ជាតិ
ដ្បិតកូវីដ-១៩ រាតត្បាតក្តី តែផ្កាឈូកលោក អ៊ុក វិប៊ុយ នៅតែមានទីផ្សារ រាល់ថ្ងៃសីល និងបុណ្យទាន
15, Apr 2021 , 9:29 pm        
រូបភាព
ដោយ:
ទោះបីកូវីដ-១៩ រាតត្បាតក្តី តែវាមិនធ្វើឱ្យរបរដាំផ្កាឈូកលក់ របស់លោក អ៊ុក វិប៊ុយ បាត់បង់ទីផ្សារឡើយ។ អ្នកដាំផ្កាឈូកលក់ក្នុងខេត្តតាកែវរូបនេះ អាចលក់ផ្កាឈូករៀងរាល់ថ្ងៃសីល និងបុណ្យទានផ្សេងទៀត ចន្លោះពី៣០០ទៅ៥០០ដើម។

 
លោក អ៊ុក វិប៊ុយ បានដាំផ្កាឈូកចំនួន ២ស្រះ ដែលជាប្រភេទផ្កាឈូក ១០០ស្រទាប់។ បើតាមលោក វិប៊ុយ ផ្កាឈូកប្រភេទនេះ ស្រួលដាំ មិនសូវមានសត្វដង្កូវស៊ី និងមានផ្កាជាបន្តបន្ទាប់។ ជាពិសេសមានតម្លៃថ្លៃជាងផ្កាឈូកពូជខ្មែរ ដែលមានតម្លៃបានត្រឹម ១៥០រៀល ទៅ ២០០រៀល ក្នុងមួយដើម។
 
«តែ ៦ថ្ងៃបានកាត់ហើយ វាផ្កាបន្តបន្ទាប់ ហើយមិនពិបាកថែទេ យើងគ្រាន់តែឧស្សាហ៍បោចស្មៅ និងរុក្ខជាតិដែលដុះជុំវិញវាប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោក វិប៊ុយ ដែលបានរៀបរាប់ប្រាប់សារព័ត៌មានThmeThmey25 តាមទូរសព្ទថា ពូជផ្កាឈូក ១០០ស្រទាប់ មានភាពស្រស់ស្អាត និងទទួលបានផលច្រើនឲ្យតែដាំក្នុងដីភក់ល្បាប់។ 


រូបទាំងអស់បានពីលោក អ៊ុក វិប៊ុយ ផ្ដល់ឲ្យ 

ដ្បិតវិបត្តិកូវីដ-១៩ កំពុងបំផ្លាញសេដ្ឋកិច្ចជាតិ និងពលរដ្ឋក្តី តែវាមិនបានធ្វើឱ្យលោក អ៊ុក វិប៊ុយ មានការបារម្ភឡើយ ។ នោះក៏ព្រោះតែរបរដាំផ្កាឈូកលក់របស់លោក វិប៊ុយ នៅតែមានទីផ្សារ។ បើតាមលោក វិប៊ុយ ផ្កាឈូកលោក តែងតែមានតម្រូវការរាល់ថ្ងៃសីល និងថ្ងៃបុណ្យទាន ដោយមានឈ្មួញចុះទៅទិញផ្ទាល់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត។
 
«ផ្កាឈូកស្រួលលក់ណាស់ ឲ្យតែមានគេទិញអស់ៗ»។ នេះជាការអះអាងរបស់លោក វិប៊ុយ ដែលបានបន្ថែមថា លោកលក់ផ្កាឈូកនៅថ្ងៃសីល បាន២០០ទៅ៣០០ដើម ខណៈរដូវបុណ្យទាន ជាពិសេសថ្ងៃចូលឆ្នាំ លោកអាចលក់ផ្កាឈូកពី ៤០០ ទៅ ៥០០ដើម ដោយមានតម្លៃ ៣០០រៀល ទៅ ៤០០រៀល ក្នុងមួយដើម។
 
មុខរបរលក់ផ្កាឈូកនេះ បានផ្គត់ផ្គង់គ្រួសារលោក វិប៊ុយ ប្រមាណ ១០ឆ្នាំមកហើយ។ ទោះមុខរបរនេះកាក់កប និងបានចិញ្ចឹមគ្រួសារលោក វិប៊ុយ ជាច្រើនឆ្នាំក្តី ក៏អ្នកដាំផ្កាឈូករូបនេះ បានជ្រើសរបរបន្ទាប់បន្សំដូចជាការដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីទប់ទល់សេដ្ឋកិច្ចគ្រួសារទៀតផង៕
 


រូបទាំងអស់បានពីលោក អ៊ុក វិប៊ុយ ផ្ដល់ឲ្យ

ស្រះឈូករបស់លោក អ៊ុក វិប៊ុយ 

Tag:
 ផ្កាឈូក
 អ៊ុក វិប៊ុយ
© រក្សាសិទ្ធិដោយ thmeythmey.com