អន្តរជាតិ
តើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មអ្វីខ្លះលើកូរ៉េខាងជើង?
15, Apr 2021 , 10:59 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ រូបភាព៖ KCNA
ចាប់ពីដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) នៅក្នុងឆ្នាំ២០០៣ មក កូរ៉េខាងជើង បានរងទណ្ឌកម្មជាច្រើនលើកពីសំណាក់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(UNSC) និងបណ្តាប្រទេសផ្សេងទៀតដូចជា អាមេរិក។ ប៉ុន្តែក្នុងអត្ថបទនេះ ស្មេរសូមលើកយកតែការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខមកតែប៉ុណ្ណោះ។ តើUNSC បានដាក់ទណ្ឌកម្មអ្វីខ្លះ ទៅលើក្រុងព្យុងយ៉ាង?

 
ខាងក្រោមនេះ គឺជាសេចក្តីសម្រេច និងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានដាក់លើកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៧ ។ 
 
១. សេចក្តីសម្រេចលេខ ១៧១៨
 
នៅក្នុងឆ្នាំ២០០៦ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចលេខ១៧១៨ បន្ទាប់ពីកូរ៉េខាងជើង សាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូង។ សេចក្តីសម្រេចនេះ បានទាមទារឱ្យក្រុងព្យុងយ៉ាង វិលត្រលប់មកក្នុងសន្ធិសញ្ញាមិនរីកសាយនៃអាវុធនុយក្លេអ៊ែរវិញ ផ្អាកការធ្វើតេស្តលើមីស៊ីលបាលីស្ទិក និងលុបចោលកម្មវិធីនុយក្លេអ៊ែរ។ សេចក្តីសម្រេចមួយនេះ បានហាមឃាត់រដ្ឋសមាជិក ផ្គត់ផ្គង់ លក់ ឬផ្ទេរដោយផ្ទាល់ ឬមិនផ្ទាល់ ទៅឱ្យកូរ៉េខាងជើងនូវអាវុធធុនធ្ងន់ គ្រឿងសព្វាវុធផ្សេងៗ ដូចជាប្រព័ន្ធមីស៊ីល នាវាចម្បាំង យន្តហោះចម្បាំងជាដើម។ ជាមួយគ្នានេះ UNSC បានហាមឃាត់រដ្ឋនានា លក់សម្ភារ និងបច្ចេកវិទ្យា ដែលអាចឱ្យកូរ៉េខាងជើងអនុវត្តកម្មវិធីផលិតអាវុធដែលមានការបំផ្លាញធំធេង (WMD) និងសម្ភារប្រណិត។ 
 
២. សេចក្តីសម្រេចលេខ ១៨៧៤
 
នៅក្នុងឆ្នាំ២០០៩ ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចមួយទៀត បន្ទាប់ពីក្រុងព្យុងយ៉ាងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទីពីរ។ សេចក្តីសម្រេចនេះ បានទាមទារឱ្យកូរ៉េខាងជើងចូលរួម ក្នុងសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរដោយទូលំទូលាយ (CTBT)។ ស្របគ្នានេះ UNSC បានដាក់ទណ្ឌកម្មនាំចេញ នាំចូលអាវុធគ្រប់ប្រភេទ លើកលែងតែអាវុធធុនតូចប៉ុណ្ណោះ ប៉ុន្តែអាវុធប្រភេទនេះ ទាមទារឱ្យមានការជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខ។ 
 
