កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man City ឡើងទៅជួប PSG ឯ Real ប៉ះ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
15, Apr 2021 , 8:00 am        
រូបភាព
 
Manchester City ទទួលបានកៅអីទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ Borussia Dortmund ២-១ នៅជំនួបជើងទី២ វគ្គ៨ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី១៤ ខែមេសា។ Real Madrid ដែលស្មើម្ចាស់ផ្ទះ Liverpool ០-០ ក៏ឈានទៅវគ្គបន្តផងដែរ។



សម្រាប់ជំនួបជើងទី២ ក្រុមភ្ញៀវ Man City នៅតែអាចរកបានជ័យជម្នះ ២-១ លើក្រុម Dortmund ខណៈកាលពីជើងទី១ក៏បញ្ចប់ក្នុងលទ្ធផលដូចគ្នានេះដែរ។ Riyad Mahrez និង Phil Foden រកបានម្នាក់១គ្រាប់ឱ្យក្រុមមេឃខៀវ ឯមួយគ្រាប់របស់ក្រុមអាល្លឺម៉ង់សម្រេចបានដោយខ្សែប្រយុទ្ធ Jude Bellingham។

សរុបលទ្ធផលប្រកួតទាំងពីជើងនៅវគ្គ៨ក្រុមចុងក្រោយ ក្រុមរបស់លោក Pep Guardiola ឈ្នះ Dortmund ៤-២ និងទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវជួប Paris Saint-Germain។ PSG បានទម្លាក់ម្ចាស់ជើងឯក Bayern Munich នៅវគ្គ៨ក្រុម ក្នុងលទ្ធផលទាំងពីរជើង ៣-៣ (PSG មានគ្រាប់បាល់ចំណេញក្រៅដីល្អជាង)។

ដោយឡែក Real Madrid ដែលបានយកឈ្នះ Liverpool នៅជើងទី១ ក្នុងទឹកដីខ្លួន ដោយលទ្ធផល ៣-១ ក៏បានឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រផងដែរ បើទោះជើងទី២ទទួលបានលទ្ធផលស្មើ ០-០ក្តី។ ក្រុមលោក Zinedine Zidane ត្រូវប៉ះ Chelsea នៅវគ្គ៤ក្រុមចុងក្រោយ។ Chelsea យកឈ្នះ FC Porto ក្នុងលទ្ធផលទាំងពីរជើង ២-១។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ក្របខណ្ឌកំពូលអឺរ៉ុបរដូវកាល ២០២០-២១ នឹងចាប់ផ្តើមនៅរាត្រីថ្ងៃទី២៧ ខែមេសា ហើយជើងទីពីរធ្វើនៅថ្ងៃទី៤ ខែឧសភា៕




Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com