កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool សូមទោស Real Madrid ក្រោយអ្នកគាំទ្រខ្លួនវាយឡានក្រុមគូប្រជែង
× ក្លិប Liverpool បានសុំទោសដល់គូប្រជែង Real Madrid បន្ទាប់ពីក្រុមអ្នកគាំទ្រខ្លួនគប់កញ្ចក់រថយន្តក្រុងដឹកក្រុមកីឡាកររងការខូចខាតយ៉ាងដំណំ អំឡុងពេលពួកគេធ្វើដំណើរទៅដល់ Anfield សម្រាប់ការប្រកួតជើងទី២ វគ្គ៨ ក្រុមចុងក្រោយ Champions League នារាត្រីថ្ងៃទី១៤ ខែមេសា។
«យើងសូមថ្កោលទោសចំពោះសកម្មភាពដែលបណ្តាលឱ្យរថយន្ដក្រុងរបស់ក្រុម Real Madrid រងការខូចខាតនៅពេលមកដល់មុខកីឡដ្ឋាន Anfield»។ នេះជាការរៀបរាប់របស់ក្លិបហង្សក្រហម ដោយបន្ថែមថានេះជាអាកប្បកិរិយារបស់អ្នកគាំទ្រខ្លួនដែលមិនអាចទទួលយកបាន និងគួរឱ្យអាម៉ាស់បំផុតសម្រាប់ក្លិប។
វីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram បង្ហាញពីអ្នកគាំទ្រ Liverpool ប្រហែល១០០នាក់ អ្នកខ្លះកាន់គុបភ្លើង កាន់ដុំថ្ម វាយទៅលើរថយន្តក្រុមគូប្រជែងយ៉ាងអនាធិបតេយ្យ បើទោះមានការរិតត្បិតមិនឱ្យមានការប្រមូលផ្តុំដើម្បីបង្កាជំងឺកូវីដ-១៩ក៏ដោយ។
Liverpool សំទោសទៅកាន់ក្រុមភ្ញៀវចំពោះការភិតភ័យដែលបង្កឡើងដោយអ្នកគាំទ្រខ្លួន និងទទួលកំហុសគ្រប់បែបយ៉ាង។ ហង្សក្រហមសន្យាដោះស្រាយករណីដដែលៗរបស់អ្នកគាំទ្រ ដោយសហកាជាមួយប៉ូលីសក្រុម Merseyside ដើម្បីកំណត់អត្តសញ្ញាណជនបង្ក។
ទោះមានការគំរាមមុនការប្រកួតក្តី ប៉ុន្តែនាជំនួបជើងទី២ វគ្គ៨ក្រុមចុងក្រោយ ក្រុមម្ចាស់ផ្ទះ Liverpool ប្រកួតបានត្រឹមស្មើជាមួយ Real Madrid ដោយលទ្ធផល ០-០ ប៉ុណ្ណោះ ខណៈកាលពីជើងទី១ ក្រុមយក្សអេស្ប៉ាញឈ្នះដល់ទៅ ៣-១។
Liverpool ហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយនៃក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលនេះ ខណៈ Real Madrid បានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះជាមួយក្រុម Chelsea៕
© រក្សាសិទ្ធិដោយ thmeythmey.com