ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖«មិនមែនជាពេល ដែលត្រូវបំបែកបំបាក់ខ្មែរ ដើម្បីបម្រើមហិច្ឆតានៃនិន្នាការណាមួយឡើយ»
14, Apr 2021 , 6:29 pm        
រូបភាព
លោក កឹម សុខា ដើរចូលតុលាការភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០ ដែលជំនុំជម្រះលើរូបលោក ក្រោមបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ រូប៖ AFP
លោក កឹម សុខា ដើរចូលតុលាការភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០ ដែលជំនុំជម្រះលើរូបលោក ក្រោមបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ រូប៖ AFP
ដោយ: ថ្មីៗ
នាឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ លោក កឹម សុខា មេដឹកនាំក្រុមប្រឆាំង ដែលកំពុងមានវត្តមានលើទឹកដីកម្ពុជា តែមិនអាចនិយាយនិងធ្វើសកម្មភាពនយោបាយ បានបង្ហោះសារជូនពរឲ្យប្រជាពលរដ្ឋ ជួបតែសិរីសួស្តី ហើយលោក បានបួងសួងឲ្យប្រទេសកម្ពុជាទាំងមូល រួចផុតពីជំងឺកូវីដ-១៩។ ក្រៅពីការជូនពរ សាររបស់លោក ក៏បានរំលេចចេញនូវបំណងចង់ឲ្យមានការរួបរួមគ្នារវាងខ្មែរនិងខ្មែរផងដែរ ជាពិសេសក្នុងកាលៈទេសៈ ដែលកម្ពុជា កំពុងជួបការលំបាកដោយសារជំងឺកូវីដ-១៩។


តាមរយៈសារជូនពរ ចេញនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក កឹម សុខា ដែលត្រូវតុលាការចោទពីបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា៖«នេះ មិនមែនជាពេលវេលា ដែលត្រូវបំបែកបំបាកខ្មែរ ដើម្បីបម្រើមហិច្ឆតានៃនិន្នាការណានោះឡើយ។ សាមគ្គីធម៌នេះ គឺជាព្រះឱវាទដ៏ថ្លៃថ្លារបស់ព្រះសម្មាសម្ពុទ្ធ»។ លោក ថែមទាំងលើកពាក្យស្លោកទៀតថា៖«សាមគ្គីសុខ បែកបាក់ទុក្ខ សាមគ្គីរស់ បែកបាក់ស្លាប់ សាមគ្គីរឹងមាំ បែកបាក់ទន់ខ្សោយ»។ 
 
សារបស់មេដឹកនាំក្រុមប្រឆាំងរូបនេះ បង្កប់នូវធម៌អាថ៌ជាច្រើន។ លោក មានជំនឿថា ការសាមគ្គី ការផ្សះផ្សារ និង ការបង្រួបបង្រួម អាចកើតមានឡើងបាន លុះត្រាតែភាគីពាក់ព័ន្ធ ប្រកាន់យកព្រហ្មវិហារធម៌ និងជម្រុះចេញនូវលោភៈ ទោសៈ មោហៈ ព្រមទាំងអវិជ្ជា។ លោក ចាត់ទុក សាមគ្គីជាតិ ថាជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់ដោះស្រាយបញ្ហានានា ដែលកម្ពុជា កំពុងជួបប្រទះ និងអាចប្រឈមនៅពេលខាងមុខ។
 
លោក បន្តថា ការការពារអធិបតេយ្យ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការស្តារសេដ្ឋកិច្ចជាតិ ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ការកសាងអនាគតអ្នកជំនាន់ក្រោយ និង ការកម្ចាត់ជំងឺកូវីដ-១៩ គឺសុទ្ធតែត្រូវការជាចាំបាច់នូវការរួបរួមសាមគ្គីគ្នា។ 
 
រំលេចសារទទូចឲ្យខ្មែរគ្រប់និន្នាការរួបរួមគ្នារួចហើយ លោក ងាកមកនិយាយពីបញ្ហាកូវីដ-១៩វិញ។ លោក បានអំពាវនាវឲ្យប្រជាពលរដ្ឋ ការពារខ្លួនពីជំងឺកូវីដ-១៩ និងបានសរសើរអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដែលប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោក ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ 
 
ឃ្លាចុងក្រោយបង្អស់ក្នុងសាររបស់លោក គឺលោក បានសរសេរជាភាសាបាលីថា សព្វេ សត្តា សុខិតា ហោន្តុ និទ្ទុក្ខា [ហោន្តុ] ដែលមានន័យថា សូមឲ្យសព្វសត្វបានសុខ និងរួចផុតទុក្ខ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com