ជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា ប្រាប់ពលរដ្ឋកុំឱ្យរឿងខ្វះស្រូវអង្ករ ដែលនាំឱ្យឈ្មួញឡើងថ្លៃ គ្រាភ្នំពេញ និងក្រុងតាខ្មៅបិទខ្ទប់
15, Apr 2021 , 4:59 pm        
រូបភាព
ដោយ:
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម  អំពាវនាវឱ្យប្រជាពលរដ្ឋកុំបារម្ភរឿងកង្វះស្រូវអង្ករ ដែលអាចធ្វើឱ្យឈ្មួញឆ្លៀតឱកាសដំឡើងថ្លៃអង្ករ ក្នុងពេលភ្នំពេញ និងក្រុងតាខ្មៅត្រូវបានបិទខ្ទប់ ។ កម្ពុជាមានស្រូវបរិមាណសន្និធិគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងអាចនាំចេញផងដែរ។



បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាមានស្រូវអង្ករ ដែលបានសន្សំជាង ២.៥លានហិកតា។ ចំណែកស្រូវរដូវប្រាំងជាង ១លានហិកតា កំពុងប្រមូលផលបាន ៩០ភាគរយ​ ដែលទិន្នន័យនេះអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ និងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេស។
 
ក្នុងពេលរាជរដ្ឋាភិបាលសម្រេចឱ្យមានការបិទខ្ទប់ រាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបញ្ចេញអង្ករលក់បន្ថែមទៀត លើទីតាំងដែលមានស្រាប់។ សម្រាប់តម្លៃអង្ករមិនមែនការឡើងថ្លៃនោះទេ។ ដូច្នេះពលរដ្ឋកុំបារម្ភរឿងកង្វះស្រូវអង្ករ ហើយនាំគ្នាសម្រុកទិញ ដែលអាចធ្វើឱ្យឈ្មួញឆ្លៀតឱកាសដំឡើងថ្លៃអង្ករ ក្នុងពេលភ្នំពេញ និងក្រុងតាខ្មៅត្រូវបានបិទខ្ទប់នេះ ។ 
 
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទខ្ទប់រាជធានីភ្នំពេញ និងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់២៨ ខែមេសា ឆ្នាំ២០២១។ យ៉ាងណាមិញ រដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចេញទៅទិញទំនិញ ដែលជាតម្រូវការ ដោយក្នុងមួយគ្រួសារមិនអាចចេញលើសពី ២នាក់ និងមិនឱ្យលើស ៣ដង ក្នុងមួយសប្តាហ៍៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com