COVID-19
អន្តរជាតិ
ករណីកូវីដ-១៩ នៅថៃ នៅតែបន្តហក់ឡើង ខណៈពេលអាជ្ញាធរពិចារណាបិទតំបន់ជាថ្មី
15, Apr 2021 , 5:49 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ថៃ នៅថ្ងៃទី១៥ ខែមេសា បានរាយការណ៍ ករណីឆ្លងកូវីដ-១៩ ចំនួន ១៥៤៣ករណី។ ដោយសារករណីឆ្លងនៅតែបន្តហក់ឡើងបែបនេះ រដ្ឋាភិបាលថៃ កំពុងពិចារណាបិទតំបន់ជាថ្មី ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩ នៅក្នុងប្រទេស។

 
ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ នៅថ្ងៃទី១៥ ខែមេសា បានហក់ឡើងដល់ ១៥៤៣ករណី ដោយក្នុងនោះ ១៥៤០ករណី ជាករណីឆ្លងនៅក្នុងស្រុក និង៣ករណីទៀត គឺនាំចូលមកពីក្រៅប្រទេស។ តំបន់ដែលមានករណីឆ្លងខ្លាំងជាងគេ គឺទីក្រុងបាងកក ឈៀងម៉ៃ និងតំបន់ផ្សេងទៀត។ ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៣៧៤៥៣ករណី និងអ្នកស្លាប់មានចំនួន ៩៧នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៨៣៨៣នាក់។ 
 
«ចំនួននៃករណីឆ្លង កំពុងកើនឡើង»។ លោកChawetsan Namwat ប្រធានស្តីទីនៃការិយាល័យអាសន្នលើសុខភាពសាធារណៈ និងគ្រប់គ្រងជំងឺឆ្លង បានលើកឡើងបែបនេះ ដោយបន្ថែមថា ភាគច្រើននៃអ្នកជំងឺ គឺជាសមាជិកគ្រួសារនៃអ្នកផ្ទុកកូវីដ-១៩ និងអ្នកដែលមានពាក់ព័ន្ធនឹងកន្លែងមនុស្សច្រើនដូចជា កន្លែងកម្សាន្ត ជប់លាង កិច្ចប្រជុំ និងកន្លែងស្នាក់នៅរបស់និស្សិត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
ទាក់ទិននឹងករណីឆ្លងនេះ អាជ្ញាធរ បានទទូចឱ្យប្រជាជននៅក្នុងតំបន់ដែលមានអត្រាឆ្លងកូវីដ-១៩ ខ្លាំង ធ្វើការពីផ្ទះ បន្ទាប់ពីចប់ពិធីចូលឆ្នាំថ្មី ដើម្បីកាត់ផ្តាច់ករណីឆ្លងនៅក្នុងទីក្រុងបាងកក និងតំបន់ផ្សេងទៀត។ ចាប់តាំងពីផ្ទុះកូវីដ-១៩ជាថ្មីម្តងទៀតនៅដើមខែមេសា កូវីដ-១៩ បានរីកសាយរហូតទៅដល់ខេត្តចំនួន ៧៥ឯណោះ ខណៈមានតែពីរខេត្តប៉ុណ្ណោះ ដែលមិនទាន់មានករណីឆ្លង ក្នុងនោះមានដូចជា ខេត្ត Ranong និង ខេត្តSatun។
 
ទាក់ទិននឹងករណីឆ្លងបន្តហក់ឡើងបែបនេះ រដ្ឋាភិបាលថៃ កំពុងពិចារណា ពីលទ្ធភាពបិទតំបន់នៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញ ខេត្តឈៀងម៉ៃ និងខេត្តឈុនបុរីជាដើម។ បើតាមលោក Natthapon Nakpanich រដ្ឋលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ សេចក្តីស្នើបិទតំបន់ ត្រូវបានដាក់ទៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 ថៃ (CCSA) នៅថ្ងៃទី១៤ ខែមេសា រួចហើយ។
 
ប្រសិនគ្មានការប្រែប្រួលទេ CCSA នឹងពិភាក្សាពីបញ្ហាបិទតំបន់ នៅក្នុងថ្ងៃនេះ។ លើសពីនេះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ក៏នឹងចូលរួមកិច្ចប្រជុំCCSA មួយទៀត នៅថ្ងៃទី១៦ ខែមេសាផងដែរ ដើម្បីជជែកពីបញ្ហាបិទក្រុង និងវិធានការទប់ស្កាត់ការរីកសាយកូវីដ-១៩ បន្ថែមទៀត៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com