអ្នកផ្ទះចំនួន២ឆ្នាំមកហើយ។ 
យុវតីវ័យ២១ឆ្នាំរូបនេះ និយាយថាថា៖«ខ្ញុំខានទៅចូលឆ្នាំជាមួយគ្រួសារ ២ឆ្នាំហើយតាំងពីមានកូវីដមក។ សម្រាប់ខ្ញុំមិនសូវសប្បាយចិត្តទេ ដោយសារចូលឆ្នាំជាបុណ្យប្រពៃណីជាតិយើង ហើយយើងឈប់បានច្រើនថ្ងៃ ដែលអាចឱ្យយើងបានជួបជុំគ្រួសារ និងមិត្តភក្តិបានយូរ ដែលជាពេលវេលាដ៏កក់ក្ដៅបំផុត។ គ្រាន់តែដឹងថាមិនបានទៅចូលរួមពិធីបុណ្យចូលឆ្នាំជាមួយគ្រួសារ គឺចង់យំតែ »។  
មិនខុសគ្នាប៉ុន្មាន យុវជន ហុងពិន ឌីម៉ង់ ដែលមកពីខេត្តកោះកុង បន្តការសិក្សានៅភ្នំពេញ រយៈពេលជិត៤ឆ្នាំមកហើយនោះ បានបង្ហាញក្ដីនឹករលឹកដល់គ្រួសារយ៉ាងខ្លាំង។ យុវជនរូបនេះ ប្រាប់ថា នេះជាលើទី១ហើយ ដែលមិនបានជួបជុំគ្រួសារក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ។ 
ឌីម៉ង់ រៀបរាប់ថា៖«ពេលអត់បានទៅចូលឆ្នាំនៅផ្ទះអ៊ីចឹង ខ្ញុំមានអារម្មណ៍ថានឹកពួកគាត់ ធ្លាប់តែសែនជុំគ្នា ជួយរៀបចំផ្ទះ ធ្លាប់តែជួបជុំបងប្អូន ញ៉ាំបាយជុំគ្នា។ នឹកពេលជួយធ្វើម្ហូបម៉ាក់ ទៅវត្តជាមួយគ្រួសារ និងទៅលេងផ្ទះតាយាយ »។ 


លោក ​ហុង ពិន ឌីម៉ង់
 
ចំពោះកញ្ញា ឈឿង ប៉ូលីណា វិញ ទើបមកបន្តការសិក្សានៅភ្នំពេញរយៈពេលជិត២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ លើកឡើងថា នេះជាលើកទីមួយ ដែលយុវតីរូបនេះមិនបានចូលឆ្នាំជាមួយគ្រួសារ។ យុវតីរូបនេះ បង្ហាញពីអារម្មណ៍ថា៖« មានអារម្មណ៍ថាឯកាព្រោះនៅឆ្ងាយពីគ្រួសារ ហើយនៅជាមួយមិត្តរួមបន្ទប់តែបីនាក់មិនដូចកាលដែលមិនមានកូវីដ យើងអាចជួបជុំគ្រួសារ បានចំណាយពេលជាមួយគ្រួសារបង្កើនភាពរីករាយ តែផ្ទុយទៅវិញគឺត្រូវរក្សាគម្លាតពីគ្រួសារ និងអ្នកស្គាល់គ្នាគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុង »។ 
 
ទោះមានអារម្មណ៍នឹករលឹកគ្រួសារ និងស្រុកកំណើត ប៉ុន្តែយុវជនទាំង៣ យល់ថា ការមិនជួបជុំគ្រួសារ ក្នុងបរិបទកូវីដ-១៩ គឺជារឿងល្អ ព្រោះខ្លួនបានរក្សាសុវត្ថិភាពគ្រួសារ និងរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាលផងដែរ។


  លោក ​ហុង ពិន ឌីម៉ង់ និងគ្រួសារ

និស្សិត ហុងពិន ឌីមង់ បង្ហាញការយល់ឃើញថា៖«ចំពោះការមិនទៅស្រុកកំណើតក្នុងពេលកូវីដ-១៩នេះ គឺខ្ញុំបានរួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ព្រោះបើយើងទៅផ្ទះ យើងអត់ដឹងថាយើងបានផ្ទុកកូវីដ-១៩ ឬក៏អត់ទេ។ បើសិនជាទៅ យើងអាចឆ្លងអ្នកផ្ទះ ឬអ្នកផ្ទះឆ្លងយើង ដែលនេះមិនមែនជារឿងល្អទេ អ៊ីចឹងសុខចិត្តនៅភ្នំពេញសិន ពេលកូវីដ-១៩ ចប់ខ្ញុំអាចទៅផ្ទះបាន។ ចូលឆ្នាំមិនមែនតែម្ដងទេ អ៊ីចឹងខ្ញុំអាចទៅផ្ទះឆ្នាំក្រោយបាន »។ 
 
សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែ ដោយមានការីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាល បានបិទការធ្វើដំណើរឆ្លងរាជធានី-ខេត្ត ដែលមិនអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើតបាន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕ 


 កញ្ញា ឈឿង ប៉ូលីណា

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com