ជាតិ
ស្វែងយល់ពីពិធីបុណ្យចូលឆ្នាំកម្ពុជានិងថៃ
13, Apr 2022 , 9:39 am        
រូបភាព
នៅរៀងរាល់ពាក់កណ្តាលខែមេសាជារៀងរាល់ឆ្នាំ ពិធីបុណ្យប្រពៃណីមួយតាមបែបព្រះពុទ្ធសាសនា ថេរវាទ ត្រូវបានគេរៀបចំប្រារព្ធឡើង នៅក្នុងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ។ នៅក្នុងប្រទេសថៃពិធីបុណ្យនេះត្រូវបានគេហៅជាភាសាថៃថា សង្ក្រាន្ត នៅកម្ពុជា គេហៅថា ចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងប្រទេសឡាវ គឺ Bun Pi Mai និងនៅមីយ៉ាន់ម៉ាគឺ Thingyang។ ប្រទេសនីមួយៗ បានកំណត់ឈ្មោះនៃពិធីបុណ្យខុសប្លែកគ្នា ដូច្នេះអត្ថន័យនៃពិធីបុណ្យនេះក៏ត្រូវបានគេកំណត់ប្លែកផ្សេងៗគ្នាផងដែរ។



ដូច្នេះហើយសូមប្រិយមិត្តអ្នកអានទាំងអស់ស្វែងយល់ថា ការរៀបចំ និងកំណត់ឈ្មោះនេះ បានបង្ហាញពីភាពខុសគ្នាបែបណាខ្លះទៅពីប្រទេសមួយទៅប្រទេសមួយនោះ៖
 
១. សម្រាប់ប្រទេសថៃ  គេហៅថា « សង្ក្រាន្ត»

ពាក្យថាសង្ក្រាន្តត្រូវបានគេស្គាល់ថាជាពិធីបុណ្យទឹកមួយ ដែលប្រជាជនថៃជឿជាក់ថា ទឹកអាចជួយជម្រះអោយអស់នូវឧបទ្រពចង្រៃ សំណាងអាក្រក់ជាដើមនោះ ដូច្នេះហើយទើបប្រជាជនថៃភាគច្រើននៅក្នុងពេលបុណ្យសង្ក្រាន្តនេះ ពួកគេចូលចិត្តបាចទឹកដាក់គ្នាទៅវិញទៅមក និងប៉ាតម្សៅគ្នាផងនោះ។ សង្ក្រាន្តចាប់ផ្តើមឡើងនៅថ្ងៃ១៣ខែមេសា ហើយនៅក្នុងអំឡុងចូលឆ្នាំ៣ថ្ងៃនេះ ប្រជាជនថៃចូលចិត្តជួបជុំក្រុមគ្រួសារ ហើយបោសម្អាតផ្ទះ ទៅវត្តដើម្បីសម្អាត និងស្រង់ព្រះជាដើមផងដែរ ដោយសាររយៈពេលនេះជាថ្ងៃឈប់សម្រាក។    
 
២. ប្រទេសកម្ពុជាគឺ «ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»

សម្រាប់កម្ពុជា គឺគេប្រើប្រាស់ពិធីបុណ្យចូលឆ្នាំថ្មី សម្រាប់តំណាងអោយពិធីបុណ្យប្រពៃណីមួយដែលត្រូវប្រារព្ធឡើងក្រោយបញ្ចប់រដូវច្រូតកាត់ ហើយវាជាពេលដែលប្រជាកសិករខ្មែរសម្រាកពីការធ្វើស្រែចម្ការមួយរយៈនោះ។ កាលពីអំឡុងសតវត្សទី ១៣ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីនេះ គេច្រើនរៀបចំឡើងនៅចុងខែវិច្ឆិការ ឬដើមខែធ្នូរ តែក្រោយមកនៅសម័យព្រះបាទជ័យវរ្ម័នទី៧ គេប្រារព្ធតាមខែដោយផ្អែកលើក្រោយបញ្ចប់រដូវច្រូតកាត់ជំនួសវិញ។សម្រាប់រដូចចូលឆ្នាំនៅកម្ពុជា ភាគច្រើនគេនាំគ្នាទៅវត្តទៅវ៉ា និងនាំគ្នាលេងល្បែងប្រជាប្រិយបុរាណខ្មែរនៅតាមទីសាធារណៈ ឬវត្តអារ៉ាមជាដើម។  ចំណែកនៅផ្ទះប្រជាជននីមួយគេតែងសង្កេតឃើញមានការបោសសម្អាត តុបតែងរៀបចំ បំពាក់ភ្លើងព៌ណលំអរ យ៉ាងល្អល្អះ រួមផ្សំជាមួយគ្រឿងដង្វាយទេព្តា និងផ្កាភ្ងីរ ទៀនធូប សាយក្លិនក្រអូបឈ្ងុយ គួរជាទីទាក់ទាញបំផុត។ ក្រៅពីនេះដែរ គេក៏សង្កេតឃើញមានការរៀបចំពិធីបុណ្យនៅតាមវត្តអារ៉ាម មានស្រង់ព្រះ ពូនភ្នំខ្សាច់ ភ្នំស្រូវជាដើមផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com