៣. សេចក្តីសម្រេចលេខ២០៨៧
 
នៅដើមឆ្នាំ២០១៣ ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចលេខ២០៨៧ ដែលអំពាវនាវឱ្យរដ្ឋពាក់ព័ន្ធ បន្តឃ្លាំមើល ថាតើមានបុគ្គល ឬក្រុមហ៊ុនរកស៊ីជាមួយក្រុងព្យុងយ៉ាងឬយ៉ាងណា។ សេចក្តីសម្រេចនេះ ធ្វើឡើងដោយផ្អែកនឹងសេចក្តីសម្រេចចំនួនពីរខាងលើ បូករួមទាំងការបកស្រាយលើសិទ្ធិមួយចំនួនទាក់ទិននឹងការចាប់ ឬកម្ទេចចោលទំនិញ ដែលដឹកទៅកូរ៉េខាងជើង។ សេចក្តីសម្រេចដដែល បានកំណត់ពីទណ្ឌកម្មលើបុគ្គល ដែលរកស៊ីជាមួយកូរ៉េខាងជើង តាមរយៈការហាមឃាត់ការធ្វើដំណើរ  ការបង្កកទ្រព្យសម្បត្តិលើបុគ្គល និងអាជីវកម្មផ្សេងៗ។ 
 
រូបភាព៖ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ U.N. Security Council
 
៤. សេចក្តីសម្រេចលេខ ២០៩៤
 
ក្នុងខែមីនា ឆ្នាំ២០១៣ ដដែល UNSC បានដាក់ចេញសេចក្តីសម្រេចលេខ ២០៩៤ ដើម្បីឆ្លើយតបនឹងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទីបីរបស់កូរ៉េខាងជើង។ ជាថ្មីម្តងទៀត ក្រុមប្រឹក្សាសន្តិសុខ បានហាមឃាត់កូរ៉េខាងជើងនាំចូលបច្ចេកវិទ្យាដែលអាចប្រើបានពីរស្តង់ដា(Dual-Use) និងទំនិញប្រណិតផ្សេងទៀត។ លើសពីនេះ សេចក្តីសម្រេច បានហាមឃាត់កូរ៉េខាងជើងពីការផ្ទេរប្រាក់ និងមានទំនាក់ទំនងជាមួយប្រព័ន្ធធនាគារអន្តរជាតិផងដែរ។ 
 
៥. សេចក្តីសម្រេចលេខ ២២៧០
 
នៅក្នុងខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចលេខ ២២៧០ បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៤ និងបាញ់ផ្កាយរណបទៅលំហអាកាសជាលើកទីពីរ។ ក្នុងសេចក្តីសម្រេចនេះ UNSC បានហាមឃាត់រដ្ឋសមាជិក UN បញ្ជូនអ្នកជំនាញទៅកូរ៉េខាងជើង ឬហ្វឹកហាត់ជនជាតិកូរ៉េខាងជើង ហាមឃាត់ការនាំចេញចូលអាវុធធន់តូច និងដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១៦រូប និងក្រុមហ៊ុនចំនួន ១២ តាមរយៈការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរ។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខ បានហាមឃាត់សមាជិកអង្គការសហប្រជាជាតិ ទទួលស្ថាប័នហិរញ្ញវត្ថុកូរ៉េខាងជើងឱ្យរកស៊ីក្នុងប្រទេស និងមិនឱ្យរដ្ឋបើស្ថាប័នហិរញ្ញវត្ថុនៅកូរ៉េខាងជើង។
 
៦. សេចក្តីសម្រេចលេខ២៣២១
 
នៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខ បានដាក់ចេញទណ្ឌកម្មបន្ថែមទៀត បន្ទាប់ពីកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៥។ សេចក្តីសម្រេចលេខ២៣២១ បានហាមឃាត់កូរ៉េខាងជើងនាំចេញធាតុកម្រដូចជាទង់ដែង នីកែល និងប្រាក់។ ទន្ទឹមនេះ UNSC ក៏បានរឹតត្បិតក្រុងព្យុងយ៉ាងលក់រូបចម្លាក់ លក់ដែក ឬរ៉ែដែក និងបរិមាណធ្យូងថ្មដ៏ច្រើន បូករួមការការកម្រិតគណនីធនាគារបស់អ្នកការទូតកូរ៉េខាងជើង និងផ្អាកកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងវិទ្យាសាស្រ្តរវាងកូរ៉េខាងជើង និងរដ្ឋដទៃ។ 
 
