COVID-19
អន្តរជាតិ
ឥណ្ឌា មានករណីឆ្លងកូវីដ-១៩ ហក់ឡើងដល់ ២០ម៉ឺនករណីក្នុងមួយថ្ងៃ
15, Apr 2021 , 3:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ឥណ្ឌា មានករណីឆ្លងកូវីដ-១៩ ហក់ឡើងដល់ ២០ម៉ឺនករណីក្នុងមួយថ្ងៃ។ ចំនួនដ៏ច្រើនបែបនេះ កំពុងធ្វើឱ្យឥណ្ឌាខ្វះឧបករណ៍វេជ្ជសាស្រ្តជាច្រើនដូចជា អុកស៊ីសែន គ្រែអ្នកជំងឺ សម្រាប់អ្នកផ្ទុកកូវីដ-១៩។ នេះបើតាមរបាយការណ៍នៅថ្ងៃទី១៥ ខែមេសា។

 
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅឥណ្ឌា បានហក់ឡើងកាន់តែច្រើន រហូតដល់លើស១០ម៉ឺនករណីក្នុងមួយថ្ងៃ។ ដោយផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឥណ្ឌាមានករណីឆ្លងប្រចាំថ្ងៃចំនួន ២០០៧៣៩ករណី និងអ្នកស្លាប់មានចំនួន ១០៣៨នាក់។ 
 
កន្លែងដែលមានករណីឆ្លង និងផ្ទុះខ្លាំងជាងគេ គឺនៅក្នុងរដ្ឋMaharashtra ដែលកន្លងមក ត្រូវបានអាជ្ញាធរសុខាភិបាលរកឃើញថា មានកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី។ ដោយសារតែករណីហក់ឡើងច្រើនក្នុង៨ថ្ងៃចុងក្រោយ វាបានធ្វើឱ្យរដ្ឋ Maharashtra និងតំបន់ផ្សេងទៀត កំពុងជួបនឹងបញ្ហាវិបាកជាច្រើន ដូចជាខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ និងអុកស៊ីសែនជាដើម។ ពេលនេះ ក្រសួងសុខាភិបាលឥណ្ឌា កំពុងពន្លឿនការផលិតអុកស៊ីសែនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ឱ្យមន្ទីរពេទ្យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«ស្ថានភាពពិតជាអាក្រក់ណាស់»។ លោក Avinash Gawande មន្រ្តីនៅវិទ្យាស្ថាន Government Medical College and Hospital ក្នុងរដ្ឋ Maharashtra បានលើកឡើងបែបនេះ ដោយបន្ថែមថា មានអ្នកជំងឺជាច្រើនទៀត មិនទាន់មានកន្លែងព្យាបាល។ 
 
ស្របពេលមានករណីឆ្លងហក់ឡើងបែបនេះ ប្រជាជនឥណ្ឌាជាច្រើនពាន់នាក់ បានទៅទន្លេ River Ganges ដើម្បីប្រារព្ធពិធីសាសនាមួយ។ បន្ទាប់ពីពិធីបុណ្យសាសនានេះ មនស្សយ៉ាងហោចណាស់ ១០០០នាក់ មានផ្ទុកវិជ្ជមាននៃកូវីដ-១៩ ក្នុងរយៈពេល ៤៨ម៉ោង។ 
 
គិតមកត្រឹមពេលនេះ ឥណ្ឌាមានករណីឆ្លងសរុបចំនួនជាង ១៤លានករណី និងអ្នកស្លាប់មានចំនួនជាង ១៧ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១២លាននាក់៕ 
 

Tag:
 ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com