៧. សេចក្តីសម្រេចលេខ ២៣៧១
 
នៅក្នុងខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេចលេខ ២៣៧១ ដើម្បីឆ្លើយតបនឹងការសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM)។ សេចក្តីសម្រេចនេះ បានរឹតត្បិតក្រុងព្យុងយ៉ាងនាំចេញធ្យូថ្ម ដែក គ្រឿងសមុទ្រ និងរ៉ែសំណ បូករួមទាំងការហាមឃាត់មិនឱ្យរដ្ឋ ទទួលពលករជាជនជាតិកូរ៉េខាងជើងបន្ថែម។ 
 
រូបភាព៖ មីស៊ីលមួយប្រភេទ ដែលត្រូវបានកូរ៉េខាងជើងដាក់បង្ហាញនៅក្នុងខួប១០៥ឆ្នាំ របស់អតីតមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលសុង ក្នុងឆ្នាំ២០១៧។ រូបភាព៖ AP
 
៨. សេចក្តីសម្រេចលេខ ២៣៧៥
 
មួយខែបន្ទាប់ សេចក្តីសម្រេច ២៣៧៥ ត្រូវបានក្រុមប្រឹក្សាសន្តិសុខអនុម័ត ដោយសារកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦។ សេចក្តីសម្រេចនេះ បានហាមឃាត់កូរ៉េខាងជើង នាំចេញផលិតផលវាយនភ័ណ្ឌ អាចនាំចូលប្រេងចម្រាញ់រួច ២លានបារ៉ែលក្នុងមួយឆ្នាំ បង្កកបរិមាណនាំចេញប្រេងឆៅ និងហាមឃាត់រដ្ឋមិនឱ្យទទួលពលរដ្ឋកូរ៉េខាងជើងធ្វើការរហូតទាល់តែមានការសម្រេចពីក្រុមប្រឹក្សា។ 
 
៩. សេចក្តីសម្រេចលេខ ២៣៧៩
 


មីស៊ីលមួយប្រភេទ ដែលត្រូវបានកូរ៉េខាងជើងដាក់បង្ហាញនៅក្នុងខួប១០៥ឆ្នាំ របស់អតីតមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលសុង ក្នុងឆ្នាំ២០១៧។ រូបភាព៖ AP

នៅចុងឆ្នាំ២០៧៩ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានដាក់ចេញសេចក្តីសម្រេចលេខ ២៣៩៧ ដែលជាសេចក្តីសម្រេចចុងក្រោយមកលើកូរ៉េខាងជើង ដើម្បីឆ្លើយតបនឹងការសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប។ ក្នុងសេចក្តីសម្រេចនេះ ក្រុមប្រឹក្សាសន្តិសុខ បានកម្រិតកូរ៉េខាងជើង អាចនាំចូលប្រេងចម្រាញ់រួចត្រឹម ៥០ម៉ឺនបារ៉ែលក្នុងមួយឆ្នាំ និងនាំចូលប្រេងឆៅ ៤លានបារ៉ែលក្នុងមួយឆ្នាំ និងបញ្ជាឱ្យរដ្ឋសមាជិកUN បណ្តេញចេញពលករកូរ៉េខាងជើងក្នុងរយៈពេល ២ឆ្នាំយ៉ាងយូរ បន្ទាប់ពីចេញសេចក្តីសម្រេច។ លើសពីនេះ សេចក្តីសម្រេចដដែលនេះ ក៏បានហាមឃាត់កូរ៉េខាងជើង មិនឱ្យនាំចេញអាហារ ផលិតផលកសិកម្ម ឧបករណ៍អេឡិចត្រូនិច នាំចូលមាស៊ីនធន់ធ្ងន់ ឧបករណ៍ឧស្សាហកម្ម និងរថយន្តជាដើម៕ 
 
 
ប្រភព
១. Arms Control Association: https://www.armscontrol.org/factsheets/UN-Security-Council-Resolutions-on-North-Korea
 
២. Council on Foreign Relations: https://www.cfr.org/backgrounder/what-know-about-sanctions-north-korea 
 

Tag:
 កូរ៉េខាងជើង
  UN
© រក្សាសិទ្ធិដោយ thmeythmey.com